• 2019-10-09 03:17:44
  • ព័ត៌មាន

លេច​ភាពយន្ត​ខ្មែរ​មួយ​ចាយ​លុយ​សម្បើម ដើម្បី​ផ្សព្វផ្សាយ​ពី​ដំរី​ខ្មែរ និង​តំបន់​ភូមិ​ភាគ​ឦសាន​កម្ពុជា

  • 2019-10-09 03:17:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​ដែល​ទទួល​បាន នៅ​អំឡុង​ចុង​ឆ្នាំ ២០១៩​នេះ មាន​ភាពយន្ត​ខ្មែរ​ដ៏​ធំ​មួយ​រឿង​មួយ​រឿង បាន និង​កំពុង​សម្ងំ​ថត​សាច់​រឿង​របស់​ខ្លួន​ជាមួយ​ទុន​វិនិយោគ​សម្បើម ដើម្បី​ផ្សព្វផ្សាយ​ពី​សត្វ​ដំរី និង​សក្ដានុពល​ទេសចរណ៍​នា​ខេត្ត​ភូមិ​ភាគ​ឦសាន​​របស់​កម្ពុជា។

ភាព​ខាង​លើ​នោះ តាម​ការ​ឲ្យ​ដឹង គឺ​ជា​ការ​វិនិយោគ​របស់​ទូរទស្សន៍​មួយ គឺ CTN ដែល​មាន​ចេតនា​លើក​កម្ពស់​ពី​សត្វ​ដំរី​កម្ពុជា ស្រប​ពេល​ដែល​កន្លង​មក​មាន​ភាពយន្ត​ក្នុង​ស្រុក​តិច និង​ស្ទើរ​គ្មាន​ផង និយាយ​អំពី​សត្វ​ដំរី ប្រភេទ​សត្វ​មួយ​ដែល​ទាម​ទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ថែ​រក្សា និង​ការពារ។ នេះ​បើ​តាម​លោក បេនលី ម៉ាប់ ដែល​ជា​អ្នក​ដឹកនាំ​រឿង​។ ដូច្នេះ​ហើយ សូម្បី​តែ​ចំណង​ជើង​នៃ​រឿង ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​សត្វ​ដំរី​នេះ​ដែរ។

តាម​លោក ម៉ាប់ នេះ​ជា​ខ្សែ​ភាពយន្ត​ភាគ​ខ្នាត​ធំ​ប្រចាំ​ឆ្នាំ​របស់​ម្ចាស់​វិនិយោគ​ខាង​លើ ដែល​រឿង​នេះ មាន​ចំណង​ជើង​ថា "ម្ចាស់​ក្រោល​ដំរី" ត្រូវ​បាន​ដំណើរ​ការ​ផលិត​ជាមួយ​ទុន​វិនិយោគ​ប្រមាណ ៤០​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ ភាគ​ច្រើន​នៃ​សាច់​រឿង​ទាំង​មូល​ត្រូវ​បាន​ថត​នៅ​លើ​ទឹក​ដី​ខេត្ត​មណ្ឌល​គីរី ពិសេស​ក្នុង​ភូមិ​ពូ​តាំង សង្កាត់​រមនា ក្រុង​សែន​មនោរម្យ​ខេត្ត​មណ្ឌលគីរី ទីតាំង​ដែល​សត្វ​ដំរី​ត្រូវ​បាន​ថែ​រក្សា​ការពារ​ឲ្យ​នៅ​មាន​សេសសល់​ខ្លះ​ដោយ​បង​ប្អូន​ជនជាតិ​ក្នុង​តំបន់។

លោក បេនលី ម៉ាប់(អាវស)

“ចំណុច​សំខាន់​នៃ​រឿង​នេះ គឺ​ចង់​ផ្សព្វផ្សាយ​ពី​សត្វ​ដំរី និង​ខេត្ត​មណ្ឌលគីរី ខេត្ត​ដែល​មាន​សក្ដានុពល​ទេសចរ​ធម្មជាតិ​របស់​យើង និង​ចូល​រួម​លើក​កម្ពស់​ស្មារតី​ថែ​រក្សា និង​ការពារ​ធនធាន​ធម្មជាតិ​របស់​យើង ពិសេស​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​ជនជាតិ​ឲ្យ​ចូល​រួម​អភិរក្ស ថែ​រក្សា​ការពារ​ព្រៃ​ឈើ និង​សត្វ​ព្រៃ​របស់​យើង!"។ លោក បេនលី ម៉ាប់ ថ្លែង។

រឿង "ម្ចាស់​ក្រោល​ដំរី" គឺ​ជា​ប្រភេទ​ភាពយន្ត​ភាគ​ខ្នាត​ធំ សម្រាប់​ចាក់​បញ្ចេញ​នៅ​លើ​កញ្ចក់​ទូរទស្សន៍។ ក្នុង​នយោបាយ​ផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​របស់​កម្ពុជា ភាព​យន្ត​នេះ បាន​ទៅ​បោះ​ទីតាំង​ថត​នៅ​តំបន់​មាន​សក្ដានុពល​ទេសចរណ៍​សំខាន់​ៗ​ជា​ច្រើន ក្នុង​នោះ ក្រៅ​ពី​ភូមិសាស្ត្រ​ខេត្ត​មណ្ឌល​គីរី ក៏​បាន​ចុះ​ទៅ​ដល់តំបន់​ទឹក​ធ្លាក់​ច្រក​ល្អៀង​របស់​ខេត្ត​ពោធិ៍សាត់ តំបន់​មួយ​ចំនួន​នៅ​ខេត្ត​សុរិន្ទ និង​រាជ​ធានី​ភ្នំពេញ​ជា​ដើម។

តួ​សម្ដែង​ក្នុង​រឿង​ភាគ​ខ្នាត​ធំ​នេះ មាន​អ្នក​នាង អម្ពរ ទេវី លោក អ៊ុន សិទ្ធា ឆុំ វត្តី ជា សំណាង និង​តារា​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត។លោក បេនលី ម៉ាប់ ដែល​ជា​អ្នក​ដឹកនាំ​រឿង​ល្បី​ក្នុង​រឿង "ឆន្ទា" ដែរ​នោះ សុំ​មិន​អធិប្បាយ​ជុំ​វិញ​សាច់​រឿង​នៃ​ភាពយន្ត​ភាគ​ទូរទស្សន៍ "ម្ចាស់​ក្រោល​ដំរី" ត្បិត​ថា សាច់​រឿង​ទាំង​មូល​បាន​ថត​កាន់​តែ​ជិត​ចប់​ទៅ​ហើយ ដោយ​ក្នុង​នោះ​លោក​ចង់​ទុក​ឲ្យ​ប្រិយមិត្ត​ទស្សនា និង​ស្វែង​យល់​ដោយ​ខ្លួន​ឯង។

យ៉ាង​ណា​លោក​អះអាង​ថា នេះ​ជា​ខ្សែ​ភាពយន្ត​ភាគ​ដ៏​ល្អ និង​ទាក់​ទាញ​មួយ ដោយ​ទស្សនីយភាព​ភាគ​ច្រើន​ក្នុង​សាច់​រឿង គឺ​មាន​បង្ហាញ​ពី​តំបន់​ជនបទ ព្រៃ​ភ្នំ ជ្រលង​ដង​អូ ស្រុក​ស្រែ ចម្ការ និង​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​ផ្សេង​ៗ​ទៀត ពិសេស គឺ​តំបន់​សក្ដានុពល​ទេសចរណ៍​ធម្មជាតិ​របស់​កម្ពុជា​ច្រើន។ ប្រសិន​បើ​អ្វី​ដើរ​ទៅ​តាម​ការ​គ្រោង​ទុក លោក បេនលី ម៉ាប់ ប្រាប់​ថា ខ្សែ​ភាពយន្ត​ភាគ "ម្ចាស់​ក្រោល​ដំរី" អាច​នឹង​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​នៅ​លើ​កញ្ចក់​ទូរទស្សន៍ CTN នៅ​ខ្ទង់​ដើម​ឆ្នាំ ២០២០ ខាង​មុខ​នេះ​ប៉ុណ្ណោះ៕

សកម្មភាព​ក្រៅ​ឆាក​របស់​ក្រុម​ផលិត​រឿង "ម្ចាស់​ក្រោល​ដំរី"(រូបភាព៖ ផ្ដល់​ដោយ បេនីលី ម៉ាប់)

អត្ថបទ៖ ទារិកា

មតិយោបល់