• 2019-12-01 03:43:29
  • ព័ត៌មាន

“នាឡិកា​ដាស់​វិញ្ញាណ" ប្រមូល​ពាន​ជិត​១០​ម្នាក់​ឯង​ពី​មហោស្រព​ភាពយន្ត​ជាតិ​ទី​​៦

  • 2019-12-01 03:43:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៦ បាន​បញ្ចប់​ទៅ​ហើយ​ដោយ​រក​ឃើញ​ថា រឿង "នាឡិកា​ដាស់​វិញ្ញាណ" ជាប់​ជា​ភាពយន្ត​ឆ្នើម​ប្រចាំ​ឆ្នាំ។ មិន​ត្រឹម​ប៉ុណ្ណឹង​ភាពយន្ត​ខ្នាត​ធំ​របស់ LD Picture នៅ​ឈ្នះ​ពាន​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ពី​កម្មវិធី។

“នាឡិកា​ដាស់​វិញ្ញាណ" បាន​យក​ឈ្នះ​ផលិតផល​ភាពយន្ត​ក្នុង​ស្រុក​ចំនួន ១៧​ចំណង​ជើង​ផ្សេង​ទៀត មិន​ត្រឹម​ជា​ភាពយន្ត​ឆ្នើម​ប្រចាំ​ឆ្នាំ ប៉ុន្តែ​ក៏​ជា​ភាពយន្ត​ឈ្នះ​ពី​ច្រើន​ជាង​គេ​ទៀត​ពី​មហោស្រព​ដែល​រៀប​ចំ​ដោយ​ក្រសួង​វប្បធម៌​នេះ។ ក្រៅ​ពី​ពាន​ភាពយន្ត​ឆ្នើម ភាពយន្ត​នេះ នៅ​ឈ្នះ​ពាន​មួយ​ចំនួន​ទៀត​ដូច​គ្នា៖

១.ពាន​អ្នក​កាត់​ត​តម្លើង​រូបភាព​ឆ្នើមៈ អ្នក​ឈ្នះ​មាន​ឈ្មោះ រដ្ឋា។ ២.អ្នក​ផ្គុំ​សំឡេង​ឆ្នើមៈ អ្នក​ឈ្នះ​ឈ្មោះ ធីនីត ដែល​ពាន​ទាំង​ពីរ​នេះ គឺ​ស្ថិត​ពាន​ផ្នែក​បច្ចេកទេស។ ៣.ពាន​កិត្តិយស​បុរស និង​នារី បាន​ទៅ​​លើ​លោក សន ពិសិដ្ឋ តួឯក​ក្នុង​រឿង។ ៤.ឃុល សាមេនតា តួ​កុមារី​ក្នុង​រឿង ក៏​ឈ្នះ​ពាន​នេះ​ជាមួយ​តួឯក​ប្រុស សន ពិសិដ្ឋ។

ទី៥. ពាន​អ្នក​ដឹកនាំ​រឿង​ឆ្នើម បាន​ទៅ​លើ​លោក លៀក លីដា ចាងហ្វាង​ផលិតកម្ម LD Picture និង​ជា​ផលិតករ​រឿង "នាឡិកា​ដាស់​វិញ្ញាណ" និង​ទី​៦ គឺ​ពាន​ភាពយន្ត​ឆ្នើម​ប្រចាំ​ឆ្នាំ​នេះ​ឯង។

លោក លៀក លីដា ដែល​ឡើង​ទៅ​ទទួល​ពាន​ម្ដង​ហើយ​ម្ដង​ទៀត បាន​លើក​ឡើង​ថា អ្វី​ទទួល​បាន​សាក​សម​នឹង​ការ​ខិត​ខំ​របស់​លោក និង​ក្រុម​ការងារ​ទាំង​អស់។ លោក​ថា ចំពោះ​ក្រុម​ការងារ​ផលិត​រឿង "នាឡិកា​ដាស់​វិញ្ញាណ" លោក​ទាំង​មូល គឺ​បាន​ដឹង​ក្នុង​បេះដូង​រួច​ទៅ​ហើយ​ថា ពួក​លោក​ធ្វើ​បាន​កម្រិត​ណា និង​​គួរ​តែ​ទទួល​បាន​អ្វី​រួច​ទៅ​ហើយ។ ប៉ុន្តែ​ការ​ទទួល​ពាន គឺ​ជា​សាក្ខីភាព​ជាក់​ស្ដែង​បញ្ជាក់​ពី​អ្វី​ដែល​ពួក​លោក​បាន​ធ្វើ។

លោក​ លីដា សង្កត់​ធ្ងន់​ថា LD បាន​ផលិត​ភាពយន្ត​ប្រមាណ ៣០​រឿង និង​ភាគ​ច្រើន​សុទ្ធ​តែ​ជោគជ័យ ប៉ុន្តែ​លោក​មិន​ដែល​បាន​យក​មក​ដាក់​ក្នុង​មហោស្រព​នោះ​ទេ គឺ​មាន​តែ​រឿង "នាឡិកា​ដាស់​វិញ្ញាណ" នេះ ជា​លើក​ទី​១ ដែល​លោក​យក​មក​ប្រកួត ហើយ​ទី​បំផុត​បាន​ឈ្នះ​ជយលាភី​ជា​ច្រើន​ពី​កម្មវិធី​តែ​មួយ។ ដូច្នេះ​ហើយ លោក​ថា ពិត​ជា​មោទកភាព​ណាស់ ហើយ​ថា អ្វី​ដែល​ទទួល​បាន​លើក​នេះ ជា​ទុន​ឲ្យ​លោក​កាន់​តែ​មាន​ទឹក​ចិត្ត​បន្ថែម​ទៀត ក្នុង​ការ​ឈ្មួសឈ្មុល​ក្នុង​វិស័យ​សិល្បៈ​ទី​៧​របស់​ខ្មែរ​នេះ។

ជ័យជំនះ​របស់ "នាឡិកា​ដាស់វិញ្ញាណ" បន្ទាប់​ពី​រឿង​នេះ ក៏​ជោគជ័យ​ក្នុង​ការ​ដាក់​បញ្ចាំង​នៅ​ក្នុង​ស្រុក និង​បាន​ដាក់​គម្រោង​ទៅ​ទីផ្សារ​អន្តរជាតិ​ទៀត ដោយ​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ២០១៩ ចាប់​បញ្ចាំងនៅ​ប្រទេស​ឡាវ និងថៃ។ លោក លីដា បញ្ជាក់​ថា ឥឡូវ​នេះ លោក​ទទួល​បាន​កាល​វិភាគ​ជាក់​លាក់​ហើយ​សម្រាប់​ដាក់​បញ្ចាំង​នៅ​ប្រទេស​ទី​៤​ទៀត គឺ​សិង្ហបុរី បញ្ចាំង​នៅ​ថ្ងៃ​ទី ៦ មករា ២០២០។ ដោយ​ឡែកប្រទេស​៣ទៀត​ក្នុង​ចំណោម​៦​ដែល​បាន​ទទួល​យក​ "នាឡិកា​ដាស់​វិញ្ញាណ" ទៅ​បញ្ចាំង​ដែរ គឺ ភូមា ម៉ាឡេស៊ី និង​ប្រ៊ុយណេ កំពុង​ពិនិត្យ​រក​កាលបរិច្ឆេទ​ដែល​អាច​ចាក់​ផ្សាយ​បានុំ

ក្រៅ​ពី​រឿង​របស់ LD នេះ ភាពយន្ត​ខ្មែរ "ស្នេហា​ក្មេង​ៗ" របស់​ផលិតកម្ម "កងចក្រ​ភីកឈ័រ" ជា​ភាពយន្ត​បន្ទាប់ដែល​ឈ្នះ​ពាន​ច្រើន​ពី​កម្មវិធី​តែ​មួយ៕

អត្ថបទ៖ ទារិកា

មតិយោបល់