• 2019-09-11 03:02:09
  • ព័ត៌មាន

សារ៉ាយ សក្ខណា ប្រែ​រូប​សម្រស់​កាន់​តែ​ស្អាត ពេល​លេច​ដំណឹង​ជិត​បាន​មួយ​ទៀត

  • 2019-09-11 03:02:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង សារ៉ាយ សក្ខណា ដែល​ច្រើន​ឆ្នាំ​មក​ហើយ ជាប់​ឈ្មោះ​តារា​ស្រី​សម្បុរ​ស្រអែម ឥឡូវ​បាន​ប្ដូរ​សម្បុរ​មក​ស​ស្អាត សាច់​មុខ​ក៏​ខ្ចី​ជាង​មុន ស្រប​ពេល​ក៏​មាន​ដំណឹង​ថា នាង​បាន និង​កំពុង​តាំង​គភ៌​មួយ​ទៀត​ហើយ។

សក្ខណា ប្រែ​សម្បុរ​បន្តិច​ម្ដង​ៗ ពី​ស្រអែម​មក​ជា ស ក្រោយ​ពី​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ជាមួយ​ស្វាមី​ប៉ុន្មាន​ឆ្នាំ។ មួយ​ផ្នែក​ទៀត គឺ​ថា នាង​ក៏​ជា​ថៅកែ​ស្រី​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ធំ​មួយ​នៅ​ភ្នំពេញ​ដែរ។ យ៉ាង​ណា តារា​ស្រី​បញ្ជាក់​ថា នាង​មិន​បាន​កែ​សម្ផស្ស​អ្វី​នោះ​ទេ...អ្វី​ដែល​គួរ​កត់​សម្គាល់ គឺ​ថា ពេល​នេះ នាង​កំពុង​មាន​គភ៌​កូន​ទី​២​ទៀត ដែល​នាង​យល់​ថា អាច​មក​ពី​ឥទ្ធិពល​គភ៌​នេះ។

និយាយ​ពី​គភ៌​ដែល​បាន និង​កំពុង​តាំង​ក្នុង​ផ្ទៃ​របស់​នាង សក្ខណា បាន​ប្រាប់​ថា មាន​វ័យ​ចំនួន ២ខែ​ហើយ ប៉ុន្តែ​យ៉ាង​ណា មិន​ទាន់​ដឹង​ថា ស្រី​ឬ​ប្រុស​នៅ​ឡើយ​ទេ។ "២ខែ​ហើយ​បង តែ​អត់​ទាន់​ដឹង​ស្រី ដឹង​ប្រុស​ទេ គឺ​ពិនិត្យ​អត់​ទាន់​ដឹង...សម្រាប់​ខ្ញុំ​ចង់​បាន​កូន​ស្រី​មួយ​ទៀត តែ​បើ​ប្រុស​ក៏​បាន​ដែរ"។ សារ៉ាយ សក្ខណា ថ្លែង។

ជាមួយ​នឹង​ការ​មាន​គភ៌​កូន​ទី​២​នេះ សក្ខណា ប្រាប់​ថា ពេល​នេះ បាន​ផ្អាក​ទទួល​ការងារ​សិល្បៈ​ហើយ ដើម្បី​ទុក​ពេល​ឲ្យ​គភ៌​វិវត្ត​បាន​ល្អ។ ប៉ុន្តែ​២​ខែ​មុន គឺ​នាង​ទទួល​ការងារ​ច្រើន ពិសេស​គឺ​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ផ្សេង​ៗ បន្ទាប់​ពី​បាន​វិល​ចូល​ក្នុង​ស្រុក។ យ៉ាង​ណា នៅ​ថ្ងៃ​ទី ១៣ កញ្ញា នេះ​នាង​នឹង​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ​ហើយ គឺ​ទៅ​តែ​ម្នាក់​ឯង​ទេ ស្វាមី​ដែល​នៅ​ជាប់​ការងារ​នៅ​ឡើយ នឹង​ចេញ​ទៅ​តាម​ក្រោយ​ទៀត។

​សារ៉ាយ សក្ខណា បាន​រៀប​អាពាហ៍ពិពាហ៍​​កាល​ពី​ចុង​ឆ្នាំ​ ២០១៣ ជា​មួយ​លោក កែវ មន្ត្រី ជា​មេធាវី​អាណិកជន​មក​ពី​សហរដ្ឋ​អាមេរិក។ មួយ​ឆ្នាំ​ក្រោយ​មក នាង​ក៏​បាន​ចាក​ចេញ​ទៅ​រស់​នៅ​លើ​ទឹក​ដី​លោក​ដូណាល់​ត្រាំ​ជាមួយ​ស្វាមី។ នាង​បាន​ប្រសូត​បុត្រី​ដែល​ជា​កូន​ដំបូង​របស់​នាង​កាល​ពី​ឆ្នាំ ២០១៥។ ក្រោយ​ប្រសូត នាង និង​ស្វាមី បាន​ដាក់​ឈ្មោះ​ថា "Mataysia Keo” មាន​ន័យ​ថា "កាដូ​ទេវតា​ប្រទាន"។

ឥឡូវ​នេះ នាង​ក៏​បាន​តាំង​គភ៌​កូន​ទី​២​ទៀត ប៉ុន្តែ​ទើប​​តែ​មាន​វ័យ ២ខែ​នៅ​ឡើយ។ តាម​សភាព​ប្រែ​ជា​ស្អាត​ប្លែក​បែប​នេះ​នៅ​ពេល​មាន​គភ៌ តាម​ចាស់​ៗ​ដែល​ធ្លាប់​មាន​ពិសោធន៍​បាន​ឲ្យ​ដឹង គភ៌​នេះ គឺ​ជា​កូន​ស្រី។ តែ​យ៉ាង​ណា ចាំ​មើល​លទ្ធផល​ទាំង​អស់​គ្នា តាម​ការ​ពិនិត្យ​តាម​របៀប​វិទ្យាសាស្ត្រ ស្រប​ពេល សក្ខណា បញ្ជាក់​ថា នាង​គ្រោង​នឹង​ទៅ​ពិនិត្យ​ផ្ទៃ​តាម​ដាន​ពី​កូន ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ!៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម