• 2019-10-04 06:36:43
  • ព័ត៌មាន

គួរឲ្យសរសើរ! មិនមែនអាជីព តែ​អេតវីន អាចសម្តែងសិល្បៈល្ខោនខ្មែរ និងប្រើពាក្យរាជស័ព្ទបានយ៉ាងល្អ

  • 2019-10-04 06:36:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងប្រុស​វ័យក្មេង មានមន្តស្នេហ៍ ប្រឡែងខ្លួនចូលក្នុងវិស័យសិល្បៈភាពយន្តបានជាច្រើនរឿង លោក អេតវីន នៅរយៈពេលប៉ុន្មានឆ្នាំនេះ លោកទទួលបានប្រជាប្រិយភាពទាំងការសម្តែងក្នុងសាច់រឿង ក៏ដូចជាពិធីករកម្សាន្តនានាផងដែរ។ ទន្ទឹមនឹងនេះ សម្រាប់ការមកដល់នៃខ្សែភាពយន្តភាគខ្មែររបស់ភីអិនអិនសម្រាប់ឆ្នាំ ២០១៩ នេះ លោកត្រូវបានផលិតករភាពយន្តជ្រើសរើសឱ្យដើរជាតួឯកប្រុសក្នុងរឿងភាគថ្មីមួយរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន នោះគឺរឿង «តួគេ ខ្ញុំសម្តែង»។

អេតវីន សម្តែងជាតួអង្គព្រះអង្គម្ចាស់

ជាមនុស្សតែម្នាក់ ប៉ុន្តែត្រូវដើរជាតួអង្គពីរផ្សេងគ្នា ដែលតម្រូវឱ្យលោកបត់បែនទៅតាមចរិតតួអង្គ និងសាច់រឿងទាំងអស់នោះ ប៉ុន្តែទោះបីជាយ៉ាងណា លោកនៅតែអាចសម្តែងបានយ៉ាងល្អ និងមិនតែប៉ុណ្ណោះគឺលោកមានទេព្យកោសល្យខ្ពស់ក្នុងការបន្ថែមនូវពាក្យពេចន៍កំប្លុកកំប្លែង រួមនឹងកាយវិការដ៏គួរឱ្យស្រឡាញ់ថែមទៀតផង។

ទន្ទឹមនឹងគ្នានេះដែរ តួឯកប្រុសរូបនេះ អាចសម្តែងក្នុងឈុតឆាកសិល្បៈល្ខោនខ្មែរ បានទាំងទម្រង់ល្ខោនបាសាក់ និងយីកេ មិនចាញ់អ្នកអាជីពប៉ុន្មានទេ ដោយក្នុងនោះមានការបញ្ចេញនូវពាក្យពេចន៍ ពំនោលឃ្លោងឃ្លា យ៉ាងណែងណងទៀតផង។ ជាមួយគ្នានេះដែរ មានអ្នកគាំទ្រជាច្រើននាក់ ដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញអេតវីន ដែលធ្លាប់តែសម្តែងក្នុងឈុតសម័យ ហើយបែរជាមកគ្រងឈុតបុរាណ ក្បូរក្បាច់រចនា និងថែមទាំងបង្ហាញមកជាមួយនឹងកាយវិការរស់រវើកថែមទៀតផង។

ដោយឡែក ចំពោះតួអង្គមួយទៀតនោះ គឺលោកត្រូវផ្លាស់ប្តូរចរិត ទាំងពាក្យសម្តី ទាំងសម្លៀកបំពាក់ពីតួអង្គក្មេងប្រុសកំលោះ មកជាតួព្រះអង្គម្ចាស់យ៉ាងសង្ហាវិញ ដោយមានអង្គរក្សឆ្វេងស្តាំនៅចាំបម្រើ។ សម្រាប់តួអង្គជាខ្សែរាជវង្សនេះដែរ លោកក៏បានបញ្ចាក់ផងដែរថា វាមានការពិបាកបន្តិច ដោយត្រូវរៀននិយាយពាក្យរាជស័ព្ទឱ្យបានល្អ និងមិនតែប៉ុណ្ណោះត្រូវសម្តែងឱ្យឃើញចេញមក ជាមនុស្សកាច ម៉ត់ចត់នឹងការងារ និងឆ្លាតវាងវៃ សាកសមជាខ្សែលោហិតនៃរាជវង្ស។

ក្នុងនោះ ក៏មានការទន្ទឹងរង់ចាំពីសំណាក់ទស្សនិកជនជាច្រើនអំពីសាច់រឿងក្នុងភាពយន្តខ្មែរនេះ ដោយចង់ដឹងថា តើនៅក្នុងឈុតឆាកនៃរឿង មានលក្ខណៈល្អមើលយ៉ាងណា? ហើយថាតើ ហេតុអ្វី បានជាអ្នកនិពន្ធចងក្រងសាច់រឿងនេះ តម្រូវឱ្យតួអង្គព្រះអង្គម្ចាស់ និងអ្នកកំលោះសាមញ្ញម្នាក់នោះ មានមុខមាត់ដូចគ្នានឹងមនុស្សតែមួយ ឬមកពីពួកគេមានអ្វី ដែលជាប់ទាក់ទងនឹងគ្នា?? ដូចនេះ មានតែរង់ចាំទស្សនា ការចាក់ផ្សាយរបស់ភីអិនអិនដែលនឹងនាំយកមកបម្រើចំណីចក្ខុ ក៏ដូចជាកាដូចុងឆ្នាំក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់