• 2019-11-14 02:42:57
  • ព័ត៌មាន

សិរីមង្គល​ណាស់ សុគន្ធ​កញ្ញា សម្រាល​បាន​បុត្រ​ម្នាក់ ខណៈ​​៣​គូ​ទៀត នឹង​រៀប​ការ​ផ្អើល​ចុង​ខែ​នេះ

  • 2019-11-14 02:42:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ​វិច្ឆិកា​នេះ អាច​និយាយ​បាន​ថា​ជា​ខែ​នៃ​សិរីមង្គល​របស់​សិល្បករ​ខ្មែរ​ដោយ​មាន​ទាំង​អ្នក​ទើប​សម្រាល​កូន​ដំបូង និង​មាន​ទាំង​អ្នក​ដែល​បាន​ដើរ​ចែក​ធៀប​ការ​រួច​រាល់ ត្រៀម​ចូល​រោង​ជ័យ​ក្លាយ​ជា​គូស្វាមី​ភរិយា​តាម​ប្រពៃណីនា​ចុង​ខែ​វិច្ឆិកា​នេះ។

ឱក សុគន្ធ​កញ្ញា បាន​ក្លាយ​ជា​ម្ដាយ​ឪពុក​របស់​គេ​ជា​ផ្លូវ​ការ ក្រោយ​ពី​នាង​បាន​រៀប​ការ​យ៉ាង​អធិកអធម​ជាមួយ​ប្អូន​ប្រុស​ថៅកែ​ផលិតកម្ម​ហង្សមាស​របស់​នាង​កាល​ពី​ខែ​ឧសភា។ មក​ទល់​នឹង​ពេល​នេះ កញ្ញា សម្រាល​បាន​បុត្រ​ម្នាក់​ហើយ​កាល​ពី​ថ្ងៃ​ទី ១១ ខែ ១១ ២០១៩ ដោយ​មាន​ការ​ចូល​រួម​អបអរ និង​ជូនពរ​ពី​មិត្ត​ភ័ក្ដិ​សាច់​ញាតិ ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​នាង។ កូន​ដំបូង​របស់​តារា​ស្រី​ហង្សមាស គឺ​ជា​កូន​ប្រុស ដែល​កើត​មក​មាន​ទម្ងន់ ៣,៧៥គីឡូក្រាម។

កញ្ញា និង​ស្វាមី បាន​ឯកភាព​ដាក់​ឈ្មោះ​កូន​ដំបូង​របស់​ពួក​គេ​ថា "Charlie”។ "ឆ្លង​កាត់​ពេល​វេលា​ដ៏​វែង អារម្មណ៍​នៃ​ការ​រង់ចាំ ការ​ព្រួយ​បារម្ភ និង​រូបភាព​ពិត​នៃ​ការ​បង្កើត​កូន​ដ៏​លំបាក​របស់​ម្តាយ​គ្រប់​រូប ទី​បំផុត​អារម្មណ៍​ជា​ឪពុក​ម្តាយ​ដ៏​ពិត​ប្រាកដ​បាន​មក​ដល់ ។ នៅ​ពេល​នេះ ស្វាគមន៍ Charlie មក​កាន់​ពិភព​លោក​ដ៏​ស្រស់​ស្អាត"។ សុគន្ធ​កញ្ញា ថ្លែង។

ក្រៅ​ពី​ព័ត៌មាន​សិរីមង្គល​របស់ ឱក សុគន្ធ​កញ្ញា ក៏​មាន​រឿង​សិរីមង្គល​របស់​សិល្បករ​៣គូ​ទៀត​កើត​ក្នុង​ខែ​នេះ​ដែរ ដោយ​ពួក​គេ​នឹង​ចូល​រោងជ័យ​ក្លាយ​ជា​គូស្វាមី​ភរិយា​ស្រប​តាម​ប្រពៃណី​ដែរ​ហើយ ដោយ​ក្នុង​នោះ​មាន​ចាប់​ពី​ថ្ងៃ​ទី ២៦-២៨ទៅ។

១.ពិធីការិនី កែវ សីហា និង​លោក សត្យា៖ ពិធីការិនី​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កែវ សីហា ដ៏​ស្រស់​ស្អាត បាន​ដើរ​ចែក​ធៀប​អញ្ជើញ​ភ្ញៀវ​កិត្តិយស​រួច​រាល់​ហើយ ដោយ​នៅ​ចាំ​តែ​ថ្ងៃ​មង្គល​ជ័យ​ចូល​មក​ដល់​ប៉ុណ្ណោះ។ តាម​ដំណឹង សីហា និង​ចូល​រោងការ​ជាមួយ​លោក សត្យា នៅ​ថ្ងៃ​ទី ២៧ វិច្ឆិកា ២០១៩។ អនាគត​ស្វាមី​របស់ សីហា គឺ​ជា​ដុកទ័រ​មួយ​រូប ហើយ​ពួក​គេ​បាន​ស្គាល់​គ្នា ៩​ឆ្នាំ​ហើយ មុន​ពេល​ចាស់​ៗ​បាន​សម្រេច​ចង​ស្ពាន​មាន​មេត្រី​ជាមួយ​គ្នា។

២.ប៉ែន ចំរុង និង ហ៊ុន ម៉ាណេ៖ តារា​សម្ដែង និង​ជា​ពិធីករ​ទូរទស្សន៍ ប៉ែន ចំរុង ក៏​មាន​ឈ្មោះ​ជា​សិល្បករ​ចូល​រោង​ជ័យ​នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ​ដែរ។ តាម​លោក អ៊ីណូ បាន​ឲ្យ​ដឹង​ថា តារា​ប្រុស​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ នឹង​ត្រូវ​ចូល​រោង​ជ័យ​នៅ​ថ្ងៃ​ទី ២៨ វិច្ឆិកា ២០១៩ នេះ​ជាមួយ​កញ្ញា ហ៊ុន ម៉ាណេ ដ៏​ស្រស់​ស្អាត។ លោក ចំរុង ធ្លាប់​បង្ហើប​ថា បន្ទាប់​ពី​រៀបការ​រួច លោក និង​ភរិយា នឹង​ដាក់​ចេញ​គម្រោង​រក​ស៊ី​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ។

៣.សួស វីហ្សា និង ថមមី៖ គូ​នេះ គឺ​ជា​គូ​ចុង​ក្រោយ​ដែល​មាន​ដំណឹង​ចូល​រោង​ការ​នៅ​ចុង​ខែ​វិច្ឆិកា​នេះ។ តាម​កាល​វិភាគ​ផ្លូវ​ការ តារា​ចម្រៀង​ហង្សមាស និង​តារា​សម្ដែង​ប្រុស នឹង​ចូល​រោង​ជ័យ​នៅ​ថ្ងៃ​ទី ២៩ វិច្ឆិកា ២០១៩។ ពួក​គេ​បាន​រើស​រក​ពេលា​ល្អ ក្រោយ​ពី​ពួក​គេ​បាន​សាង​សមិទ្ធផល​រួម​គ្នា​ជា​ច្រើន ដោយ​ក្នុង​នោះ​មាន​ទាំង​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់ រួម​ទាំង​រថយន្ត​ទំនើប​ផង។

ក្រៅ​ពី​តារា​ប្រុស​ស្រី​ខាង​លើ នៅ​មាន​គូ​សិល្បករ​ផ្សេង​ទៀត ដែល​នឹង​ចូល​រោង​ជ័យ​បន្ត​បន្ទាប់​ទៀត ខណៈ​បច្ចុប្បន្ន ពួក​គេ​កំពុង​តែ​ល្អូកល្អិន​នឹង​គ្នា ក្នុង​នោះ​មាន ទេព បូព្រឹក្ស និង​ងួន ចាន់ដេវីត និង ពេជ្រ សោភា និង​លោក ឈឹម សក្កដា សុខ សោម៉ាវត្តី និង​លី វ៉ាហេទ ជា​ដើម៕

អត្ថបទ៖ ទារិកា

មតិយោបល់