• 2019-11-18 09:54:10
  • ព័ត៌មាន

ធុញ​សិល្បៈ​ខ្មែរ​ឃើញ​តែ​ហែកហួរ​គ្នា ហេង នរកក្កដា ព្រលយ​ដើរ​ចេញ​ហើយ​ឈប់​ធ្វើ​អ្នក​សិល្បៈ​មួយ​ជីវិត

  • 2019-11-18 09:54:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​សង្ហា ហេង នរ​កក្កដា នៅ​​ពេល​ថ្មី​ៗ​នេះ បាន​​ចេញ​មុខ មក​ព្រលយ​ថា​អាច​នឹង​ដើរ​ចេញ​ពី​សិល្បៈ ហើយ​ឈប់​ធ្វើ​ជា​សិល្បករ​មួយ​ជីវិត​ក្រោយ​ពី​ឃើញ​អ្នក​សិល្បៈ​រាល់​ថ្ងៃ​មិន​ចេះ​សាមគ្គី​គ្នា។

កក្កដា ថ្លែង​បែប​នេះ​នៅ​លើ IG របស់​លោក​ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​មួយ​សន្លឹក​របស់​លោក​ផង។ យ៉ាង​ណា​លោក​មិន​បាន​លើក​ពី​រឿង​រ៉ាវ​ជាក់ស្ដែង​ណា​មួយ​នៅ​ក្នុង​សិល្បៈ​ដែល​លោក​យក​ធ្វើ​ជា​កម្មវត្ថុ​នោះ​ទេ។ ប៉ុន្តែ​លោក​ថា លោក​អាច​នឹង​ឈប់​ពី​សិល្បៈ​នៅ​ថ្ងៃ​ណា​មួយ ប្រសិន​បើ​វេលា​នោះ វា​ធ្វើ​ឲ្យ​លោក​អស់​ចិត្ត​នឹង​សិល្បៈ។

លោក​លើក​ឡើង​ថា "បើ​ថ្ងៃ​ណា​មួយ​ខ្ញុំ​អស់​ចិត្ត​នឹង​សិល្បៈ ខ្ញុំ​ឈប់​ធ្វើ​អ្នក​សិល្បៈ​មួយ​ជីវិត ព្រោះសិល្បៈ​ខ្មែរ​សព្វ​ថ្ងៃ​ មួយ​ចំនួន​តូច មាន​តែ​រឿង​ហែក​គ្នា​ទៅ​វិញ​ទៅ​មក គ្មាន​ពាក្យ​ថា​សាមគ្គី​សោះ!”។ ន័យ​នេះ តារា​ប្រុស និង​ជា​កីឡាករ​ឆ្នើម​ក្នុង​ក្រុម​បាល់​ទាត់​មហាហង្ស​សំដៅថា បុគ្គល​មួយ​ចំនួន​តូច បាន​និង​កំពុង​ធ្វើ​ឲ្យ​ខូច​តម្លៃ​សិល្បៈ​ទាំងមូល ពោល​គឺ​មាន​តែ​រឿង​ហែក​ហួរ​គ្នា និង​ខ្វះ​ការ​សាមគ្គី​រវាង​គ្នា និង​គ្នា ក៏​ដូច​ជា​សិល្បករ និង​សិល្បករ ដែល​ជ្រក​ក្រោម​ដំបូល​សិល្បៈ​តែ​មួយ។

ចំណុច​គួរ​ចាប់​អារម្មណ៍ នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ មាន​ករណី​មួយ​ចំនួន​បាន​កើត​ឡើង​ក្នុង​សង្គម​សិល្បៈ ក្នុង​នោះ​រួម​មាន៖ ករណី ពេជ្រ សូលីកា មាន​ជម្លោះ​យ៉ាង​ក្ដៅ​គគុក​ជាមួយ​កញ្ញា បេនីយុំាង និង​កញ្ញា ថៃ នារី​សុជាតា ពី​រឿង​ពាក់ព័ន្ធ​នឹង​គូ​ដណ្ដឹង​របស់ សូលីកា ដែល​ដើម​ឡើយ​ជា​សង្សារ​ចាស់​របស់ ថៃ នារី​សុជាតា។ ជម្លោះ​ពួក​គេ រហូត​ដល់​ការ​ប្រើ​ពាក្យ​អាសគ្រាម​ដាក់​គ្នា​ទៀត​ផង។

ក្រោយ​មក​ទៀត ក៏​មាន​ករណី​កញ្ញា យ៉ាយ៉ា បាន​ចេញ​មុខ​មក​លាត​ត្រដាង​ថា ខ្លួន​ជា​អតីត​សង្សារ​រស់​នៅ​ជាមួយ​គ្នា ៩​ឆ្នាំ​ជាមួយ​លោក ផែ សុវណ្ណារិទ្ធ ហើយ​នាង​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ក្រោយ​ភាគី​ខាង​ប្រុស​ទៅ​រៀបការ​ជាមួយ​អ្នក​ថ្មី​ធ្វើ​ឲ្យ​នាង​ខ្លោច​ផ្សា។ ករណី​នេះ បាន​ធ្វើ​ឲ្យ​ផ្អើល ដោយ​អ្នក​នាង ធី សុវណ្ណថា ព្រមាន​ប្ដឹង យ៉ាយ៉ា និង​លោក ហេង ឡុង ទាមទារ​សំណង​យ៉ាង​ច្រើន ដោយ​ចោទ​ថា អ្នក​ទាំង​ពីរ​រួម​គ្នា​បង្កើត​ព័ត៌មាន​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ កេរ្តិ៍ឈ្មោះ​របស់​នាង និង​ស្វាមី។

ក្រោយ​មក​ក៏​បាន​ស្ងាត់ ក្រោយ​ពី​ យ៉ាយ៉ា បាន​ធ្វើ​ការ​សុំ​ទោស​ចំពោះ​រឿង​ដែល​កើត​ឡើង។ បន្ត​មក​ទៀត នៅ​ថ្មី​ៗ​នេះ ក៏​កើត​មាន​ករណី​ថ្មី​ទៀត រវាង​លោក អ៊ឹម ជីវ៉ា និង​លោក ហេង ឡុង ម្ដង។ ជម្លោះ​របស់​ពួក​គេ​ទាំង​ពីរ កើត​ឡើង​ក្រោយ​ពី​លោក អ៊ឹម ជីវ៉ា បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​លា​ឈប់​ពី​តួនាទី​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​សិល្បករ​ខ្មែរ។ ជាមួយ​នឹង​ការ​ប្រកាស​លា​ឈប់​នេះ លោក ជីវ៉ា និង​បាន​ស្នើ​ឲ្យ​លោក ហេង ឡុង និង​អ្នក​នាង ចន ច័ន្ទ​លក្ខិណា បញ្ចេញ​របាយការណ៍​ពី​ចំណូល​ចំណាយ​របស់​សមាគម​ទាំង​ពីរ​របស់​ពួក​គេ។

ក្រៅ​ពី​នេះ លោក​ក៏​បាន​លើក​ពី​ចំណុច​ពី​ការ​ប្រកាន់​បក្ស​ពួក និង​រឿង​អវិជ្ជមាន​មួយ​ចំនួន​របស់​សមាគម​ទាំង​ពីរ​ទៀត​ផង។ ទាំង​នេះ លោក ហេង ឡុង បាន​គំរាម និង​បាន​ប្ដឹង​ដាក់​ពាក្យ​ហើយ ដោយ​សំអាង​ថា ការ​លើក​ឡើង​របស់​លោក អ៊ឹម ជីវ៉ា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​របស់​សមាគម។ ដោយ​ឡែក លោក ជីវ៉ា ក៏​បញ្ជាក់​ថា នឹង​ប្ដឹង​បក​ទៅ​លោក ហេង ឡុង វិញ​ដែរ។ វិវាទ​របស់​អ្នក​ទាំង​ពី មិន​ទាន់​បញ្ចប់​ និង​មិន​ទាន់​ដឹង​ថា នឹង​បញ្ចប់​ទៅ​វិញ​ដោយ​របៀបណា​នៅ​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់