• 2019-11-06 03:20:27
  • ព័ត៌មាន

នាយ ធុង ធ្លាប់​នាំ​ប្រាក់​ទៅ​ជួយ​ពេទ្យ​គន្ធបុប្ផា មិន​ក្រោម​៣០​ដង​ឡើយ ហើយ​ម្ដង​ៗ​រាប់​លាន

  • 2019-11-06 03:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង លោក ម៉ាត់ ចាន់​ថន ហៅ នាយ​ធុង បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្លួន​ធ្លាប់​នាំ​ថវិកា ទៅ​ជួយ​ដល់ មន្ទីរ​ពេទ្យ​គន្ធបុប្ផា មិន​តិច​ជាង​៣០​លើក​ឡើយ ដែល​ប្រាក់​នោះ​បាន​​មក​​ពី​ការ​ប្រគំ​តន្ត្រី តាម​ទី​សាធារណៈ​ជា​មួយ​នឹង​ក្រុម​តន្ត្រី​មួយ​ក្រុម នា​ពេល​កន្លង​មក។

នាយ​ធុង​បាន​រៀបរាប់​ឲ្យ​ដឹង​ថា កន្លង​មក​នាយ​បាន​ចូល​រួម​ក្នុង​សកម្មភាព​សប្បុរសធម៌​ជា​មួយ​​ឈ្មោះ​ថា "ក្រុម​តន្ត្រី​មូលនិធិ​ដើម្បី​មន្ទីរ​ពេទ្យ​គន្ធបុប្ផា-​ចាស់​ជរា-ក្មេង​កំព្រា-ជន​ពិការ" ដែល​ក្រុម​មួយ​នេះ មហាជន​តែង​តែ​ឃើញ ដំឡើង​​ឆាក​តន្ត្រី​ច្រៀង​នៅ​តាម​​ដង​ផ្លូវ​ជា​ច្រើន ក្នុង​រាជធានី​​ភ្នំពេញ​នាល​ពេក​​កន្លង​មក ដោយ​ការ​ចូល​រួម​សកម្មភាព​នេះ គឺ​នាយ​ចូល​ដោយ​ស្ម័គ្រចិត្ត មិន​មាន​គិត​ប្រាក់​ឡើយ។

នាយ​រំលឹក​ថា នាយ​បាន​ចូល​​រួម​ជា​មួយ​ក្រុម​តន្ត្រី​សប្បុរសធម៌​ខាង​លើ ជាង​២ឆ្នាំ​មក​ហើយ ដោយ​ចេញ​ធ្វើ​សកម្មភាព​តាម​ដង​ផ្លូវ ដោយ​នាយ​មក​សុំ​ម្ចាស់​រៀប​ចំ​នោះ ចូល​ច្រៀង​តែ​ម្ដង ដោយ​មិន​យក​ប្រាក់​ឡើយ។ នាយ​ថា ការ​ពិត​ក្រុម​តន្ត្រី​នោះ បាន​បង្កើត​ឡើង​ជាង​៥ឆ្នាំ​មក​ហើយ ជា​មួយ​នឹង​សកម្ម​ភាព​​សប្បុរស​នេះ នៅ​ពេល​​ទំនេរ​ពី​ការងារ ប្រចាំ​ថ្ងៃ នាយ​តែង​តែ​ឆ្លៀត​ទៅ​ជួយ​ច្រៀង ដើម្បី​រ៉ៃ​អង្គាស​ប្រាក់​ពី​សប្បុរសជន ដោយ​ក្ដី​សប្បាយ​រីករាយ​បំផុត។

នាយ​ធុង​ថា គិត​មក​ដល់​ពេល​នេះ ក្រុម​របស់​នាយ បាន​នាំ​ថវិកា​ទៅ​​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា មិន​ក្រោម​៣០​លើក​ឡើយ ដោយ​គិត​ជា​ទឹក​ប្រាក់ ខ្ទង់​១ម៉ឺន​ដុល្លារ​ផង​ដែរ។ "យើង​យក​ទៅ​ម្ដង​២លាន ម្ដង​៣​លាន ខ្ទង់​៣០​លើក​ហើយ សរុប​មិន​ក្រោម ១ម៉ឺន​ដុល្លារ​ទេ" លោក ​ម៉ាត់ ចាន់​ថន​ហៅ នាយ​ធុង ថ្លែង​បញ្ជាក់។​

តារា​​កំប្លែង ទម្ងន់ ២២០​គីឡូ​​រូប​នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ថា ជា​មួយ​កិច្ចការ​មនុស្សធម៌​នេះ ក្រុម​របស់​នាយ​មិន​មែន​ធ្វើ​លើ​តែ​​មន្ទីរពេទ្យ​គន្ធបុប្ផា​១​មុខ​នោះ​ឡើយ ជារឿយៗ​តែង​ជួយ​​ដល់​ទុរគត​ជន​ផ្សេង​ទៀត ដូច​​ជា​ធ្វើ​​បាយ​ទឹក ​ចែក​ដល់​ក្មេង​តាម​ចិញ្ចើម​ផ្លូវ ចាស់ជរា​ជា​ដើម។

ជា​មួយ​នឹង​​សកម្មភាព​ខាង​លើ​នាយ​ធុង​​​និយាយ​​ថា បាន​ធ្វើ​ឲ្យ​មហាជន​​​ស្គាល់​នាយ​​កាន់​តែ​​ខ្លាំង ទទឹម​គ្នា​នោះ​ដែរ​​ការងារ​សិល្បៈ​របស់​នាយ ក៏​កាន់​តែ​មាន​ទីផ្សារ​ទៅ​តាម​នោះ​ដែរ។"និយាយ​មែនទែន​ទៅ តាំង​ពី​ខ្ញុំ​ចូល​ជា​មួយ​ក្រុម​ពូក​គាត់​មក​គេ​ស្គាល់​ខ្ញុំ​ច្រើន ហើយ​ការងារ​សិល្បៈ​ខ្ញុំ​ចាប់​ផ្ដើម​មាន​ច្រើន​ឡើង​ៗ​តាំង​ពី​ពេល​នោះ​មក។" នាយ​​ធុង​លើក​ឡើង។

តារា​​កំប្លែង​វ័យ​២៨ឆ្នាំ​រូប​នេះ​​ថ្លែង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ នាយ​រាង​រយាល​លើ ការ​ចុះ​​ទៅ​ជួយ​ច្រៀង​តាម​ដង​ផ្លូវ​បន្តិច ព្រោះ​ការងារ​សិល្បៈ​រវល់​ខ្លាំង​ពេក។ បច្ចុប្បន្ន​នាយ​មាន​ទីផ្សារ​សម្ដែង​ក្នុង​ក្រុម​កំប្លែង​រហូត​ដល់​ទៅ​២​ក្រុម គឺ​ក្រុម នាយ ខាត់ ចំរើន និង​ជា​មួយ​ក្រុម​នាយ ស្វិត ដែល​ភាគ​ច្រើន សម្ដែង​កម្មវិធី​នៅ My TV កម្មវិធី​ពេញ​ចិត្ត​ឬ​អត់ និង​ក្រុម នាយ​ក្រឹម ក្នុង​កម្មវិធី​ផ្ទះ​សំណើច រៀងរាល់​ចុង​សប្ដាហ៍​​នៅ​ទូរទស្សន៍​បាយ័ន ។

ទោះបី​ជា រវល់​​ណា​ក្ដី នាយ​​បាន​ប្ដេជ្ញា​ថា មិន​ចោល​លើ​កិច្ចការ​សប្បុរស​នោះ​ឡើយ៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់