• 2019-10-14 09:23:34
  • ជីវិតតារា

នេះជាលើកចុងក្រោយបង្អស់ដែលអ្នកគាំទ្របានឃើញមុខ Sulli

  • 2019-10-14 09:23:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​​​ធំៗ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​អំពី​ដំណឹង​នៃ​ការ​ស្លាប់​របស់ Sulli អតីត​សមាជិក​​ក្រុម​ចម្រៀង​កូរ៉េ f(x)។ សមត្ថកិច្ច​បាន​ប្រាប់​ដល់​សារព័ត៌មាន​កូរ៉េ Yonhap ថា​អ្នក​គ្រប់​គ្រង​របស់​នាង​បាន​រក​ឃើញ​នា​ស្លាប់​នៅ​ផ្ទះ នៅ​​សង្កាត់​ Sujeong-gu ក្រុង​ Seongnam ខេត្ត Gyeonggi ប្រទេស​កូរ៉េ​ខាង​ត្បូង។

មុន​ការ​ស្លាប់​នេះ​ប្រមាណ​ជា​ ៤ ថ្ងៃ​គឺ​ Sulli បាន​បង្ហោះ​រូបភាព​ផ្ទាល់​ខ្លួន​ទៅ​លើ​គណនី Instagram ដែល​រូប​ភាព​នេះ​មាន​ភ្ជាប់​ជា​មួយ​ពាក្យ​ដែល​បក​ប្រែ​ថា​ "ក្រហម"។ វា​ជា​រូបភាព​ចុង​ក្រោយ​បង្អស់​ដែល​ Sulli បន្សល់​ទុក​ដល់​អ្នក​គាំទ្រ។

ទន្ទឹម​នឹង​នេះ​ដែរ Sulli គឺ​ជា​អ្នក​សម្របសម្រួល​ម្នាក់​ប្រចាំ​កម្មវិធី "Reply Night” របស់​ទូរទស្សន៍​កូរ៉េ JTBC។ នៅ​ថ្ងៃ​ទី ១១ ខែ​តុលា វីដេអូ​ខ្លី​ៗនៃ​កម្មវិធី​នេះ​ត្រូវ​បាន​បង្ហោះ​ឡើង ដែល​អាច​ចាត់​ទុក​ថា​ជា​វីដេអូ​ចុង​ក្រោយ​បំផុត​របស់ Sulli។

គួរ​ដឹង​ដែរ​ថា​មុន​ដំណឹង​ទុក្ខ​សោក​​នេះ​ ៤ ខែ​ Sulli បាន​ប្រឡូក​ជា​តារា​ចម្រៀង​ទោល​ ដែល​​ចេញ​ផ្សាយ​បទ​ចម្រៀង Goblin និង​បាន​ឡើង​សម្ដែង​ឆាក​ពិសេស​ក្នុង​កម្មវិធី​ប្រគំ​តន្រ្តី​ SM Town Theartre នា​ទីក្រុង​សេអ៊ូល នៅ​ថ្ងៃ​ទី ២៩ មិថុនា។

Sulli ចូល​ប្រឡូក​សិល្បៈ​ដំបូង​នៅ​ឆ្នាំ ២០០៥ ពេល​មាន​អាយុ​ទើប​តែ ១១ ឆ្នាំ ដែល​នាង​​សម្ដែង​ជា​ព្រះ​នាង​ Seonhwa ក្នុង​ខ្សែ​ភាពយន្ត​ភាគ Ballad of Seodong របស់​ SBS។ បន្ត​មក​ទៀត​នាង​បាន​ដាក់​ពាក្យ​ប្រឡង​ចូល​ផលិតកម្ម SM Entertainment និង​ក្លាយ​ជា​អ្នក​ហាត់​ការ​ម្នាក់។ Sulli ប្រឡូក​​ក្នុង​​វិស័យ​ចម្រៀង​ក្នុង​នាម​ជា​សមាជិក​ម្នាក់​នៃ​ក្រុម f(x) នៅ​ខែ​កញ្ញា ឆ្នាំ ២០០៩។ យ៉ាងណាក្ដី​នៅ​ខែ​សីហា ២០១៥ ​មាន​ការ​បញ្ជាក់​ថា​នាង​បាន​ចេញ​ពី​ក្រុម f(x)៕

ចុចអាន ៖ ក្ដៅៗ! ផ្អើលដំណឹងមរណភាពរបស់ Sulli នៅ​មុននេះបន្តិច

ប្រភព៖ Metro ប្រែ​សម្រួល៖ សុខហេង

មតិយោបល់