• 2019-09-13 02:55:16
  • ព័ត៌មាន

ប៉ុន្មាន​ថ្ងៃ​មុន តារា​សម្ដែង ឆានុន រត់​ទៅ​បួស​ចោល​សង្សារ​សំណព្វ ឥឡូវ​ស្រាប់​តែ...

  • 2019-09-13 02:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស​ស្អាត​លោក ហុង មានុន ហៅ ឆានុន ត្រូវ​បាន​គេ​ឃើញ​ទៅ​កោរ​សក់ គ្រង​ស្បង់​ចីវរ សាង​ភ្នួស​ជា​ព្រះសង្ឃ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល កាល​ពី​ប៉ុន្មាន​ថ្ងៃ​នោះ ឥឡូវ​ស្រាប់​តែ​ដល់​ថ្ងៃ​កំណត់​ត្រូវ​វិល​វិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ សង្សារ​តារា​ប្រុស។

នៅ​មុន​នេះ មាន​ការ​ភ្ញាក់​ផ្អើល​សម្រាប់​ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​តារា​ប្រុស ដោយ​សារ​តែ​សុខ​ៗ ស្រាប់​តែ​ឃើញ​លោក​រត់​ទៅ​កោរ​សក់​អស់​ពី​ក្បាល​ហើយ​គ្រងចីវរ សាង​ផ្នួស​លោក​ព្រះ​សង្ឃ ដោយ​ទុក​ចោល​កញ្ញា ម៉ូលីកា ជា​សង្សារ​មួយ​អន្លើ។ បញ្ហា​នេះ នាំ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់ ក៏​ដូច​ជា​មន្ទិល​សង្ស័យ​លើ​ទំនាក់ទំនង​របស់​ពួក​គេ​ទាំង​ពីរ។ ម្យ៉ាង ការ​រត់​ទៅ​សាង​ផ្នួស​ស្ងាត់​ៗ​នេះ ក៏​ចំ​ពេល​ដែល​មុន​នេះ មាន​ព័ត៌មាន​ថា​ស្នេហា​លោក​ជាមួយ​កញ្ញា ម៉ូលីកា ជួប​ភាព​រង្គោះរង្គើ​ដែរ។

ចំពោះ​បញ្ហា​នេះ កញ្ញា ម៉ូលីកា បាន​ឲ្យ​ដឹង​ថា ជា​ការ​ពិត​ដែល​ថា មិត្ត​ប្រុស​របស់​នាង គឺ​​លោក ឆានុន ទៅ​សាង​ផ្នួស​ ដោយ​អ្វី​ដែល​ប្រិយមិត្ត​ឃើញ មិន​មែន​ជា​ការ​សម្ដែង​ណា​មួយ​នោះ​ទេ។ ប៉ុន្តែ​ជាមួយ​គ្នា អតីត​អ្នក​លក់​ជើង​មាន់​តាម​អនឡាញ បាន​បដិសេធថ ចំពោះ​ការ​សង្ស័យ​ដែល​ថា មិត្ត​ប្រុស​របស់​នាង រត់​ទៅ​បួស​ដោយ​សារ​រឿង​ស្នេហា ក៏​មាន​ទំនាស់​ណា​មួយ​ជាមួយ​នាង។

ឆានុន និង​ម្ដាយ

ម៉ូលីកា សង្កត់​ធ្ងន់​ថា មូលហេតុ​ចម្បង​ដែល ឆានុន ទៅ​បួស គឺ​ដើម្បី​សង​គុណ​ម្ដាយ​តែ​ប៉ុណ្ណោះ ហើយ​ថា​ ការ​បួស​នេះ ក៏​មាន​រយៈ​ពេល​ខ្លី​ដែរ។ "អត់​ទេ​បង អត់​មាន​រឿង​អី​ទេ គឺ​គាត់​បួស​ដើម្បី​សង​គុណ​ម្ដាយ​របស់​គាត់​ទេ ឥឡូវ​ដល់​ថ្ងៃ​គាត់​សឹក​វិញ​ហើយ!”។ ម៉ូលីកា ថ្លែង។

ស្រី​ស្អាត​សាច់​ស​ខ្ចី​ដូច​បណ្ដូល​ចេក បញ្ជាក់​ទៀត​ជុំ​វិញ​ទំនាក់​ទំនង​នាង​ជាមួយ​លោក ឆានុន ថា ពួក​គេ​នៅ​តែ​ជា​សង្សារ​នឹង​គ្នា​ដដែល ការ​ដែល​មិត្ត​ប្រុស​ទៅ​បួស មិន​មាន​ពាក់​ព័ន្ធ​ទំនាស់​ណា​មួយ​ក្នុង​ទំនាក់​ទំនង​មួយ​នេះ​ទេ។ យ៉ាង​ណា ស្រី​ស្អាត​ទទួល​ចំពោះ​បញ្ហា​ល្អក់​កករ​កន្លង​មក​រវាង​ពួក​នាង តែ​ថា ពួក​គេ​បាន​ផ្សះផ្សា​គ្នា​យូរ​ហើយ គឺ​តាំង​ពី​មុន​សង្សារ​នាង​ទៅ​សាង​ផ្នួស​ម្លេះ។

តាម​ការ​កំណត់ ឆានុន គឺ​ត្រូវ​សឹក​វិញ​នៅ​ថ្ងៃ​នេះ ក្រោយ​ពី​បំពេញ​កិច្ច​សង​គុណ​អ្នក​មាន​គុណ​គ្រប់​ចំនួន​៣​ថ្ងៃ។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រោយ​លា​ចាក​សិក្ខាបទ​លោក ឆានុន នឹង​បន្ត​ប្រឡូក​អាជីព​សម្ដែង​ដូច​មុន​ ក៏​ដូច​បន្ត​ថែ​រក្សា​ចំណង​ស្នេហ៍​ជាមួយ ម៉ូលីកា ដដែល។ ដោយ​ឡែក​ចំពោះ​គម្រោង​ធំ​ក្នុង​ជីវិត​គូ​វិញ តាម​ ម៉ូលីកា ដែល​ជា​អតីត​តារា​ចម្រៀងRockធ្លាប់​បាន​បង្ហើប​ថា នាង និង​សង្សារ​អាច​រៀបការ​នៅ​ឆ្នាំ ២០២០ ឬ ២០២១ ខាង​មុខ​នេះ៕

ឆានុន និង​ម៉ូលីកា គឺ​ជា​គូស្នេហ៍​វ័យ​ក្មេង​មួយ​គូ ដែល​មាន​ការ​តស៊ូ​ខ្ពស់​ជាមួយ​គ្នា។ ពួក​គេ​សុទ្ធ​តែ​មាន​ជីវភាព មិន​ជា​ប្រសើរ​ដូច​គ្នា ប៉ុន្តែ​មាន​ការ​តាំង​ចិត្ត​ខ្ពស់ ក្នុង​ការ​កសាង​ជីវិត ដោយ​ដំបូង​ឡើយ ពួក​គេ​មាន​ទុន​ត្រឹម​តែ ៣០០​ដុល្លារ​ប៉ុណ្ណោះ ទៅ​រក​ស៊ី​លក់​ជើង​មាន់​តាមOnlineហើយ​លោក ឆានុន ជា​អ្នក​ដឹក​អ៊ឺវ៉ាន់​តាម​ម៉ូតូ​យក​ឲ្យ​ភ្ញៀវ។

រាប់​ថា​សំណាង អាជីវកម្ម​របស់​ពួក​គេ​លក់​ដាច់​ខ្លាំង រហូត​មាន​ទុន​ខ្លះ​ទៅ​ពង្រីក​មុខ​របរ​បន្ត​បន្ទាប់ ចុង​ក្រោយ​បំផុត ម៉ូលីកា-ឆានុន បាន​សម្រេច​គោលដៅ​ធំ​បើក​ហាង​រក្សា​សម្រស់ "ម៉ូលីកា ខូស្មិកទិក” ដែល​បាន​ចំណាយ​ទុន​ដល់​ទៅ​ក្បែរ​១០​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

បន្ថែម​ពី​លើ​នេះ ពួក​គេ​បាន​ទិញ​រថយន្ត​ទំនើប​ដល់​ទៅ​២​គ្រឿង​ឯណោះ គឺ Lexus Rx450h និងRange Rover។ មួយ​វិញ​ទៀត នៅ​​មុន​ទៅ​សាង​ផ្នួស​នេះ ឆានុន ក៏​ត្រូវ​បាន​គេ​ឃើញ​បណ្ដើរ ម៉ូលីកា ទៅ​រក​មើល​ទិញ​ផ្ទះ​វិឡា​ថែម​ទៀត​ផង។ ប៉ុន្តែ​មិន​ទាន់​មាន​ដំណឹង​ថា ពួក​គេ​ទិញ​ផ្ទះ​ធំ​បាន ឬ​មិន​បាន​នៅ​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់