• 2019-11-09 07:53:13
  • ព័ត៌មាន

ឡូយ! ងាក​ពី​សិល្បៈ​មក​រកស៊ី តាំង​ពី​លក់​ជើង​មាន់​អនឡាញ ឥឡូវ ម៉ូលីកា ឈ្នះ​ពាន​រង្វាន់​សហគ្រិន​ឆ្នើម

  • 2019-11-09 07:53:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម៉ូលីកា ដែល​អតីត​តារា​ចម្រៀង​ផលិតកម្ម​រ៉ក់ បាន​ងាក​មក​រកស៊ី ដំបូង​ឡើយ​លក់​ជើង​មាន់​តាម​អន​ឡាញ និង​ក្រោយ​មក​បាន​បើក​ហាង​អិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីងនោះ ឥឡូវ​នេះ​ជោគជ័យ​ខ្លាំង ដោយ​ទើប​នឹង​ឈ្នះ​ពាន​រង្វាន់​សហគ្រិន​ឆ្នើម​ផង។

ត្រូវ​បាន​ក្រុមហ៊ុនLuxury Smileប្រគល់​ពានThe Beauty Net Idol Award 2019 ដល់​តារា​ស្រី​កាល​ពី​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ដែល​នេះ​ជា​ពាន​ទី​២ ក្នុង​ចំណោម​ពាន​ទាំង​៣​របស់​កម្មវិធី។ សមិទ្ធផល​នេះ បាន​ធ្វើ​ឲ្យ​ស្រី​ស្អាត​រំភើប​ខ្លាំង ដោយ​មិន​នឹក​ស្មាន​ថា ការ​សម្រេច​ចិត្ត​ងាក​ពី​សិល្បៈ​មួយ​រយៈ​សិន ហើយ​មក​រក​ស៊ី ទទួល​បាន​លទ្ធផល​ល្អ​យ៉ាង​នេះ​នោះ​ទេ។

“និយាយ​ទៅ​សប្បាយ​ចិត្ត​បង ព្រោះ​មិន​ងាយ​ទេ ជាង​៥០តំណាង​ក្រុម​ហ៊ុន​បាន​ចូល​រួម ហើយ​នាង​ខ្ញុំ​បាន​ពាន​មួយ​នេះ គឺ​មោទកភាព​នឹង​ខ្លួន​ឯង គិត​មិន​ដល់​ថា លទ្ធផល​ល្អ​បាន​លឿន​អីចឹង!”។ ម៉ូលីកា បាន​ទទួល​ពាន​រង្វាន់​នេះ​ដែល​ប្រគល់​ផ្ទាល់​ដោយ​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល ដែល​តំណាង​ឲ្យ​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋ​មន្រ្ដី​ក្រសួង​សុខាភិបាល។

អតីត​តារា​ចម្រៀង​ផលិតកម្មRockម៉ូលីកា បាន​ឲ្យ​ដឹង​ដែរ​ថា ការ​បាន​ពាន​រង្វាន់​​នេះ ជា​កិត្តិយស​មួយ​ដ៍​ធំ​ធេង​សម្រាប់​នាង​ដែល​រឹត​តែ​មាន​កំលាំង​ចិត្ត និង​ជម្រុញ​ឲ្យ​កាន់​តែ​ខំ​ប្រឹង​ពង្រឹង​អាជីវកម្ម​ក្រៅ​សិល្បៈ​មួយ​នេះ​ឲ្យ​រឹងមាំ​ថែម​ទៀត។នាង​ថា​ សព្វថ្ងៃ​មាន​អតិថិជន​ច្រើន​ណាស់​ដែល​គាំទ្រ​ផលិតផល​របស់​នាង ហេតុនេះ​ហើយ​ការ​ទទួល​ពាន​នេះ នឹង​ធ្វើ​ឲ្យ​ពួក​គាត់​កាន់​តែ​មាន​ទំនុក​ចិត្ត​ចំពោះ​ផលិតផល​នៅ​ហាង​របស់​នាង​កាន់​តែ​ច្រើន​ជា​មិន​ខាន​ឡើយ។

បាន​ផ្អាក​ពី​អាជីព​ចម្រៀង​មួយ​អន្លើ​ងាក​មក​បើក​ហាង​រក្សារ​សម្រស់​ដែល​ចំណាយ​ទុន ១០ម៉ឺន​ដុល្លារ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​ឆ្នាំ ២០១៨។ ឆ្លង​តាម​ការ​រកស៊ី​លើ​ការ​លក់​ផលិតផល​ថែ​រក្សា​សម្រស់​នេះ សាមី​ខ្លួន​បាន​អះអាង​ថា ទទួល​បាន​​ការ​គាំទ្រ​ច្រើន​រហូត​ធ្វើ​ឲ្យ​នាង​មាន​ជីវភាព​ធូធារខុស​ពីពេល​មុន​ដាច់។

រូបភាព៖ផ្ដល់​ដោយ​សាមីខ្លួន

មក​ទល់​បច្ចុប្បន្ន តារា​ស្រី មាន​លទ្ធភាព​ទិញ​បាន​រថយន្ដ​ទំនើប​ដល់​ទៅ​២គ្រឿង​ជិះ​ឆ្លាស់​គ្នា​ទៀត​ផង​គឺ Range Rover ស៊េរី ឆ្នាំ​២០១៥ និងLexus Rx450h។ ដោយ​ឡែក​អាជីព​ចម្រៀង​របស់​នាង ម៉ូលីកា បញ្ជាក់​ថា នឹង​មិន​បោះបង់​ទេ គឺ​នឹង​វិលវិញ​នៅ​ពេល​វេលា​សមស្រប​ណា​មួយ​តែ​មិន​ចូល​ផលិតកម្ម​ណា​ទៀត​ឡើយ​ដោយ​ត្រៀម​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ធ្វើ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង​តែ​ម្ដង៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី