• 2019-10-07 07:56:49
  • ព័ត៌មាន

ស្រី​ស្អាត ៣ រូប ចេះ​អង់គ្លេស​​ស្ទាត់​ជំនាញ ត្រៀម​តំណាងកម្ពុជា ចេញ​ទៅ​ប្រកួត​នៅម៉ាឡេស៊ី

  • 2019-10-07 07:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​ដែល​ទទួល​បាន មាន​តារា​ម៉ូដែល​វ័យ​ក្មេង ដ៏​​មាន​ស្រស់​សោភា ៣ រូប ត្រូវ​​បាន​ជ្រើស​រើស​តំណាង​ឱ្យ​ប្រទស​កម្ពុជា ចេញ​ទៅ​ប្រកួត​ក្នុង​កម្មវិធី " Miss Cosmoworld” ២០១៩ ដែល​រៀប​ចំ​ឡើង​នៅ​ប្រទេស ម៉ាឡេស៊ី​នា​ពេល​ឆាប់​ៗ​ខាង​មុខ ។  

(រាប់​ពី​ឆ្វេង) កញ្ញា ជិន នារីរ័ត្ន កញ្ញា ស៊ុយ បូណាវីន និង​កញ្ញា ផៃ រ៉ាវី

បេក្ខនារី​ទាំង ៣ រូប​នោះ​រួម​មាន​កញ្ញា ស៊ុយ បូណាវីន កញ្ញា ផៃ រ៉ាវី និង កញ្ញា ជិន នារីរ័ត្ន អ្នកទាំង ៣ សុទ្ធ​តែ​មាន​ទេពកោសល្យ និង​មាន​រូប​សម្រស់ស្រស់​សោភា។ កាន់​តែ​ពិសេស គឺ​ស្រី​ស្អាត​ទាំង​៣​របស់​យើង អាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​ទៀតផង ដែល​ពួក​គេ​ត្រូវ​បាន​ក្រុម New Face Cambodia ជ្រើស​រើស​តំណាង​កម្ពុជា សម្រាប់​ប្រកួត​ប្រជែង​ក្នុង​កម្មវិធីខាង​លើ។  

តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន ជិន នារីរ័ត្ន តំណាង Miss Cosmopolitanworld Cambodia  2019 បាន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស ម៉ាឡេស៊ី នៅ​ថ្ងៃ​នេះ​មុន​ហើយ ។ ដោយ​ឡែក កញ្ញា ស៊ុយ បូណាវីន និង កញ្ញា ផៃ រ៉ាវី នឹងត្រូវ​ហោះ​ចេញ​នៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩ ។

ជិន នារីរ័ត្ន

នៅ​មុន​ពេល​ចាក​ចេញ កញ្ញា ជិន នារីរ័ត្ន បាន​ឲ្យដឹង​​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កញ្ញា​មាន​ឱកាស​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស។ ដូច្នេះ​ហើយ​កញ្ញា សប្បាយ​ចិត្ត​ខ្លាំង ក្រោយ​ត្រូវ​បាន New Face ជ្រើស​រើស​កញ្ញា​តំណាង​ឱ្យ​កម្ពុជា​ពេល​នេះ។ "មាន​អី​ទេ​បង គឺ​សប្បាយ​ចិត្ត​ខ្លាំង និង​មោទកភាព​ណាស់ ហើយ​ខ្ញុំ​នឹង​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​បាន​ទទួល​លទ្ធផល​ល្អ​ពី​ការ​ប្រកួត​នេះ ដើម្បី​ខ្លួន​ឯង​ផង ដើម្បី​ប្រទេស​យើង​ផង"។

ជិន នារីរ័ត្ន មាន​ស្រុក​កំណើត​នៅ​ខេត្ត តាកែវ និង​មានវ័យ ២០ ឆ្នាំ​បាន​បញ្ជាក់​ថា កញ្ញា បាន​ត្រៀម​ឧបករណ៍ ទ្រ​ខ្មែរ ដើម្បី​បង្ហាញ​ឱ្យ​ពិភព​លោក​បាន​ស្គាល់ ។ ចំណែក​សម្លៀក​បំពាក់​វិញ​កញ្ញា បាន​ជ្រើស​រើស​សំលៀក​បំពាក់ អប្សរា ដើម្បី​បង្ហាញ​នៅ​ក្នុង​ការ​ប្រកួត​នោះ ។

កញ្ញា ស៊ុយ បូណាវីន

វិល​មក​កញ្ញា ស៊ុយ បូណាវីន វិញ មានវ័យ ២៣ ឆ្នាំ ឲ្យ​ដឹង​ថា ត្បិត​នាង​ធ្វើ​ជា​តារា​សម្តែង និង​បង្ហាញ​ម៉ូដ ជា​ច្រើន​ឆ្នាំ​​ហើយ​ក្ដី ប៉ុន្តែ​នេះ​ជាសម្រាប់​ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស គឺ​ជា​លើក​ដំបូង​ដូច​គ្នា ដូច្នេះ​ហើយ​នាង​សប្បាយ​ចិត្ត​ខ្លាំង សម្រាប់​ឱកាស​បាន​ចេញ​ទៅ​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​បែបនេះ ។ បូណាវីន បាន​ប្រាប់​ថា នាង​បាន​ត្រៀម​ក្បាច់​គុន​ល្បុក្កត្តោ ព្រម​ទាំង​សម្លៀក​បំពាក់ ខ្មែរ ដែល​ច្នៃ​ម៉ូដ​ដោយ​ស្នាដៃ​កូន​ខ្មែរ។ ឈុត​នោះ ត្រូវ​បាន​ឲ្យ​​ឈ្មោះ​ថា  ធីតា​កម្ពុជា​ក្រុង​ចតុមុខ​មង្គល ដើម្បី​បង្ហាញ​ឱ្យ​ពិភព​លោក​បាន​ស្គាល់ ។

កញ្ញា ផៃ រ៉ាវី

រី​ឯ​កញ្ញា ផៃ រ៉ាវី មាន​វ័យ ២២ ឆ្នាំ បច្ចុប្បន្ន​តារា​បង្ហាញ​ម៉ូដ​ដ៏​លេចធ្លោ​ម្នាក់ ជាមួយ​នឹង​ការ​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួត  Miss Cosmoworld 2019 កញ្ញា​បានឲ្យ​ដឹង​ថា នាង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ជាមួយ សម្លៀក​បំពាក់​ខ្មែរ ព្រម​ទាំង​នាំ​របាំ​ខ្មែរ យក​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ ។ ពួក​គេ​ទាំង​៣ សង្ឃឹម និង​អំពាវនាវ​ឲ្យ​បង​ប្អូន ខ្មែរ ជួយ​បោះ​ឆ្នោត​គាំទ្រ​ពួក​គេ​នៅ​ក្នុង​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ ឱ្យ​បាន​ច្រើន​ៗ​ផង៕    

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់