- 2019-11-26 04:53:01
- ភាពយន្ត
ឆ្នាំនេះកើន! ភាពយន្តខ្មែរ ១៨ រឿងត្រូវដាក់បញ្ចូលដណ្ដើមជយលាភីក្នុងមហោស្រពភាពយន្តទី៦
- 2019-11-26 04:53:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំនេះកើន! ភាពយន្តខ្មែរ ១៨ រឿងត្រូវដាក់បញ្ចូលដណ្ដើមជយលាភីក្នុងមហោស្រពភាពយន្តទី៦
ចន្លោះមិនឃើញ
មហោស្រពភាពយន្តជាតិលើកទី៦ បានចាប់បើកផ្លូវការដោយបានប្រមូលបានភាពយន្តខ្មែរល្បីៗរហូតដល់ទៅ ១៨រឿងមកដាក់ក្នុងមហោស្រពដើម្បីរើសរកជយលាភីលើផ្នែកផ្សេងៗរៀងខ្លួន។ នេះបើតាមការបញ្ចេញឲ្យដឹងពីលោក ហ្វៃ សំអាង ដែលបានទៅចូលរួម។
មហោស្រពនេះ រៀបចំដោយនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃទី២៥ខែវវិច្ឆិកាឆ្នាំ២០១៩។ ភាពយន្តទាំង ១៨រឿងដែលត្រូវបានដាក់បញ្ចូលដើម្បីប្រកួតប្រជែងគុណភាពក្នុងមហោស្រពភាពយន្តលើកទី៦នេះ មាន៖
១/កំពូលអ្នកថតសែលហ្វី ២/មួយថ្ងៃនៅជនបទ ៣/ព្រឺ ៤/ត្បូងភ្លោះ ៥/ណូលីណូឡា ៦/លោកឪពុក ៧/ផ្ទះចុងភូមិ ៨/ព្រលឹង ៩/អនុស្សាវរីយ៍ចូលឆ្នាំ ១០/ស្នេហាក្មេងៗ ១១/វាលប្រមាញ់ ១២/ទាយាទអាគម ១៣/វិបល្លាស ១៤/ស្នេហ៍ស្វយ័គុណបួន ១៥/នាឡិកាដាសវិញ្ញាណ ១៦/រូហ្សា ៥ ១៧/ទារុណកម្មខ្មោច និងទី១៨ គឺរឿង "ធ្មប់"។
ភាពយន្តទាំងអស់ នឹងត្រូវប្រកួតគ្នាដើម្បីទទួលបានពានរង្វាន់ជាភាពយន្តឆ្នើម។ ដោយឡែក ពានរង្វាន់ផ្សេងទៀតមានក្នុងមហោស្រព រួមមាន ពានតារាឯកប្រុស ស្រីសម្ដែងឆ្នើម អ្នកនិពន្ធឆ្នើម និងពានអ្នកដឹកនាំរឿងឆ្នើមជាដើម។ ក្រៅពីនេះ ក៏មានពានសម្រាប់ អ្នកថត អ្នកកាត់ត អ្នកផ្គុំសំឡេង អ្នករៀបចំ តុបតែងឆាកថែមទៀត។
ឈានមកដល់ឆ្នាំទី៦នេះ មហោស្រពភាពយន្តថ្នាក់ជាតិ បានវិវត្តមួយកម្រិតធៀបនឹងបណ្ដាឆ្នាំកន្លងទៅ។ លោក ហ្វៃ សំអាងដែលជា គណៈមេប្រយោគសម្រាប់មហោស្រពឆ្នាំនេះ លោកបានកត់សម្គាល់ថា មហោស្រពភាពយន្តឆ្នាំនេះ មានភាពយន្តខ្មែរមានគុណភាពល្អច្រើនមានវត្តមានក្នុងមហោស្រព ដែលជាសញ្ញាល្អនៃការឈានទៅមុខរបស់វិស័យសិល្បៈទី៧របស់ខ្មែរ។
ដោយឡែកភាពយន្តដែលគុណភាពមិនទាន់ប្រសើរខ្លាំង ក៏មានក្នុងចំណោមនោះដែរ ប៉ុន្តែបានថយបរិមាណ ដែលលោកថា នេះជាសញ្ញាណល្អដូចគ្នា។ ដូច្នេះហើយលោកមោទកភាពសម្រាប់មហោស្រពភាពយន្តឆ្នាំនេះ ហើយសង្ឃឹមថា មហោស្រពបណ្ដាឆ្នាំខាងមុខ អ្វីៗកាន់តែប្រសើរសម្រាប់វិស័យភាពយន្តក្នុងស្រុក។ អ្នកនិពន្ធ អ្នកដឹកនាំរឿងល្បីឈ្មោះរូបនេះ សង្កត់ធ្ងន់ថា ការរីកចម្រើនគុណភាពភាពយន្ត និងភាពជោគជ័យមហោស្រព ក៏ត្រូវផ្សារភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយដូចគ្នា ពោលគឺលោកសង្ឃឹមថាប្រព័ន្ធផ្សព្វផ្សាយនានានឹងចូលរួមផ្សព្វផ្សាយពីមហោស្រពនេះ។
ងាកមកលោក ប៉ុក បូរ័ក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក៏បានឲ្យដឹងដូចគ្នាដែរ។ លោកថា មានសញ្ញាណល្អច្រើនសម្រាប់មហោស្រពភាពយន្តជាតិឆ្នាំនេះ ពោលគឺកើនឡើងទាំងបរិមាណ និងគុណភាព។ កាលពីឆ្នាំទៅ ចំនួនភាពយន្តចូលរួមមានត្រឹម ១៤ ប៉ុន្តែឆ្នាំនេះ មានដល់ទៅ ១៨។ បរិមាណជារឿងមួយ ប៉ុន្តែគុណភាពរឹតតែសំខាន់ ហើយឆ្នាំនេះ លោកមើលឃើញថា មានភាពយន្តគុណភាពល្អច្រើនបានចូលរួម។
ដូច្នេះក្នុងនាមជាអាណាព្យាបាល លោកមោទកភាពចំពោះការរីកចម្រើននេះ នឹងសំណូមពរបងប្អូនផលិតករ បន្តផលិតភាពយន្តដោយផ្ដោតលើគុណភាពជាសំខាន់។ ទាំងលោក បូរ័ក្ស និងលោក ហ្វៃ សំអាង សុទ្ធតែអះអាងចង់ឲ្យការផលិតផ្ដោតលើគុណភាព ដើម្បីផលិតផលភាពយន្តរបស់យើងអាចចូលទីផ្សារអន្តរជាតិបាន ដែលមានបច្ច័យល្អ២ ទី១ ជាទីដែលយើងសង្ឃឹមច្រើនលើការប្រមូលទុនមកវិញ ជាទីផ្សារបន្ថែមលើទីផ្សារក្នុងស្រុកដែលនៅមានទំហំតូចនៅឡើយ។ ដោយឡែកទី២ គឺបានបង្ហាញឲ្យបរទេសឃើញពីការរីកចម្រើនគុណភាពភាពយន្តក្នុងស្រុក។
តាមកម្មវិធី ភាពយន្តទាំង ១៨ខាងលើ នឹងដាក់បញ្ចាំងជូនទស្សនា ដោយឥតគិតថ្លៃនៅតាមរោងភាពយន្ត ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ខែវិច្ឆិកានេះ។ ដោយឡែកលទ្ធផលផ្លូវការ តាមលោក ប៊ុក បូរក្ស នឹងប្រកាសនៅថ្ងៃទី២៩ខែវិច្ឆិកានៅសាលចតុមុខ៕