• 2019-11-28 03:11:51
  • ភាពយន្ត

តាម​ព័ត៌មាន រឿង "នាឡិកា​ដាស់​វិញ្ញាណ” ដល់​វេលា​ចេញ​ទៅ​ថៃ និង​ឡាវហើយ!

  • 2019-11-28 03:11:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាម​ព័ត៌មាន​ដែល​ទទួល​បាន ភាព​យន្ត​ខ្មែរ​មួយ​រឿង​ខណៈ​របស់​ផលិតកម្ម LD Picture រឿង "នាឡិកា​ដាស់​វិញ្ញាណ" ដែល​ទទួល​ការ​សរសើរ​ពី​ផលិតករ​ជា​ច្រើន បូក​រួម​ទាំង​ទស្សនិកជន​ផង​នោះ ឥឡូវ​នេះ​មាន​ដំណឹង​ថា ដល់​វេលា​ត្រៀម​ចេញ​ទៅ​ប្រទេស ថៃ និង​ឡាវ ហើយ។

នេះ​ជា​ការ​វិវត្ត​ថ្មី ក្រោយ​ពី​រឿង​នេះ ត្រូវ​បាន​ផលិតករ​លោក លៀក លីដា បង្ហើប​តាំង​ពី​ថ្ងៃ​បើក​សម្ពោធ​ម្ល៉េះ​ថា ភាពយន្ត​ខ្នាត​ធំ​របស់​លោក​មួយ​នេះ នឹង​ចេញ​ទៅ​ដាក់​បញ្ចាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ចំនួន​៦​ប្រទេស​ឯណោះ។ យ៉ាង​ណា ជំហាន​ដំបូង​នេះ គឺ​ចេញ​ទៅ​ប្រទេស ឡាវ និង​ថៃ ជាមុន​សិន ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ ២៦ ខែ ធ្នូ​ចុង​ឆ្នាំ​២០១៩​នេះ។ ដោយ​ឡែក​ប្រទេស​ផ្សេង​ៗ​ទៀត នឹង​ទៅ​ដល់​តាម​កាល​វិភាគ​បន្ត​បន្ទាប់​។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​ក្រុម​ផលិត​ភាពយន្ត​ខាង​លើ។

​ទន្ទឹម​នឹង​ដំណឹង​នេះ ក្រឡេក​ទៅ​មើល​ក្នុង​ផេក Major Group នៅ​ប្រទេស ថៃ​ណោះ​វិញ​ គ្រាន់តែ​ផុស​រូបភាព​មួយ​សន្លឹក ដោយ​ភ្ជាប់​អត្ថន័យ​នៃ​សាច់រឿង​នេះ គឺ​ទទួល​ការ​កោត​សរសើរ និង​មាន​អ្នក​ចែក​រំលែក​រាប់​ពាន់​អ្នក​ជា​បន្តបន្ទាប់​ក្នុង​ប្រទេស ថៃ​។ ​បើ​តាម​ការ​បញ្ជាក់​ពី​លោក លៀក លីដា ជា​ផលិតករ និង​ជា​ចាងហ្វាង​ផលិតកម្ម LD Picture ឱ្យ​ដឹង​ថា ស្នាដៃ​ដំបូង​របស់​ខ្លួន​ដែល​ចំ​ណាយ​ទុន​ផលិត​មិន​ធ្លាប់​មាន នឹង​ក្លាយ​ជា​ស្នាដៃ​មួយ​បើកផ្លូវ​សម្រាប់​ភាព​យន្ត​ខ្មែរ​ធ្វើ​ឱ្យ​បរទេស​ទទួលស្គាល់​ពី​ការផលិត​ភាព​យ​ន្ត​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​។

​លោក​បាន​បញ្ជាក់​ថា ៖ "យើង​មិនសូវ​រំពឹង​ថា​នឹង​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ទេ​សម្រាប់​ស្នាដៃ​មួយ​នេះ​។​តែ​យើង​សង្ឃឹមថា នេះ​ជា​ស្នាដៃ​មួយ​ធ្វើ​ឱ្យ​បរទេស​ទទួល​ស្គាល់​ថា​យើង​ពិតជា​មាន​សមត្ថភាព​ផលិត​រឿង​ប្រកបដោយ​ស្តង់ដារ​មិន​ចាញ់​ពួកគេ​នោះ​ទេ”។

​ផលិតករ​ល្បី​ឈ្មោះ​រូបនេះ បន្ត​ថា ក្រោយ​រឿង "​នាឡិកា​ដាស់​វិញ្ញាណ​”​ការចាក់​បញ្ចាំង​ចប់​រួចរាល់​នៅតាម​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ភាព​យន្ត​ខ្មែរ​នឹង​កាន់តែ​មាន​ទីផ្សារ​ទូ​លំ​ទូលាយ​ជាង​មុន ហើយ​នឹង​មាន​ផលិតករ​ខ្មែរ​ជាច្រើន​ទៀត​បង្ហាញ​ស្នាដៃ​ជា​បន្តបន្ទាប់​លើ​ទីផ្សារ​អន្តរជាតិ។

តាម​គម្រោង​បន្ទាប់​ពី ឡាវ និង​ថៃ "នាឡិកា​ដាស់​វិញ្ញាណ" នឹង​ចេញ​ទៅ​ប្រទេស​៤​ទៀត គឺ ភូមា ម៉ាឡេស៊ី សិង្ហបុរី និង​ប្រ៊ុយណេ។ ដោយ​ឡែក​កាល​បរិច្ឆេទ​ពិត​ប្រាកដ​សម្រាប់​ប្រទេស​ទាំង​៤​ខាង​លើ​នេះ មិន​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​នៅ​ឡើយ៕ ​ ​

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី