• 2019-09-03 03:50:00
  • ភាពយន្ត

ចូល​រួម​ដោយ​សេរី​! មហោ​ស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី ៨ នឹងប្រ​ព្រឹត្ត​ទៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ

  • 2019-09-03 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មហោ​ស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី ៨ ឆ្នាំ ២០១៩ បាន​រៀប​ចំ​ឡើង​នូវ​សន្និសីទ​សារ​ព័ត៌មាន​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី ០២ ខែ​កញ្ញា នៅ​ម​ជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា ក្រោម​វត្តមាន​របស់ លោក ហ៊ុយ សុជាតិ ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​នាយក​ដ្ឋាន​សិល្បៈ​ភាពយន្ត​ និង​ផ្សព្វផ្សាយ​វប្បធម៌​ និងលោក ស៊ុំ ស៊ីថែន ប្រធាន​មហោ​ស្រព​ឆ្នាំ ២០១៩ ព្រម​ទាំង លោក ជៀប សុវិជ្ជា តំណាង​គណៈមេ​ប្រយោគ​។

កម្មវិធី​សន្និសីទ​សារព័ត៌មាន​របស់ មហោ​ស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) ធ្វើ​ឡើង​ដើម្បី​ចែក​រំលែក​ព័ត៌មាន​សំខាន់ៗ និង​លក្ខណៈ​ពិសេស​របស់​កម្ម​វិធី​នៅ​ក្នុង​ឆ្នាំនេះ ជម្រាប​ជូន​ដល់​ដៃ​គូសហការ និង​ទស្សនិកជន​ដែល​តែង​តែ​គាំទ្រ​នូវ​ស្នាដៃ​របស់​ភាព​យន្ត​ខ្មែរ​ ក៏​ដូច​ជា​ CSFF ផ្ទាល់​។

ចំពោះ​ភាព​យន្ត​ណា​ដែល​បាន​ជាប់​នៅ​ក្នុង​កម្ម​វិធីនឹង​ទទួល​បាន​រង្វាន់​ដូច​ជា៖

១. ភាពយន្ត​ខ្លី​ឆ្នើម​របស់​កម្ពុជា៖ ទទួល​បាន​ទឹក​ប្រាក់ ១០០០ ដុល្លារ

២. ភាពយន្ត​ខ្លី​ឆ្នើម​បន្ទាប់​ពី​របស់​កម្ពុជា៖ ទទួល​បាន​ទឹក​ប្រាក់ ៥០០ ដុល្លារ

៣. រង្វាន់​ទស្សនិក​ជន​ដល់​ភាពយន្ត​ខ្លី​ក្នុង​ស្រុក៖ ទទួល​បាន​ទឹក​ប្រាក់ ៣០០ ដុល្លារ

៤. រង្វាន់​ទស្សនិក​ជន​ដល់​ភាពយន្ត​ខ្លី​អន្តរជាតិ៖ ទទួល​បាន​ទឹក​ប្រាក់ ៣០០ ដុល្លារ

៥. រង្វាន់​ «សិក្ខា​សាលា​ភាព​យន្ត​ឯកសារ​តាម​ខេត្ត» ៖ ទទួល​បាន​ទឹក​ប្រាក់ ៥០០ ដុល្លារ

៦. រង្វាន់ «ជំរំ​ភាព​យន្តឯកសារ» ៖ ទទួល​បាន​ទឹក​ប្រាក់ ៥០០ ដុល្លារ

ដោយ​ឡែក​ឆ្នាំ​នេះ ភាព​យន្ត​នឹង​ត្រូវ​ធ្វើ​ការ​បញ្ចាំង​នៅ​សាល​សន្និ​សីទ​ចតុ​ម្មុខ​តែ​មួយ​គត់ ចាប់​ពីថ្ងៃទី ០៥ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី ៨ ដែល​ទស្សនិកជន​អាច​ចូល​រួម​ទស្សនា​ភាព​យន្ត​ខ្លី​ខ្មែរ​និង​បរទេស​បាន​ដោយ​សេរី​ ហើយ​លោក​អ្នក​ក៏​អាច​ទៅ​យក​សំបុត្រ​នៅតាមទី​តាំង​ដូចជា៖ តាម​សាលា​រៀន សាកល​វិទ្យាល័យ​នានា ឬ ម​ជ្ឈមណ្ឌល​បុប្ផាណា​៕

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម