• 2019-10-15 03:03:38
  • ព័ត៌មាន

Boy Pakorn ថា មក​កម្ពុជា​៣​លើក​ហើយ តែ​មាន​រឿង​មួយ​ធ្វើ​ឲ្យ​លោក​មិន​ដែល​អស់​ចិត្ត​សោះ

  • 2019-10-15 03:03:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រួម​ដំណើរ​ជាមួយ​មិត្ត​រួម​អាជីព​ម្នាក់ គឺ​ស្រី​ស្អាត Mint Chilida តារា​ប្រុស​កំពូល​របស់​ថៃ Boy Pakorn បាន​មក​ដល់​ប្រទេស​កម្ពុជា​ជា​ថ្មី​កាល​ពី​២​ថ្ងៃ​មុន ដែល​ដូច​តែ​លើក​មុន គឺ​លោក​រមែង​កើត​មាន​ការ​មិន​អស់​ចិត្ត​មួយ​រហូត។

នេះ​ជា​ដំណើរ​លើក​ទី​៣​របស់​តារា​ប្រុស​ល្បី​ឈ្មោះ​រូប​នេះ ដោយ​លោក​មក​ដើម្បីចូល​រួម​ព្រឹត្តិការណ៍​ពិព័រណ៌​គ្រឿង​ពេជ្រ Chateau Des Gems ដ៏​ធំ​មួយ​នៅ​កម្ពុជា។ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ នៅ​ថ្ងៃ​ទី​២ ដែល​ជា​ថ្ងៃ​បញ្ចប់​កម្មវិធី លោក​បាន​ដើរ​បង្ហាញ​ម៉ូដ និង​បក​ស្រាយ​បទ​ចម្រៀង​មួយ​បទ​យ៉ាង​ពីរោះ។ ភ្លាម​នោះ មិន​ត្រឹម​តែ​យុវវ័យ​ជាអ្នក​គាំទ្រ​លោក​​ប៉ុណ្ណោះ​ទេ ដែល​ស្រវាចាប់​ដៃ​​លោក​សុំ​ថត​រូប សូម្បី​តែ​ភ្ញៀវ​កិត្តិយស​វ័យ​កណ្ដាល​ៗ ក៏​ចាប់ឱប​លោក​ដោយ​ក្ដី​ស្រលាញ់​ដែរ។

តប​នឹង​ការ​គាំទ្រ​នេះ Boy Pakorn បញ្ជាក់​ថា​លោក សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​ការ​គាំទ្រ ហើយ​នោះ​ជា​មូលហេតុ​ដែល​លោក​រមែង​ទទួល​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ម្ដង​ហើយ​ម្ដង​ទៀត។ ប៉ុន្តែ​លោក​ថា ជាមួយ​គ្នា​លោក​ក៏​រមែង​សល់​នូវ​ចិត្ត​សោក​ស្ដាយ​ ក៏​ដូច​ជា​មិន​អស់​ចិត្ត​រាល់​តែ​លើក​ដែរ រាល់​បេសកកម្ម​មក​ប្រទេស​កម្ពុជា។

ការ​ដែល​លោក​សោក​ស្ដាយ​នោះ គឺ​ថា មិន​ថា​លើក​ណា គឺ​លោក​មាន​ពេល​វេលា​តិច​បំផុត​នៅ​ក្នុង​ប្រទេស​នេះ ដោយ​មក​ពេល​ព្រឹក​ទៅ​វិញ​ពេល​ល្ងាច ក៏​ព្រោះ​តែ​លោក​មាន​កិច្ចការងារ​ច្រើន ដែល​មិន​អាច​ឲ្យ​លោក​ស្នាក់​នៅ​​បាន​យូរ និង​ដើរ​កម្សាន្ត​ទៅ​កន្លែង​មួយ​ល្បី​ៗ​មួយ​ចំនួន​របស់​កម្ពុជា​បាន​សោះ។

វិល​មក​ដំណើរ​លើក​នេះ ក៏​មិន​ខុស​មុន​ដែរ ព្រោះ​បាន​សម្រាក​តែ​មួយ​យប់​ប៉ុណ្ណោះ ក៏​ត្រូវ​ត្រលប់​ទៅ​ថៃ​វិញ​នៅ​​ពេល​ព្រឹក​បន្ទាប់។ ដូច្នេះ​ហើយ​លោក​​សង្ឃឹម​ថា បេសកកម្ម​លើក​ក្រោយៗ លោក​អាច​សល់​ពេល​ច្រើន​ជាង​នេះ ដើម្បី​បាន​ដើរ​កម្សាន្ត​ទស្សនា​កម្ពុជា​ផង។

នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ក្រៅ​ពី​តារា​ថៃ​ទាំង​ប្រុស​ទាំង​ស្រី ក៏​មាន​តារា​ខ្មែរ​ល្បី​ៗ​ជា​ច្រើន​ទៀត​ក្នុង​កម្មវិធី​ពិព័រណ៌​ពេជ្រ​ខាង​លើ​នោះ​ដែរ ក្នុង​នោះ​មាន ដូច​ជា​អ្នកនាង យុគ ចិន្តា និង​តារា​ម៉ូដែល​ល្បី​ៗ​ជា​ច្រើន​រូប ដូច​ជា​កញ្ញា ម៉ាក់​សែន សូនីតា ជា​ដើម។ លោក​​ស្រី ម៉ៅ ពោរ​ពេញ អគ្គនាយិកា​ហាង​ពេជ្រ Chateau Des Gems បាន​ថ្លែង​បញ្ជាក់​ថា លោក​ស្រី​មោទកភាព​ណាស់ ដែល​បាន​បង្កើត​ព្រឹត្តិការណ​ពិព័រណ៌​ពេជ្រ​ដ៏​ធំ​ជា​លើក​ទី៦ ក្នុង​នោះ​ថែម​ទាំង​អាច​នាំ​តារា​ថៃ​ល្បី និង​តារា​ខ្មែរ​ល្បី​ៗ​អាច​មក​ជួប​ជុំគ្នា​ផង។

លោក អះអាង​ថា នឹង​មាន​ព្រឹត្តិការណ៍​ពិសេស​ៗ​បែប​នេះ​បន្ត​ទៀត​នា​ពេល​ខាង​មុខ ដែល​អាច​នឹង​នាំ​តារា​បរទេស​ល្បី​ផ្សេង​ទៀត មក​ជួប​ជុំ​ជាមួយ​តារា​ល្បី​ៗ​ក្នុង​ស្រុក​ដើម្បី​បង្កើន​ទំនាក់​ទំនង​រវាង​គ្នា និង​បង្ហាញ​ពី​សក្ដានុពល​ទីផ្សារ​ពេជ្រ​របស់​កម្ពុជា​ទៅ​កាន់​ពិភព​លោក​ផង៕

រូបថត៖សហការី

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី