• 2019-10-02 03:19:05
  • ព័ត៌មាន

កំពុង​ឡើង​ជើង ឥឡូវ​មាន​ដំណឹង​ថា ស្រី​ស្អាត ជា ស្រី​រ័ត្ន មាន​ចំហាយ​ស្នេហ៍​ជាមួយ​តារា​ប្រុស​ម្នាក់?

  • 2019-10-02 03:19:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​កំពុង​ឡើង​ជើង ជា ស្រីរ័ត្ន ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​ប្រិយមិត្ត​អ្នក​គាំទ្រ តាម​រយៈ​រូប​សម្ផស្ស ទេពកោសល្យ និង​លទ្ធផល​ការងារ​របស់​នាង​នោះ ឥឡូវ​នេះ ស្រាប់​តែ​មាន​ចំហាយ​មិន​ស្រួល​ជាមួយ​តារា​ប្រុស​ម្នាក់ ដែល​គេ​សង្ស័យ​ថា ពួក​គេ​អាច​កំពុង​សាក​ទំនាក់ទំនង​បេះដូង​នឹង​គ្នា។

តារា​ប្រុស ដែល​ត្រូវ​បាន​លើក​ជា​កម្មវត្ថុ​ស្នេហ៍​ជាមួយ ជា ស្រី​រ័ត្ន នៅ​ពេល​នេះ គឺ​តារា​សម្ដែង ស្រ៊ែន វុត្ថា។ ប្រុស​សង្ហារ រូប​នេះ ជា​រឿយ​ៗ​គេ​ឃើញ​លោក​កៀកកើយ​ជាមួយ​ស្រី​ស្អាត​មិន​ស្វាង ក្នុង​នោះ​មិន​ថា​តែ​ក្នុង​ការងារ​សិល្បៈ ប៉ុន្តែ​សូម្បី​តែ​សកម្មភាព​ឯកជន​ខាង​ក្រៅ​នានា ពោល​គឺ​សកម្មភាព​ដើរ​កម្សាន្ត​ទៅ​ទីកន្លែង​ផ្សេង ក៏​ពួក​គេ​ទាំង​ពីរ​រមែង​បង្ហាញ​វត្តមាន​ទាំង​គូ​ត្រសង​ដែរ។

សកម្មភាព​ជិត​ស្និទ្ធ​នេះ គឺ​ខុស​ដាច់​ស្រឡះ​ពី​ទំនាក់ទំនង​របស់​តារា​ស្រី​ជាមួយ​នឹង​មិត្តភ័ក្ដិ​បុរស​ផ្សេង​ទៀត។ ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​មាន​មន្ទិល ក្រោយ​ពី ស្រី​រ័ត្ន ឆក់​បាន​តំណែង​សំខាន់​ៗ​ក្នុង​ការងារ​សិល្បៈ​របស់​នាង​បន្ត​បន្ទាប់ ព្រម​ទាំង​បាន និង​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ក្នុង​នោះ​សូម្បី​តែ​រឿង​រ៉ាវ​បេះដូង ក៏​នាង​ទំនង​មិន​ទំនេរ​ដែរ។

ស្រីរ័ត្ន និង វុត្ថា ក្នុង​រឿង "ចៅប្រសា​ក្លែងក្លាយ"

ជាក់​ស្ដែង ថ្មី​ៗ​នេះ គេ​បាន​ឃើញ​ប្រុស​ស្អាត វុត្ថា ទើប​នឹង​ធ្វើ​កម្មវិធី​ខួប​កំណើត​ដល់ ស្រី​រ័ត្ន ក្នុង​លក្ខខណ្ឌ​ឯកជន​ទៀត​ផង។ មិន​ទាន់​អស់​នៅ​ឡើយ តារា​ប្រុស​ស្រី​មួយ​គូ​នេះ ក៏​ទើប​នឹង​ឡើង​កម្មវិធី "Lovely Night” របស់​ទូរទស្សន៍​ថោន ដែល​ជា​វេទិកា​សម្រាប់​គូស្វាមី ភរិយា និង​គូ​សង្សារ​ក្នុង​សិល្បៈ​ឡើង​សម្ដែង​អារម្មណ៍​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក​ផង​ដែរ។

ស្រីរ័ត្ន និង វុត្ថា ពេល​ដើរ​កម្សាន្ត​ជាមួយ​គ្នា

ដូច្នេះ​ហើយ មាន​ភាគរយ​កាន់​តែ​ច្រើន​ដែល​ថា ជា ស្រីរ័ត្ន ទំនង​មិន​ទុក​បេះដូង​ឲ្យ​ទំនេរ​នោះ​ទេ ប៉ុន្តែ​បាន​ផ្ញើ​ទុក​​នៅ​កំលោះ​សង្ហា​បាត់​ទៅ​ហើយ ព្រោះ​ថា គិត​មក​ដល់​ពេល​នេះ ស្រីរ័ត្ន ក៏​មាន​វ័យ​សម​ល្មម(២៦​ឆ្នាំ) សម្រាប់​ការ​មាន​គូ​គាប់​ទ្រនាប់​ចិត្ត។ ជុំវិញ​បញ្ហា​ទំនាក់ទំនង​ស្អិត​ល្មួត​ជាមួយ ស្រ៊ែន វុត្ថា នេះ ជា ស្រីរ័ត្ន នៅ​មិន​ទាន់​ផ្ដល់​ចម្លើយ​ដាច់​ស្រឡះ​អំពី​ទំនាក់ទំនង​នាង និង​វុត្ថា នៅ​ឡើយ។

“ហេសហេ ជាមួយ​អ្នក​ផ្សេង​អត់​សួរ​សោះ​បង ម៉េច​បាន​សួរ​តែ​ជាមួយ​ម្នាក់​ហ្នឹង អ្នក​ស្គាល់​ម៉ា​គំនរ(សើច)!”។ ស្រី​រ័ត្ន ឆ្លើយ​តប​ចំពោះ​ការ​ចោទ​សួរ។

ជា ស្រីរ័ត្ន និង ស្រ៊ែន វុត្ថា បាន​ស្គាល់​គ្នា​ដំបូង​តាម​ការ​ប្រឡង Freshie កាល​ពី​ឆ្នាំ ២០១២។ តាំង​ពី​នោះ​មក ពួក​គេ​ក៏​បន្ត​សេពគប់​គ្នា​រហូត​មក និង​កាន់​តែ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ឡើង​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​ៗ។ ក្នុង​រយៈ​ពេល​នេះ ស្រីរ័ត្ន បាន​បង្ហើប​ថា ប្រុស​សង្ហា​រូប​នេះ គឺ​ជា​បុរស​ល្អ​ម្នាក់។ ប៉ុន្តែ​យ៉ាង​ណា តួឯក​ស្រី​រឿង "បុប្ផា​ស្រុក​ស្រែ" បញ្ជាក់​ថា នៅ​ពេល​នេះ នាង សុំ​ឆ្លើយ​​ថា ជាមួយ វុត្ថា គឺ​ត្រឹម​តែ​ជា​ការ​រាប់​អាន ប៉ុន្តែ​រឿង​អ្វី​ផ្សេង​ទៀត សុំ​មិន​ទាន់​ឆ្លើយ។ "រាប់​អាន​គ្នា​ទេ​បង រឿង​ផ្សេង​សុំ​លាក់​សិន”។

រូបភាព៖ ហ្វេសប៊ុក ស្រី​រ័ត្ន

ជា ស្រី​រ័ត្ន គឺ​ជា​តារា​ស្រី បាន និង​កំពុង​ពេញ​និយម ក្នុង​នោះ​នាង​ទើប​នឹង​ចាប់​បាន​តំណែង​តួឯក​ក្នុង​រឿង​បន្ត​បន្ទាប់។ កាល​ពី​ខែ​ឧសភា នាង​បាន​គ្រង​តំណែង​តួឯក​ក្នុង​រឿង "បុប្ផា​ស្រុក​ស្រែ" របស់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​ ៥ បន្ត​មក​ទៀត គ្រង​តួឯក​ដដែល​ក្នុង​រឿង​បុរាណ​មួយ​របស់​ស៊ីធីអិន។ ថ្មី​នេះ នាង​ក៏​ត្រូវ​ជ្រើស​រើស​ជា​តួឯក​ស្រី​ក្នុង​បទ​ចម្រៀង​មួយ​បទ​របស់​ព្រាប សុវត្ថិ ផង។ ដោយ​ឡែក​ការងារ​សិល្បៈ​ផ្សេង​ទៀត ស្រី​រ័ត្ន បង្ហើប​ថា ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ចំនួន បាន និង​កំពុង​ចរចា​គ្នា។ ក្រៅ​ពី​សម្ដែង ស្រីរ័ត្ន នៅ​អាច​ដឹកនាំ និង​និពន្ធ​រឿង​ថែម​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់