• 2019-10-04 08:32:51
  • ភាពយន្ត

ល្អ​ណាស់ ភាពយន្ត​ខ្មែរ​ល្បី​ៗ​ជំនាន់​ដើម​៣​រឿង នឹង​ចាក់​បញ្ចាំង​ជូន​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​ចុង​ខែ​នេះ

  • 2019-10-04 08:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​នៅ​ក្នុង​គម្រោង "១​ម៉ឺន​អាល័យ" ខ្សែ​ភាពយន្ត​ខ្មែរ​ល្បី​ៗ​ជំនាន់​ទសវត្សរ៍​ទី ៦០ ចំនួន ៣​រឿង ត្រូវ​បាន​ប្រកាស​ថា​នឹង​ត្រូវ​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​ឡើង​វិញ នៅ​ដំណាច់​ខែ​នេះ​ហើយ ដោយ​មិន​មាន​គិត​ថ្លៃ​អ្វី​ឡើយ។ នេះ​បើ​តាម​ក្រុម "ព្រះ​សុរិយា" អ្នក​ដែល​បាន​ខ្នះខ្នែង​ស្រាវ​ជ្រាវ​រុក​រក​មរតក​ភាពយន្ត​ចាស់​ៗ​របស់​ខ្មែរ​ដែល​បាន​បាត់​បង់។

ភាពយន្ត​ខ្មែរ​ទាំង​៣​រឿង​នោះ​មាន "ពិជ័យ​វង្សា" “កាកី" និង​រឿង "ខ្យង​ស័ង្ខ" ដែល​សុទ្ធ​ជា​រឿង​ដ៏​ល្បី​កាល​ពី​អតីតកាល​នា​ទសវត្សរ៍​ទី ៦០ សម័យ​កាល​ដ៏​រុងរឿង​នៃ​សិល្បៈ​ទី​៧​របស់​ខ្មែរ​យើង។ លោក យាង វណ្ឌី ប្រធាន​ក្រុម "ព្រះ​សុរិយា" បាន​ឲ្យ​ដឹង​ថា ភាពយន្ត​ទាំង​៣ គឺ​ក្រុម​ពួក​លោក​ទើប​តែ​អាច​រក​បាន​យ៉ាង​លំបាក​ពី​ប្រទេស​ថៃ​មក ដោយ​បាន​ចំណាយ​ពេល​វេលាយ៉ាង​ច្រើន ព្រម​ទាំង​ថវិកា​ផ្ទាល់​ខ្លួន និង​កញ្ចប់​ជំនួយ​ខ្លះ ទិញ​យក​មក ក្រោយ​ពី​ខ្ចាត់ខ្ចាយ​ដោយ​សារ​សង្គ្រាម។

ដោយ​សារ​តែ​រយៈ​ពេល​នៃ​ការ​ផលិត​យូរ ឯកសារ​សោតទស្សន៍​ដែល​រក​ឃើញ គឺ​មាន​ប៉ះពាល់​ដល់​គុណភាព​ហ្វីល។ ប៉ុន្តែ​លោក វណ្ឌី បញ្ជាក់​ថា ក្រុម​ការងារ​បាន​សហការ​ជាមួយ​ភាគី​ថៃ​ឲ្យ​ជួយ​កែ​សម្រួល ដោយ​ច្នៃ​ទៅ​ជា​ឯកសារ​ភាពយន្ត​ប្រភេទ​ឌីជីថល​វិញ។ ដូច្នេះ​ហើយ ភាពយន្ត​ខាង​លើ នឹង​ត្រូវ​ចាក់​បញ្ចាំង​ជូន​ប្រិយមិត្ត ពិសេស​មិត្ត​យុវវ័យ​បាន​ដឹង និង​យល់​ពី​តម្លៃ​នៃ​ភាពយន្ត​ខ្មែរ​ពី​សម័យ​មុន នា​ចុង​ខែ​តុលា​នេះ។

“ពួក​យើង​ខ្ញុំ មាន​ការ​លំបាក​ណាស់​ទម្រាំ​ស្រាវជ្រាវ​រក​ភាពយន្ត​ទាំង​នេះ​បាន យក​មក​ចាក់​បញ្ចាំង​ជូន​បង​ប្អូន​បាន​ទស្សនា ដោយ​អត់​មាន​យក​ប្រាក់​អ្វី​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចង់​បាន​អ្វី​មក​វិញ​ដែរ គ្រាន់​តែ​ចង់​ឲ្យ​មាន​ការ​លើក​តម្កើង និង​អភិរក្ស​មរតក​សោតទស្សន៍​របស់​យើង ព្រោះ​ភាពយន្ត​របស់​យើង​ជំនាន់​នោះ គឺ​ល្អ​ៗ​ខ្លាំង​ណាស់...អីចឹង​ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​បាន គឺ​ឲ្យ​យុវជន​យើង​ដឹង និង​ស្រឡាញ់​អ្វី​ដែល​ជា​របស់​ខ្លួន​ឯង ពិសេស​គឺ​របស់​ចាស់​ៗ​បែប​នេះ!”។ យាង វណ្ឌី ថ្លែង។

ខ្សែ​ភាពយន្ត​របស់​ខ្មែរ​មាន "ពិជ័យ​វង្សា" “កាកី" និង​រឿង "ខ្យង​ស័ង្ខ" នឹង​ត្រូវ​បាន​ចាប់​ពី​ថ្ងៃ​ទី ២២-២៤ តុលា ចាប់​ពី​ម៉ោង ៩ព្រឹក​ដល់​ម៉ោង ៥រសៀល នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ ហៅ​កាត់​ថា "CKCC” នៅ​ក្នុង​គម្រោង "១ម៉ឺន​អាល័យ" នេះ​ជា​ឆ្នាំ​ទី ៥​ហើយ។ រយៈ​ពេល​កន្លះ​ទសវត្សរ៍​នេះ លោក វណ្ឌី បាន​ឲ្យ​ដឹង​ថា ក្រុម "ព្រះ​សុរិយា" របស់​លោក​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ភាពយន្ត​ខ្មែរ​ចាស់​ៗ​បាន​ចំនួន ១២​រឿង​រួច​មក​ហើយ ហើយ​នៅ​ខ្លះ​ទៀត​នឹង​ត្រូវ​បន្ត​ស្រាវ​ជ្រាវ​យក​មក​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​។

ជុំវិញ​គម្រោង "១ម៉ឺន​អាល័យ" នេះ លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ និង​ឯកឧត្ដម ស៊ិន ច័ន្ទ​សាយ៉ា ទីប្រឹក្សា​ក្រសួង​វប្បធម៌ បាន​កើត​សរសើរ​ចំពោះ​សកម្មភាព​នៃ​គម្រោង​ខាង​លើ ដោយ​ចាត់​ទុក​ថា​នេះ​ជា​គំរូ​ល្អ​មួយ​សម្រាប់​យុវជន​ខ្មែរ ក្នុង​ការ​ចូល​រួម​លើក​ស្ទួយ និង​អភិរក្ស​សិល្បៈ​ភាពយន្ត​របស់​ខ្មែរ ឲ្យ​នៅ​ស្ថិតស្ថេរ​គង់វង្ស។ ដូច្នេះ​ហើយ លោក​ប្រធាន​នាយកដ្ឋាន និង​ឯកឧត្ដម​ទី​ប្រឹក្សា​ក្រសួង សូម​គាំទ្រ​ចំពោះ​គម្រោង​ដ៏​អស្ចារ្យ​នេះ។

មាន​ប្រសាសន៍ ដាច់​ដោយ​ឡែក ឯកឧត្តម ស៊ិន ច័ន្ទ​សាយ៉ា បាន​ស្នើ​ឲ្យ​យុវជន​ចូល​រួម​គាំទ្រ​មរតក​ភាពយន្ត​ខ្មែរ​ទាំង​អស់ និង​សូម​ទៅ​ទស្សនា​ឲ្យ​បាន​ច្រើន ក្នុង​នោះ​ឯកឧត្ដម​លើក​ឡើង​ដោយ​ចង់​ឲ្យ​យុវជន​ដឹង​ពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ផ្ដោត​ពេល​ទៅ​ទស្សនា​ភាពយន្ត នោះ​គឺ "គុណ​តម្លៃ​សេដ្ឋកិច្ច និង​គុណ​តម្លៃ​វប្បធម៌" ដែល​ជា​តម្លៃ​ដ៏​សំខាន់​នៃ​ភាពយន្ត​ខ្មែរ​ពី​អតីតកាល។

តាម​ម្ចាស់​គម្រោង​ខាង​លើ ឯកសារ​ភាពយន្ត​ដើម ប្រភេទ​ហ្វីល នឹង​ត្រូវ​យក​ទៅ​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ឃើញ​នឹង​ស្គាល់​នៅ​ខាង​ក្រៅ​សាល។ ដោយ​ឡែក​ឯកសារ​រឿង​ប្រភេទ​ឌីជីថល នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ខាង​ក្នុង​សាល៕

អត្ថបទ៖ ទារិកា

មតិយោបល់