• 2019-09-19 02:52:03
  • ព័ត៌មាន

មុន​កម្មវិធី​មក​ដល់​យប់​ហ្នឹង បង្ហាញ​បេក្ខនារី​ស្អាត​ៗក្នុង​កម្មវិធី Miss Grand Cambodia ឆ្នាំ​នេះ

  • 2019-09-19 02:52:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​សម្រស់​មួយ​ទៀត​ហៅ​ថា Miss Grand Cambodia 2019 នឹង​បើក​ការ​​ប្រកួត​ផ្លូវ​ការ​នៅ​ល្ងាច​នេះ ប៉ុន្តែ​មុន​មក​ដល់​កម្មវិធី បេក្ខនារី​វ័យ​ក្មេង និង​ស្រស់​ស្អាត​របស់​កម្ពុជា​ច្រើន​រូប ត្រូវ​បាន​ធ្វើ​សនិ្នសីទ​បង្ហាញ​ជូន​វត្តមាន​របស់​​ពួក​គេ។

បេក្ខនារី​វ័យ​ក្មេង និង​ស្រស់​ស្អាត​របស់​កម្ពុជា​ចំនួន ២៩ នាក់ នឹង​ប្រជែង​សម្រស់ និង​សមត្ថភាព​ជាមួយ​គ្នា​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ជយលាភី ដែល​នឹង​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ការ​ប្រកួត​ដូច​គ្នា​នេះ​ទៀត​លើ​ឆាក​អន្តរជាតិ។ តាម​ការ​ឲ្យ​ដឹង​ពី​លោក មែ វិចិត្របុត្រ អ្នក​ចាត់​ការ​ទូទៅ​របស់ BKA Entertainment ដែល​​ជា​អ្នក​រៀប​ចំ បាន​ឲ្យ​ដឹង​ថា Miss Grand Cambodia បាន​ឈាន​មក​ដល់​រដូវ​កាល​ទី​៥ហើយ ហើយ​នៅ​ឆ្នាំ​នេះ បេក្ខភាព​ដែល​ចូល​រួម​ច្រើន​លើស​ឆ្នាំ​មុន។

លោក​ថា ឆ្នាំ​នេះ​កម្មវិធី​ទទួល​បាន​ការ​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​ពី​បេក្ខនារី​ចំនួន ៥០០​នាក់។ ប៉ុន្តែ​ក្រោយ​ពី​សម្រាំង​រួច មាន​តែ ២៩​នាក់​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​ឡើង​ឆាក​ត​ទល់​គ្នា​នៅ​ព្រលប់​នេះ ដែល​ពួក​គេ សុទ្ធ​តែ​ស្អាត​ៗ និង​មាន​គ្រប់​លក្ខខណ្ឌ​របស់​កម្មវិធី។ “អ្នក​ដែល​ឈ្នះ​ជយលាភី​ពី​កម្មវិធី​​នេះ នឹង​កា្លយ​ជា​តំណាង​របស់​កម្ពុជា​ទៅ​ប្រកួត​នៅ​ប្រទេស​វេណេហ្សុ៊យអេឡា ទៀត​ក្នុង​កម្មវិធី​​ដដែល​កម្រិត​អន្តរជាតិ”។ លោក វិចិត្រ​បុត្រ បន្ថែម។

ក្រៅ​ពី​កម្មវិធី​ខាង​លើ អ្នក​ផ្ដួច​ផ្ដើម​គំនិត​ដដែល បញ្ជាក់​ថា លោក​ក៏​បាន និង​កំពុង​រៀបចំ​ឯកសារ​ដាក់ជូន​កម្មវិធី​កម្រិត​អន្តរជាតិ​មួយទៀត​ ក្នុង​បំណង​សុំ​សិទ្ធិ​រៀបចំ​កម្មវិធី​ប្រកួត MISSWORLD CAMBODIA2019​ជា​ឆ្នាំ​ដំបូង​ផងដែរ។ លោក​លើក​ឡើង​ថា កម្មវិធី​ប្រកួត​ផ្នែក​សម្រស់​​ទាំង​២ ជា​វេទិកា​កិត្តិយស​ក្នុងការ​លើកតម្កើង​នូវ​សម្រស់​ដ៏​ស្រស់​សោភា តម្លៃ​នៃ​នារី​ខ្មែរ នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ ក៏​ដូច​ការនាំយក​នូវ​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ជាពិសេស​គឺ​បាន​ចូលរួម​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​នៃ​កម្ពុជា​ទៅកាន់​ពិភពលោក​ផងដែរ។

​នៅ​​ព្រលប់​ថ្ងៃ​ទី ១៩ នេះ មាន​ព្រឹត្តិការណ៍​ដល់​ទៅ​ពីរ​ដែល​នឹង​ប្រារព្ធ​កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ នោះ​គឺ កម្មវិធី​ប្រកួត KHMER SUPERMODEL Cycle 10 ជា​កម្មវិធី​ផ្សាយ​ផ្ទាល់ នៅ​ស្ទូ​ឌី​យ៉ូ​ធំ CTN នៅវេលា​ម៉ោង ៧​យប់​។​ មួយ​ទៀត គឺ​កម្មវិធី​ “MISS GRAND CAMBODIA 2019” នឹង​ចាប់​ផ្ដើម​នៅវេលា​ម៉ោង ៨​យប់ ពោល​គឺ ១ម៉ោង​បន្ទាប់​​ពី​ការ​ប្រកួត​ទី​១ ចាំ​មើល​ថា​តើ បេក្ខនារី​ស្រស់​ស្អាត​រូប​​ណា នឹង​អាច​ក្លាយ​ជា​តំណាង​កម្ពុជា​ឆ្ពោះ​ទៅ​វេទិកា​អន្តរជាតិ៕

រូបភាព៖សហការី

អត្ថបទ៖ ទារិកា

មតិយោបល់