• 2019-10-14 03:06:52
  • ភាពយន្ត

មិន​បាច់​រង់ចាំយូរទៀតទេ! រឿងភាគខ្មែរ «តួគេ ខ្ញុំសម្តែង» ត្រៀមចាក់ផ្សាយជាផ្លូវការហើយ!

  • 2019-10-14 03:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្តាអ្នកគាំទ្រ ក៏ដូចជាទស្សនិកជនជាច្រើន បាននឹងកំពុងតែទន្ទឹងរង់ចាំការមកដល់នៃខ្សែភាពយន្តភាគខ្មែរថ្មីប្រចាំឆ្នាំ២០១៩ របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ជាមួយនឹងសាច់រឿងប្លែកជាងមុន នោះ គឺរឿង «តួគេ ខ្ញុំសម្តែង» ។ ក្រោយពីការបង្ហោះ និង​ចែកចាយរូបភាព ឈុតខ្លីៗដែលដកស្រង់ចេញពីរឿងនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកផេករបស់ភីអិនអិន ( PNN Drama Fan Club) រួចមក ឃើញថា មានបងប្អូនជាច្រើនចាប់អារម្មណ៍ទៅលើចំណងជើងរឿងនេះ ក៏ព្រោះតែមើលទៅបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ថែមទាំងបង្ហាញពីសិល្បៈវប្បធម៌ខ្មែរទៀតផង។

ក្នុងនោះ តួឯកប្រុសវ័យក្មេង គឺលោក អេតវីន ដែលលោកសម្តែងជាតួអង្គពីរផ្សេងគ្នា ខុសទាំងចរិតលក្ខណៈ និងការប្រើប្រាស់ពាក្យពេចន៍។ តួយ៉ាង លោកក៏ជាតួអង្គអ្នកកំឡោះសាមញ្ញម្នាក់ផង និងជាតួព្រះអង្គម្ចាស់រស់នៅក្នុងត្រកូលរាជវង្សផងដែរ។ មួយវិញទៀតនោះ តារាស្រីរូបស្រស់សោភាដែលទើបនឹងរះនៅលើវិថីសិល្បៈ កញ្ញា ម៉ូនី វិជ្ជរ៉ា ក៏ជាតួឯកស្រី ព្រះនាងលំអង ដែលពោរពេញទៅដោយភាពស្រស់ស្អាតបែបធម្មជាតិ សាកសមនឹងតួអង្គខ្សែរាជវង្ស និងរួមទាំងតារាសម្តែងជាច្រើននាក់ទៀត។

ម្យ៉ាងវិញទៀត នៅក្នុងភាពយន្តភាគនេះ គឺមានទៅដោយគ្រប់ឈុតឆាកនៃរសជាតិជីវិត សើចសប្បាយ កំប្លុកកំប្លែង បាញ់ប្រហារ ការច្រណែនឈ្នានីសគ្នាទៅវិញទៅមក ប៉ុន្តែចុងក្រោយគឺត្រូវបានបញ្ចប់ដោយភាពស្ងប់ចិត្តរៀងៗខ្លួន ក៏ព្រោះតែតួអង្គមនោ បុរសសាមញ្ញម្នាក់ទៅវិញ។ លើសពីនោះទៀត ក៏មានដំណើររឿងអតីតកាលដែលនឹងត្រូវរំលឹកមកវិញ ដែលកាន់តែធ្វើឱ្យសាច់រឿងកាន់តែល្អមើលខ្លាំងឡើងៗ។

សូមកុំភ្លេចរង់ចំាតាមដានទស្សនា រឿង «តួគេ ខ្ញុំសម្តែង» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩ ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៧ និង ៥០ នាទីយប់ រហូតដល់ម៉ោង ០៩ យប់៕

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់
អត្ថបទពេញនិយម