• 2019-09-29 01:00:00
  • ព័ត៌មាន

ទាំងនេះហើយ តារាកូរ៉េមានឈ្មោះល្បីតាំងពីនៅជាកុមារ រហូតពេញកម្លោះក្រមុំ

  • 2019-09-29 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​វ័យ​ក្មេង​ ៨​នាក់​ដែល​ពីមុន​ធ្លាប់​តែ​ដើរ​តួ​ក្មេង​តូច​គួរ​ឲ្យ​ស្រឡាញ់ មាន​ទេពកោសល្យ​ខ្លាំង​បំផុត​ខាង​សម្ដែង​ ពេល​នេះ​បាន​ធំពេញ​វ័យ​ និង​គួរ​ជាទីប្រាថ្នា​របស់​អ្នក​គាំទ្រ​ជា​ច្រើន។

ធំធាត់​ក្នុង​ពិភពសិល្បៈ​ តារា​ប្រុសស្រី​ទាំង​នេះ​តែង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​អ្វី​ដែល​ពួកគេ​មាន​ ពិសេស​សមត្ថភាព​សម្ដែង​បាន​គ្រប់​ទម្រង់។ អ្នក​ទាំង​​ ៨​រួម​មាន៖

១. Yeo Jingoo 

នៅ​ពេល​ Jin Goo ចូល​សិល្បៈ​ដំបូង​ លោក​មាន​អាយុ​ ៨ឆ្នាំ និង​បង្ហាញ​ខ្លួន​តាមរយៈ​រឿង​ "Sad Movie”។ មួយ​ពព្រិច​ភ្នែក​សោះ​ ក្មេងតូច​នេះ​ក៏​ពេញ​កម្លោះស្ដូក​ និង​កំពុង​ជាប់​ងារ​ជា​តារា​ប្រុស​ដែល​មាន​ចរិត​សុភាព​ល្អ​ និង​ជាទី​ស្រលាញ់​របស់​រៀមច្បងសិល្បៈ​ ក៏ដូចជាអ្នក​គាំទ្រ។ ភាព​យន្ត​មិន​តិច​ទេ​ដែល Jin Goo បាន​សម្ដែង​នៅពេល​លោក​ចម្រើន​វ័យ​ ប៉ុន្តែ​សង្កេត​ឃើញ​ថា​ស្នាដៃជោគជ័យ​ធំ​ដែលតារាប្រុសវ័យ​ ២២ឆ្នាំ​សម្រេច​បាន​កាល​ពីពេល​ថ្មីៗ​នេះ​ គឺ​រឿង​ "Hotel Del Luna” ដែលមាន​ IU ជា​ដៃគូ។

២. Kim Yoojung

ចូល​ដល់​ Yoojung វិញ​ គ្រាន់​តែ​បង្ហាញ​មុខ​ក្នុង​សិល្បៈ​ភ្លាម​ នាង​ក៏​បាន​ក្លាយ​ជា​តារាសម្ដែង​តូច​ដែល​ផលិតករ​ភាពយន្ត​ត្រូវការ​បំផុត​ ស្រប​នាង​ដែល​មាន​អាយុ​ត្រឹម​ ៤ឆ្នាំ​ប៉ុណ្ណោះពេលនោះ។ ជាក់ស្ដែង​ពេល​នាង​រៀន​ថ្នាក់​ទី ៥ នាង​មាន​រឿង​សម្ដែងហើយ​ ២៨ទៅហើយ បូក​រួម​ទាំង​រឿងភាគ និង​ភាពយន្ត​ខ្នាតធំ។ មក​ទល់​ពេល​នេះ​ Yoojung មានអាយុ ២០ឆ្នាំហើយ​ និងជា​តារា​ស្រី​ជំទង់​ដែល​ជាទីសំណព្វ​របស់​មហាជន​អ្នក​ស្នេហាភាពយន្តកូរ៉េ។

៣. Yoo Seungho

តារា​ប្រុស​ត្រកូល​ Yoo បច្ចុប្បន្ន​មាន​អាយុ​ ២៦ឆ្នាំ និង​បាន​ចូល​សិល្បៈនៅអាយុ ៧ឆ្នាំ ពេល​សម្ដែង​រឿង​ "Daddy Fish”។ កន្លងទៅ​ប៉ុន្មាន​ឆ្នាំ លោក​ក៏ប្រែជា​ពេញកម្លោះ និង​កាន់តែ​ត្រូវ​ប៉ាន់​ក្នុង​ការងារ​សម្ដែង​រឿង​ ផ្អែក​តាម​រូបរាង​ដ៏​ស្រស់សង្ហា និង​ទេពកោសល្យសិល្បៈពេញខ្លួន។

៤. Kim Sohyun

ឆ្នាំ​នេះ​ថ្មី Sohyun ទើប​មាន​អាយុ​ ១៩ឆ្នាំ​ទេ តែ​នាង​បាន​ក្លាយ​ជា​តារា​ស្រី​ដែល​ឈ្នះ​ពាន​រាប់​ភ្លេច​ទៅហើយ​ សម្រាប់​សមត្ថភាព​សម្ដែងនាពេល​កន្លងមក រហូត​លើក​នាង​ជា​តារាសម្ដែង​ស្រី​ដែល​ល្បី​បំផុត​បច្ចុប្បន្ន។ នាង​ចូល​សិល្បៈ​នៅអាយុ ៧ឆ្នាំ តាមរយៈ​ភាពយន្ត​មាន​ចំណងជើង​ថា "Ten Minute Mirror” ប៉ុន្តែ​នាង​កាន់​តែ​ល្បី​ពេល​ថត​រឿង​ "Moon Embracing The Sun”។

៥. Lee Hyunwoo

ទោះ​បី​ Hyunwoo ចេញ​មុខ​លើ​វិថី​សិល្បៈ​អាយុ​ជាង​ ១១ឆ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែ​តារា​ប្រុស​រូបនេះ​ ឆាប់​យក​ឈ្នះ​បេះដូង​អ្នក​គាំទ្រ​ជា​ច្រើន​ក្នុង​រយៈពេល​ខ្លី​បំផុត។ តាំង​ពី​ចូល​សម្ដែង​មក​ គ្មាន​ពេល​ណា​ដែល​លោក​ទំនេរ​ពី​ការងារ​សិល្បៈ​នោះទេ ទើប​តែ​មួយ​រយៈ​ចុង​ក្រោយ​ Hyunwoo ត្រូវ​ផ្អាក​ការងារ​នេះ​សិន ដោយសារ​ត្រូវ​ចូល​បំពេញ​កាតព្វកិច្ច​ជា​ទាហាន​សិន។ ប៉ុន្តែ​អ្នក​គាំទ្រ​ក៏​នៅតែ​ចងចាំ​ និង​ទន្ទឹង​ថ្ងៃ​ចេញ​មក​វិញ​របស់​លោក​ ព្រោះ​ពួកគេ​ចង់​ឃើញ​ស្នាដៃ​ថ្មី​របស់​តារា​ប្រុស​វ័យ​ ២៦ឆ្នាំ​នេះ​ជាបន្ត។

៦. Kim Saeron

កើត​ក្នុង​ឆ្នាំ ២០០០ និង​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​មហាជន​ស្គាល់​ច្បាស់​តាមរយៈ​ការ​បង្ហាញ​សមត្ថភាព​សម្ដែង​ពេល​មាន​អាយុ​ត្រឹម​ ៩ឆ្នាំ។ ភាពយន្ត​ និង​វីដេអូ​បទ​ចម្រៀង​មិន​តិច​ទេ​ដែល​មាន​វត្តមាន​របស់ Saeron នេះ​ក៏​ដោយសារ​ទេកោសល្យ​ពិសេស​ពីកំណើត​របស់​នាង​ ហេតុនេះ​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ហេតុអ្វី​នាង​មាន​អ្នក​គាំទ្រ​ច្រើន​ដល់​ថ្នាក់​នេះ។

   ៧. Nam Dareum

ប្រិយមិត្ត​ប្រាកដ​ជា​ស្គាល់​តារា​ម្នាក់​នេះ​ច្បាស់ បើ​សិន​អ្នក​ជា​ហ្វេន​របស់​ K-Drama។ ជាការពិត​ Dareum ចូល​សិល្បៈ​នៅ​ឆ្នាំ ២០០៩ ពេល​មាន​អាយុ​ ៧ឆ្នាំ តាមរយៈ​រឿង​ភាគ​ដ៏ល្បី​មាន​ចំណងជើង​ថា​ "Boys Over Flowers”។ លោក​បាន​បន្ត​ការងារ​ជា​ថត​រឿង​ជា​ច្រើន​ឆ្នាំ តាំង​ពី​ជា​កុមារា រហូត​ពេល​នេះ​ក្លាយ​ជា​អ្នក​កម្លោះអាយុ ១៧ឆ្នាំ ​ដែល​ធ្វើ​ឲ្យ​នារីៗ​លង់​ស្នេហ៍។

៨. Kim Hyanggi  

នាង​កើត​ក្នុង​ឆ្នាំ ២០០០ និង​ចូល​សិល្បៈ​ពេល​មាន​អាយុ​ ៦ឆ្នាំ ក្នុង​រឿង​ "Heart is...”។ ទោះ​បី​ពេល​នោះ​ នាង​នៅ​តូច​ល្អិត ប៉ុន្តែ​និយាយ​ពី​ការ​សម្ដែង​វិញ​ ធ្វើ​ឲ្យ​អ្នក​មើល​អត់​ទ្រាំ​មិនសរសើរ​មិនបាន​ឡើយ។ រឿង​ល្បីៗ​ដែល​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​កាន់​តែ​ហក់​ឡើង​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំមាន៖ “Snowy Road”, “The Queen's Classroom”, “Thread of Lies”, “Along with the Gods” និង​ “Wedding Dress”៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់