• 2019-10-31 03:48:18
  • ព័ត៌មាន

បាន​ឃើញ បាន​ដឹង​​ ពី​ជីវិត​ប្ដី​ប្រពន្ធ​ភេទ​ដូច​គ្នា​មួយ​គូ​នេះ តិច​ថា​ច្រណែន

  • 2019-10-31 03:48:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​គូស្នេហ៍​ភេទ​ដូចគ្នា ដែល​បើក​ចំហ​ហើយ​ហ៊ាន​ទទួលស្គាល់​មិន​ខ្វល់​ពី​ការ​រិះ​គន់ គេ​កត់​សម្គាល់​ឃើញ​ថា គូស្នេហ៍​ចៅ​ខ្មែរ និង​ស្វាមី ជា​គូស្នេហ៍​ភេទ​ដូចគ្នា បាន និង​កំពុង​រស់​ក្នុង​ភាព​ស្រស់​បំព្រង​ ក៏​ព្រោះ​តែ​ទាំង​ស្នេហា និង​អាជីវកម្ម កំពុង​មាន​ដំណើរល្អ​គួរ​ឲ្យ​ច្រណែន។

អ្វី​ដែល​គេ​កត់សម្គាល់ គឺ​ចៅ​ខ្មែរ កាន់តែ​ក្លាយ​ជា​បុរស​ស្រលាញ់​ភេទ​ដូចគ្នា​ដ៏​ជោគ​ជ័យ​ម្នាក់ ទាំង​ជីវិត​គ្រួសារ និង មុខ​ជំនួញ ចាប់​តាំង​ពី​លោក​រៀបការ​ភេទ​ដូចគ្នា យ៉ាង​កក្រើក​ស្រទាប់​មហា​ជន​នៅ​កម្ពុជា​កាល​ពី​ជាង​១​ឆ្នាំ​​រួច​មក ដោយ​ក្នុង​នោះ លោក​អាច​ផ្លាស់​ប្ដូរ​ជីវភាព​អោយ​ក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់ ដែល​មាន​ទ្រព្យ​ក្នុង​ដៃ​ជា​ច្រើន។

ចៅ​ខ្មែរ បាន​រៀបការ​ជាមួយ លោក ខុន ខេមរិន្ទ ជា​ស្វាមី​កាល​ពី​ឆ្នាំ ២០១៨។ ក្រោយ​ពី​ក្លាយ​ជា​គូ​ស្វាមី ភរិយា​នឹង​គ្នា ពួក​គេ​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​រកស៊ី​អន​ឡាញ តាំងពី​បាត​ដៃទទេ រហូត​ក្លាយ​ជា​អ្នក​ជំនួញ​ធំ​ម្នាក់ ក្នុង​ចំណោម​អ្នក​រក​ស៊ី​តាម​ប្រព័ន្ធ​មួយ​នេះ​នា​ពេល​បច្ចុប្បន្ន។

តាម​ការ​ឲ្យ​ដឹង ចៅ​ខ្មែរ បច្ចុប្បន្ន​បានក្លាយ​ជា​អ្នក​នាំចូល​ផ្ដាច់មុខ​ផលិតផល​ឡេ និង​ផលិតផល​ថែរក្សា​សម្រស់​ល្បី​ឈ្មោះម្នាក់​។​ មិន​គ្រាន់តែ​ជា​អ្នក​នាំចូល​ផ្ដាច់មុខ​ផលិតផល​ម៉ាក CK Magic មក​លក់​នោះ​ទេ ប៉ុន្តែ​លោក ក៏​ត្រូវ​បាន​អ្នកឯកទេស​ថៃ បណ្ដុះ​បណ្ដាល​អោយ​ក្លាយ​ជា​អ្នក​ផ្សំ​រូប​មន្ត​លាយ​ឡេ និង​យល់​ដឹង​ច្បាស់លាស់​ពី​គុណប្រយោជន៍​នៃ​ផលិតផល​សម្រស់​ដែល​លោក​ធ្វើ​អាជីវកម្ម​នោះ​ថែម​ទៀត។

មកទល់​ពេល​នេះ បុរស​ភេទ​ទី​៣​រូប​នេះ បាន​ធ្វើ​អោយ​ផលិតផល​ខាង​លើ​ ក្លាយ​ជា​ផលិតផល​ពេញ​និយម​មួយ ហើយ​ផល​បាន​ពី​ការ​ងារ​ទាំង​នោះ តាម​ដំណឹង គឺក្នុង​មួយ​ខែ​ៗ លោក​អាច​រក​បាន​ចំណូល​ខ្ទង់​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ តួលេខ​នេះ គឺ​ចាប់​តាំង​ពី​ផលិតផល​គ្រប់​ម៉ាក​របស់​លោក​ត្រូវ​បាន​ចុះបញ្ជី​ទទួល​ស្គាល់​ដោយ​ក្រសួងពាណិជ្ជកម្ម ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​រួច​មក។

ជុំវិញ​បញ្ហា​ខាង​លើ ​ចៅ​ខ្មែរ ទទួល​ស្គាល់​ថា លោក​ហាក់​ជោគជ័យ​ខ្លាំង​មែន ចាប់​តាំង​ពី​ចាប់​ផ្ដើម​ជីវិត​គូ​មួយ​លោក ខុន ខេមរិន្ទ មក ក្នុង​នោះ មុខ​ជំនួញ​អន​ឡាញ និង ជីវិត​ស្នេហា ក៏​មាន​ដំណើរ​រលូន​ដែរ។ យ៉ាង​ណា លោក​សុំ​មិន​និយាយ​លម្អិត​ទៅ​លើ​រឿង​ទ្រព្យ​សម្បត្តិ ក៏​ដូច​ជា​ប្រាក់​ចំណូល។ ប៉ុន្តែ​លោក​គ្រាន់​តែ​បង្ហើប​ថា ពេល​នេះ លោក​កំពុង​តែ​មោទកភាព​នឹង​អ្វី​ដែល​ខ្លួន​កំពុង​មាន ពោល​គឺ ទាំង​ជំនួញ ជីវិត​ស្នេហា​ប្ដី​ប្រពន្ធ គឺ​សុទ្ធ​រីក​ស្គុះស្គាយល្អ​ណាស់។

បើ​ទោះ​សាមី​ខ្លួន មិន​ព្រម​បង្ហើប ប៉ុន្តែ​បច្ចុប្បន្ន​ លោក ចៅ​ខ្មែរ ដែល​ពី​មុន​ត្រឹម​ជា​អ្នក​មាន​ជីវភាព​ធម្មតា​នោះ បច្ចុប្បន្ន​​មាន​លទ្ធភាព​រស់​នៅ​ក្នុង​បុរី​តម្លៃ​រាប់​ម៉ឺន​ដុល្លារ មាន​កូន​ចិញ្ចឹម​ម្នាក់​គួរ​អោយ​ស្រលាញ់ ប្រើ​រថយន្ត​ស៊េរី​ទំនើប និង​មាន​ជំនួញ​រឹង​មាំ​ក្នុង​ដៃ ដែល​ផ្ដល់​ចំណូល​ខ្ទង់ ម៉ឺន​ដុល្លារ​ជាង​រៀងរាល់​ខែ ពី​ការ​លក់​ផលិតផល​អនឡាញ​ថែម​ទៀត​ផង៕

អត្ថបទ៖ ទារិកា

មតិយោបល់