• 2019-09-25 03:46:32
  • ព័ត៌មាន

មិនមែនជាគូស្នេហ៍​ តែតារាប្រុសស្រីចិនទាំងនេះ​រាប់អានគ្នា​លើសពីពាក្យថា​មិត្តទៅទៀត

  • 2019-09-25 03:46:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិភពសិល្បៈ​ កម្រ​រក​បាន​មិត្តភ័ក្ដិ​ដែល​យល់​ចិត្ត​ និង​រាប់អាន​ដោយស្មោះស្ម័គ្រ​រយៈពេល​យូរណាស់ ព្រោះ​ពួកគេ​ធ្វើ​ការ​ជាមួយ​មនុស្ស​ជា​ច្រើន ប៉ុន្តែ​បើ​អាច​រក​បាន​មិត្តល្អដែល​ជា​អ្នក​សិល្បៈ​ដូចគ្នា​ ចាត់​ទុក​ថា​ជា​មនុស្ស​សំណាង​ហើយ ពិសេស​រវាង​តារាប្រុស​ និង​តារា​ស្រី។ ជំនួសពីទំនាក់ទំនងស្នេហា តារា​ប្រុស​ស្រី​ខាង​ក្រោម​នេះសម្រេចបង្កើតមិត្តភាព​ដ៏ល្អ​ រាប់អាន​គ្នា​យូរឆ្នាំ ស្រឡាញ់​គ្នា​ដូច​បងប្អូន មិនខ្វល់នឹងចចាមអារ៉ាមខុសការពិត​ និង​គ្មាន​ថ្ងៃ​ឆ្លងខ្សែបន្ទាត់ឈានទៅរក «សម្ព័ន្ធភាពស្នេហា" បានឡើយ។

១. Alec Su និង​ Ruby Lin

អ្នក​ទាំង​ ២​ជួប​គ្នា​ក្នុង​រឿង​ "ព្រះ​នាង​យ៉េយ៉េ” ​មក​ទល់​ពេល​នេះ​វា​មាន​រយៈ​ពេល​ ២២ឆ្នាំ​ហើយ​ ប៉ុន្តែ​ពួកគេ​នៅ​តែ​អាច​រក្សា​ចំណង​មិត្តភាព​នឹង​គ្នា​បាន​យ៉ាង​រឹងមាំ។ តាំង​ពីជួប​រួម​ការងារ​ជាមួយ​គ្នា​ដំបូង​មក​ ពីមួយឆ្នាំទៅមួយ​ឆ្នាំ ពួកគេ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញចិត្ត​នឹង​ការ​ស្រឡាញ់រាប់អាន​ដែល​ពួកគេ​ផ្ដល់​ឲ្យ​គ្នា ព្រោះ​ Alex និង​ Ruby ស្និទ្ធ​គ្នា​ខ្លាំង​ណាស់។ ទៅ​ចូលរួម​កម្មវិធី​ម្ដងៗ​កម្រ​បាត់មុខ​មិត្តល្អ​១គូ​នេះ​ណាស់ ហើយ​ជារឿយៗ​ពួកគេ​ក៏តែង​ចំណាយ​ពេល​ទៅ​ញ៉ាំអីជាមួយគ្នា​ ជជែកគ្នា​រឿងនេះរឿង​នោះ ហើយ​ឲ្យ​តែ​មាន​កម្មវិធី​អ្វី​ អ្នក​ទាំង ២​តែង​អញ្ជើញគ្នា​ទៅ​ចូល​រួម​ទៅវិញទៅមក​មិនដែលខាន។

២. Louis Ku និង​ Jessica Hsuan

កាល​ពី​ដើម​ខែកក្កដា ឆ្នាំ ២០១៩​ បណ្ដាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ផ្សាយ​ព័ត៌មាន​ថា​ Louis និង​ Jessica ត្រៀម​រៀបចំ​ពីធីមង្គលការ​នៅ​ចុង​ឆ្នាំ។ បន្ថែមជាមួយ​គ្នា​នោះ​ មហាជន​ក៏​ថែម​ទាំង​បាន​បង្ហាញ​ភស្តុតាង​មួយ​ចំនួន​បញ្ជាក់​ថា​ តារា​ប្រុសស្រី​ទាំង​ ២ អាច​នឹង​មាន​ទំនាក់ទំនង​ពិសេស​លើស​ពី​ពាក្យ​ថា​មិត្ត។ ប៉ុន្តែ​មិនយូរ​ប៉ុន្មាន​ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ​ក៏​ត្រូវ​ច្រាន​ចោល ដោយ​អ្នក​តំណាង​របស់​តារា​ទាំង ២​បញ្ជាក់​យ៉ាង​ច្បាស់​ថា Louis និង​ Jessica រាប់​អាន​ និង​ជិត​ស្និទ្ធ​នឹង​គ្នា​មែន​ ប៉ុន្តែ​ក្នុង​នាម​ជា​មិត្ត​ល្អ​ប៉ុណ្ណោះ​ មិនមែន​ជា​ស្នេហា​ទេ។ អ្នក​គាំទ្រ​ហាក់​ស្រងាក​ចិត្ត​បន្តិច​ដែរ ព្រោះ​ចង់​ឲ្យ​អ្នក​ទាំង​ ២​ក្លាយ​ជាគូស្នេហ៍​នឹង​គ្នា តែ​យ៉ាង​ណា​ក៏​រំភើប​នឹង​មិត្តភាព​រវាង​ពួកគេ និង​សង្ឃឹម​ថា​ចំណង​មិត្តភាព​នេះ​នៅ​តែ​រក្សា​ជា​រៀងរហូត។

៣. Li Bingbing និង​ Quan Ren

ក្រោយ​ពី​បាន​ជួប​ និង​ស្វាគមន៍គ្នា​ដំបូង​កាលពី​ឆ្នាំ ១៩៩៣ ​ Bingbing និង​ Quan Ren ក៏​បាន​ក្លាយ​ជា​មិត្តល្អ​នឹងគ្នាតាំង​ពី​នៅ​ជា​សិស្ស។ ជាក់​ស្ដែង​ក្រោយ​បញ្ចប់​ការ​សិក្សា​ Quan Ren គិត​ថា​ខ្លួន​មិន​សម​នឹង​អាជីព​សិល្បៈ​ ទើប​លោក​សម្រេច​ចូល​ក្នុង​វិស័យ​ជំនួញ តែ​ជា​អកុសល​លោក​ក៏​បរាជ័យ​ទៀត។ ឃើញ​ដូចនេះ​ Li Bingbing ដែល​ជា​មិត្ត​មិនបាន​បន្ទោស​អ្វី​ទេ មាន​តែ​ផ្ដល់​កម្លាំង​ចិត្ត​ និង​ស្វែង​រក​វិធី​ជួយ​មិត្ត​ល្អ​របស់​ខ្លួន​ម្នាក់​នេះ។ នាង​ក៏​បាន​លួច​ប្រមូល​ឯកសារ​របស់​ Quan Ren ស្ងាត់ៗ និង​ណែនាំ​លោក​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ។ ចាប់​តាំង​ពី​ពេល​នោះ​មក​ ពួកគេ​ក៏​បាន​រួម​ការងារ​ជាមួយ​គ្នា​ក្នុង​វិស័យ​សិល្បៈ។ រាប់​អាន​ និង​ជួយ​គ្នា​បែប​នេះ​ ដូចនេះ​អាច​និយាយ​បាន​ថា​ Li Bingbing គឺ​ជា​គ្រួសារ​ទី២ សម្រាប់​ Quan Ren។ មួយ​វិញ​ទៀត​ទោះ​បី​កន្លងមក​អ្នក​ទាំង​ ២​រង​ព័ត៌មាន​ទាក់ទង​ស្រឡាញ់​គ្នា ក៏ពួកគេ​មិនខ្វល់​ឈឺក្បាល​ ព្រោះ​ពួកគេ​យល់​ច្បាស់​ពី​ខ្សែបន្ទាត់​រវាង​មិត្ត​ និង​មិត្ត។

៤. Chen Kun និង​ Zhou Xun

តារា​សម្ដែង​ទាំង​ ២បាន​ជយប​រួម​ការងារ​ជាមួយ​គ្នា​ដំបូង​កាល​ពីឆ្នាំ ២០០១ តាមរយៈ​រឿង​មាន​ចំណងជើង​ថា​ "Love Story In Shanghai”។ ឱកាស​បាន​សម្ដែង​នឹង​គ្នា​ក៏​មាន​ច្រើន​ជាបន្តបន្ទាប់ រហូត​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​របស់​ពួកគេ​កាន់តែ​រឹង​មាំ​ឡើងៗ ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយ​មិន​ដឹង​ខ្លួន។ ដោយសារ​ពាក្យ​សម្ដី​ និង​កាយវិការ​យក​ចិត្តទុកដាក់​ស្ទើរ​គ្រប់​ពេល​របស់​អ្នក​ទាំង​ ២​ដែល​ធ្វើ​ដាក់​គ្នា​ បាន​បង្ក​ឲ្យ​មាន​ការ​សង្ស័យ​ថា​ពួកគេទំនងជា​មាន​ស្នេហា​នឹង​គ្នា មិន​មែន​ជា​មិត្ត​នោះទេ។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ និស្ស័យ​កើត​មក​សម្រាប់​តែធ្វើ​ជាមិត្ត​ ពិត​ជា​មិន​អាច​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​គូស្នេហ៍​នឹង​គ្នា​បានទេ ទោះ​បី​មហាជន​ច្រើន​លើសលប់​គាំទ្រ​ឲ្យ​ពួកគេ​ស្រឡាញ់​គ្នា​ក៏ដោយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម