• 2019-09-21 04:05:05
  • ព័ត៌មាន

បាត់​មុខ​ជិត ១០​ឆ្នាំ ឥឡូវ​អតីត​សមាជិក​ក្រុម High Rock ម្នាក់​​មក​វិញហើយ

  • 2019-09-21 04:05:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតសមាជិកក្រុម High Rock លោក ហេង កាន់ឌី បាន​បន្សាត់​ខ្លួន​ចេញ​ពី​សិល្បៈ​ជិត​១០​ឆ្នាំ​ទៅ​ហើយ​នោះ ឥឡូវ​នេះ​មាន​ដំណឹង​ថា លោក​បាន​វិល​មក​វិញ​ហើយ ដោយ​គ្រោង​នឹង​ចេញ​​បទ​ថ្មី​ថែម​ទៀត។

ធ្លាប់​ជា​ក្រុម​ចម្រៀង នៅ​​ពេល​នេះ ហេង កាន់ឌី ត្រឡប់​មក​វិញ ក៏​ជា​រូបភាព​ជា​ក្រុម​ដែរ ដោយ​ក្នុង​នោះ លោក​បាន​ចាប់​​ដៃ​ជាមួយ​នឹង​សិស្ស​​ប្អូន​២​រូប​ទៀត ដែល​ពួក​គេ​គឺ​ជា​​អតីត​ក្រុម Hi-Fi ផងដែរ។ កាន់ឌី ប្រាប់​​ថា កិច្ច​សហការ​របស់​ពួក​គេ​ទាំង​បី បាន​ដល់​ការ​ចាប់​បដិសន្ធិ​ក្រុម​ថ្មី​មួយ​ឈ្មោះ​ថា “3Trio” ឬ "ទ្រីអូ" មាន​ន័យ​ថា ៣​នាក់ នាំ​មក​ជាមួយ​បទ Original Song ដែល​នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

ហេង កាន់ឌី គឺ​ជា​អតីត​សមាជិក​ក្រុម​ចម្រៀង​យុវវ័យ ដែល​ល្បី​មួយ​កាល​ពី​ជាង ១០​ឆ្នាំ​មុន មាន​ឈ្មោះ​ហៅ​ថា ក្រុម "High Rock”។ លោក​បាន​ដក​ខ្លួន​ចេញ​ពី​​ក្រុម ក៏​ដូច​ជា​សិល្បៈ​ចម្រៀង​នៅ​ឆ្នាំ ២០១១។ ហេតុផល​ធំ​នៅ​ពេល​នោះ គឺ​លោក​ដក​ខ្លួន​ទៅ​ប្រឡូក​ជំនួញ យ៉ាង​ណា​ក៏​មិន​ចោល​សិល្បៈ​ចម្រៀង​ទាំង​ស្រុង​ដែរ ពោល​គឺ​លោក​នៅ​​តែ​ចេញ​ច្រៀង​តាម​កម្មវិធី​ឯកជន​នានា​ដដែល។

មក​ដល់​បច្ចុប្បន្ន​ត្បិត​ថា លោក​មិន​លេច​មុខ​ក្នុង​សិល្បៈ​ជា​​ចំហ​ដូច​ពី​អតីត ប៉ុន្តែ​លោក​គឺ​ជា​តារា​ចម្រៀង​ប្រចាំ​នៅ​សណ្ឋាគារ​​ណាហ្គាវើល។ ចំពោះ​ការ​វិល​ត្រឡប់​មក​វិញ​នៅ​ពេល​នេះ កាន់ឌី ប្រាប់​ថា សារ​តែ​មាន​ការ​ជំរុញ​ពី​មិត្ត​ភ័ក្ដិ និង​ក្រុម​គ្រួសារ ឲ្យ​វិល​មក​រក​សិល្បៈ​វិញ ទើប​លោក​ក៏​សម្រេច​វិល​វិញ​​តែ​ម្ដង។

ដូច​ប្រាប់​ពី​ខាង​លើ ត្រឡប់​មក​វិញ​លើក​នេះ ហេង កាន់ឌី បាន​នាំ​មក​ជាមួយ​នូវ​បទ​ចម្រៀង Original មួយ​ចំនួន។ បទដំបូង​របស់​លលោក ក៏​​ដូច​ជា​ក្រុម “3Trio” មាន​ចំណង​ជើង​ថា "លាក់​បាំង" គ្រោង​នឹង​ចេញ​ឆាប់​ៗ​នេះ។ ដូច​នឹង​ចំណង​ជើង​បទ​ថ្មី​នេះ ហេង កាន់ឌី គឺ​សូម​លាក់​សមាជិក​ក្រុម​សិន មុន​ពេល​អ្វី​នឹង​ត្រូវ​បើក​បង្ហាញ​ឆាប់​ៗ។

ឥឡូវ​តោះ សូម​ទស្សនា Teaser បទ​នេះ​ទាំង​អស់​គ្នា មុន​សិន ៕

អត្ថបទ៖ ទារិកា

មតិយោបល់