• 2019-11-23 03:09:08
  • ព័ត៌មាន

អាសូរ តែ​​មួយ​ខែវិច្ឆិកា គ្រោះ​ថ្នាក់​ចរាចរណ៍​ឆក់​យក​ជីវិត​កម្មករ​កុន​ខ្មែរ​២នាក់​គួរ​ឲ្យ​សោកស្ដាយ

  • 2019-11-23 03:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​ខ្មែរ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា កម្មករ​កុន​ចំនួន ២នាក់​បាន​បាត់​បង់​ជីវិត​គួរ​ឲ្យ​សោក​ស្ដាយ​ដោយ​សារ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ខែ​វិច្ឆិកា។ ពួក​គេ​ទាំង​ពីរ​នាក់​នោះ​មាន៖

១.លោក Piseth Cool ឬ សុង ពិសិដ្ឋ គឺ​ជា​អ្នក​ដឹកនាំ​រឿង អ្នក​ថត និង​កាត់​ត ពោល​គឺ​ជា​បុគ្គល​ឆ្នើម​នៅ​ក្នុង​ក្រុម​ការងារ​ផលិតកុន​របស់​ Clips Media។ ពិសិដ្ឋ បាន​បាត់​បង់​ជីវិត​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ដំណើរ​ត្រឡប់​​មក​ពី​អ្នក​លឿង​កាល​ពី​យប់​​ថ្ងៃ​ទី ០៨ វិច្ឆិកា កន្លង​ទៅ។ លោក បេនលី ម៉ាប់ ជា​អ្នក​ដឹកនាំ​រឿង​ដែល​បាន​រួម​ការងារ​ជាមួយ បាន​ប្រាប់​ថា ពិសិដ្ឋ ជា​បុគ្គល​ឆ្នើម​ក្នុង​ក្រុម​ការងារ មាន​មាន​គំនិត​ច្នៃ​ប្រឌិត អត្តចរិត​ល្អ​ស្លូតបូត និង​មាន​អ្នក​ស្រឡាញ់​រាប់​អាន។

លោក ម៉ាប់ លើក​ឡើង​ថា ការ​ចាក​ចេញ​របស់ ពិសិដ្ឋ ធ្វើ​ឲ្យ​ក្រុម​ការងារ​អាឡោះអាល័យ​ណាស់ និង​ថា​ជា​ការ​បាត់​បង់​ធនធាន​ដ៏​ល្អ​មួយ​រូប​ក្នុង​វិស័យ​កុន​ខ្មែរ។

២.អ្នក​នាង អូន ស្រីមុំ៖ ស្រីមុំ គឺ​​ជា​កម្មករ​កុន​ទី​២ ដែល​បាន​បាត់​បង់​ជីវិត​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍។ ហេតុការណ៍​អកុសល​នេះ បាន​កើត​ឡើង​កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវ ៥៩២ កែងផ្លូវ៣០៧ ក្នុងសង្កាត់​បឹង​កក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ​ពេល​នោះ អ្នក​នាង អូន ស្រីមុំ បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ជាមួយ​ស្វាមី​ជា​កម្មករ​កុន​ដូច​គ្នា ចេញ​ពី​កន្លែង​ធ្វើ​ការ មក​ដល់​កន្លែង​កើត​ហេតុ​ដែល​មាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គ្នា ម៉ូតូ​របស់​ប្ដី​ប្រពន្ធ​កម្មករ​ និង រថយន្ត​ទេសចរណ៍​បុកគ្នា​យ៉ាង​ពេញ​ទំហឹង ខណៈ​ម៉ូតូ​បាន​បើក​ឆ្លង​ផ្លូវ បណ្ដាល​ឱ្យ​ប្ដី ប្រពន្ធ មួយគូដែលជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

ប៉ុន្ដែគួរឱ្យសោកស្ដាយ ស្រី​មុំ​បាន​បាត់​បង់​ជីវិត​នៅ​មន្ទីរ​ពេទ្យ​ដោយ​សារ​របួស​ប៉ះពាល់​ក្បាល​ខ្លាំង​ពេក។ ចំណែក​ឯ​បុរស​ជាប្ដី ត្រូវ​បាន​ក្រុម​គ្រូពេទ្យ ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា ឆ្លងផុតពីគ្រោះថ្នាក់។ គួរ​ឲ្យ​អាសូរ នៅ​មុន​ចាក​ចេញ​ពី​កន្លែង​ធ្វើ​ការ ពួក​គេ​បាន​ប្រាប់​មិត្ត​រួម​ការងារ​ថា ពួក​គេ​ប្រញាប់​ទៅ​ផ្ទះ​ទៅ​ជួប​កូន​ទាំង​ពីរ​ពួក​គេ​ដែល​កំពុង​រង់ចាំ​នៅ​ឯ​ផ្ទះ។ ប៉ុន្តែ​មិន​ទាន់​ដល់​គោលដៅ​ផង ម្ដាយ​ក៏​ជួប​គ្រោះ​បាត់​បង់​ជីវិត​ទាំង​មិន​បាន​ឃើញ​មុខ​កូន​ទៅ​ហើយ ឯ​ឪពុក​តែ​ម្នាក់ ក៏​របួស​​ធ្ងន់​ថែម​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់