• 2019-10-21 02:46:12
  • ព័ត៌មាន

ស្ងាត់​ៗ អតីត​បេក្ខភាព Cambodian Idol ដា សុម៉ាវត្តី ចេញ​បទ​នៅ​ផលិតកម្ម​ថោន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល

  • 2019-10-21 02:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​បេក្ខភាព Cambodian Idol រដូវ​កាល​ទី​៣ កញ្ញា ដា សុម៉ាវត្តី បាន​ធ្វើ​រំលេច​សមិទ្ធផល​ថ្មី​យ៉ាង​ស្ងាត់​ៗ ក្រោយ​ពី​ថ្មី​ៗ​នេះ គេ​ឃើញ​មាន​បទ​ចម្រៀង​របស់​នាង​មួយ​បទ​មាន​ចំណង​ជើង​ថា "មនុស្ស​ខ្លះ" បាន​ចេញ​នៅ​ក្រោម​ផលិតកម្ម​ថោន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

​នេះ​ជា​សមិទ្ធផល​ថ្មី​ ក្រោយ​ពី​មួយ​រយៈ​កាល​កន្លង​មក គេ​ដឹង​ថា សុម៉ាវត្តី ប្រឹង​សម្ងំ​ផលិត​បទ Original Song ផ្ទាល់​ខ្លួន​មួយ​ចំនួន ដែល​ក្នុង​នោះ​បទ​ដែល​ល្បី​របស់​នាង គឺ​បទ "ត្រូវ​ការ​អ្នក​លួងលោម"។ ក្រៅ​ពី​នេះ នាង​ក៏​ច្រៀង Cover បទ​របស់​រៀម​ច្បង​ជា​ច្រើន​ទៀត។ ការ​ខិត​ខំ​ទាំង​នោះ កន្លង​មក មាន​ព័ត៌មាន​ថា ផលិតកម្ម​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ព្យាយាម​ទាក់​ទង ឥឡូវ​ស្រាប់​តែ​ឃើញ​ចេញ​បទ​នៅ​ផលិតកម្ម​ថោន​នា​ពេល​នេះ។

តាម​ការ​បញ្ជាក់​ពី​ភាគី​ខាង​កញ្ញា ដា សុម៉ាវត្តី បាន​ឲ្យ​ដឹង​ថា អតីត​បេក្ខភាព Cambodian Idol បាន​ចូល​រួម​ជាមួយ​ផលិតកម្ម​ខាង​លើ​ហើយ។ លោក ដា ធនវឌ្ឍន៍ ជា​បង​ប្រុស បាន​បង្ហើប​ថា ប្អូន​ស្រី​របស់​លោក ទើប​នឹង​បាន​ចុះ​កុងត្រា​ជាមួយ​ថោន ថ្មី​ៗ​នេះ គឺ​ប្រមាណ​ជា​២សប្ដាហ៍​មុន​ប៉ុណ្ណោះ។ យ៉ាង​ណា លោក​មិន​បាន​បង្ហើប​ថា កុងត្រា​ប៉ុន្មាន​ឆ្នាំ​ឡើយ។

ដោយ​ឡែក​បទ​ចម្រៀង "មនុស្ស​ខ្លះ" គឺ​ជា​បទ​ដំបូង​របស់​នាង ក្រោយ​ក្លាយ​ជា​តារា​ចម្រៀង​ផលិតកម្ម​តែ ២សប្ដាហ៍។ លោក ធន​វឌ្ឍន៍ បញ្ជាក់​ថា ខាង​ផលិតកម្ម​បាន​រៀប​ចំ​បទ​សម្រាប់​ប្អូន​ស្រី​លោក​ច្រើន ដែល​បទ​ទាំង​នោះ គ្រោង​នឹង​ចេញ​ជា​បន្តបន្ទាប់​នា​ពេល​ខាង​មុខ​នេះ។

ដា សុម៉ាវត្តី គឺ​ជា​អតីត​បេក្ខភាព​ក្នុង​កម្មវិធី Cambodian Idol 3 នាង​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ដោយ​សារ​នាង មាន​សំឡេង​លះ​ល្អ បូក​ផ្សំ​នឹង​រូប​សម្រស់​ស្រស់​ស្អាត​ផង។ មិន​ត្រឹម​តែ​អាច​ច្រៀង​ជា​ភាសា​ខ្មែរ​បាន​យ៉ាង​ពីរោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តាម​ការ​បញ្ជាក់​របស់​បង​ប្រុស​ដដែល បាន​ឲ្យ​ដឹង​ថា សុម៉ាវត្តី អាច​ច្រៀង​ជា​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​ថែម​ទៀត​ផង។

តោះ...ឥឡូវ​ស្ដាប់​បទ​ថ្មី​ក្នុង​ផលិតកម្ម​ថោន​របស់ ដា សុម៉ាវត្តី ទាំង​អស់​គ្នា​សិន!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម