• 2019-10-18 04:18:53
  • ភាពយន្ត

"រសាត់អណ្ដែត" ខ្សែភាពយន្ត​បង្ហាញ​ពី​ជីវិត​ទាសករ​លើ​ទូក​នេសាទ​ថៃ ចាប់​ផ្ដើមចាក់​បញ្ចាំងហើយ

  • 2019-10-18 04:18:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ត Buoyancy ដែល​មាន​ចំណងជើង​ជាភាសា​ខ្មែរថា "រសាត់អណ្ដែត" ត្រូវ​ចាក់​បញ្ចាំងជាផ្លូវការ​​នៅ​គ្រប់​រោងភាពយន្ត ចាប់​ពី​ថ្ងៃ​ទី១៨ ខែតុលា​ ឆ្នាំ២០១៩ នេះ ក្រោយ​ចាក់បញ្ចាំង​តាម​មហោស្រពភាពយន្ត​អន្តរជាតិនៅ​ប្រទេស​មួយចំនួន នា​ពេល​កន្លងមក។

ខ្សែភាពយន្ត​បែប​សោទនាកម្ម ដែល​ត្រូវ​បាន​ថត​ស្ទើរ​តែ​ទាំងស្រុង​នៅ​លើ​សមុទ្រ​ក្នុង​ប្រទេស​កម្ពុជានេះ ​រៀបរាប់​អំពី​ក្មេងប្រុស​អាយុ ១៤ឆ្នាំ​ម្នាក់ ដែល​បាន​ចាកចេញ​ពីផ្ទះនៅស្រុក​កំណើត ដើម្បី​ស្វែងរក​ជីវិត​ដែល​ប្រសើរ​ជាង​មុន ប៉ុន្តែ​ត្រូវ​ធ្លាក់​ខ្លួន​ធ្វើ​ជា​ទាសករ​នេសាទ​តាម​ទូក​ កណ្ដាល​សមុទ្រ​ទៅវិញ។

រសាត់អណ្ដែត ត្រូវ​បាន​គាំទ្រ​ក្នុង​ការ​ផលិត​ដោយមជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ និង​ទទួល​ការ​ថតភាពយន្ត​នៅ​កម្ពុជា (CFC)។ ខ្សែភាពយន្តនេះ ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខភាព​របស់​ប្រទេស​អូស្រ្ដាលី សម្រាប់​ខ្សែភាពយន្ត​ខ្នាង​វែង​អន្តរជាតិ​ល្អបំផុត នៅ​ឯ​ពាន​រង្វាន់ Oscars Academy Awards លើក​ទី៩២។ មុន​ចាក់បញ្ចាំងនៅកម្ពុជា រឿងនេះ​ត្រូវ​បាន​ចាក់បញ្ចាំង​លើក​ដំបូង​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិប៊ែកឡាំង ប្រទេស​អាល្លឺម៉ង់ និង​មហោស្រព​ភាពយន្ត​អន្តរជាតិ​មែលប៊ន ប្រទេស​អូស្រ្ដាលី។

ឈុតមួយក្នុងរឿងរសាត់អណ្ដែត

រឿងរសាត់អណ្ដែត ត្រូវ​បាន​និពន្ធ និង​ដឹកនាំ​រឿង​ដោយ​លោក Rodd Rathjen ជនជាតិ​អូស្រ្ដាលី និង​ផលិត​ដោយ​ក្រុមហ៊ុន Causeway Film សហការជាមួយ CFC និងផលិតកម្ម Anupheap Production។

លោក Rodd បាន​មាន​ប្រសាសន៍ថា៖ "បទពិសោធន៍​នៃ​ការ​ផលិត​ខ្សែភាពយន្ត​នៅ​កម្ពុជា គឺជា​បទពិសោធន៍​ដែល​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​​ពិត​ជា​មាន​កិត្តិយស​ណាស់ ដែល​បាន​ធ្វើ​ការ​ជាមួយ​តួសម្ដែង និងក្រុមការងារ​បច្ចេកទេស​កម្ពុជា ថៃ វៀតណាម និងមីយ៉ាន់ម៉ា។ នេះជា​បទពិសោធន៍​ដ៏អស្ចារ្យ​ក្នុង​ជីវិត​របស់​ខ្ញុំ"។

នៅក្នុងសន្នីសីទ​សារព័ត៌មាន នាថ្ងៃទី១៧ ខែតុលា នៅ​រោងភាពយន្ត Major Cineplex នាផ្សារទំនើប AEON សែនសុខ លោក ជៀប សុវិជ្ជា ប្រធាន CFC ក៏បាន​មាន​ប្រសាសន៍​ដែរថា ខ្សែភាពយន្ត​នេះ ត្រូវ​បាន​ថត​នៅ​កណ្ដាល​សមុទ្រ រយៈពេល​ ៥សប្ដាហ៍ ដើម្បី​ឲ្យ​ដូច​ទិដ្ឋភាព​ជាក់ស្ដែង។ លោក​បាន​កោតសរសើរ​ក្រុម​ការងារ​ទាំងអស់ ដែល​បានតស៊ូពុះពារ​នៅ​កណ្ដាល​សាគរ រហូត​ទទួល​បាន​ជោគជ័យ។

សន្និសីទ​សារព័ត៌មាន រឿងរសាត់អណ្ដែត

សូមទស្សនា​ឈុត​ខ្លី ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់