• 2019-12-10 02:40:53
  • ព័ត៌មាន

ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ខ្នះខ្នែង​រៀប​ចំ​មហោស្រព​ភាពយន្តកូរ៉េ លើក​ទី​១៣ នៅ​កម្ពុជា

  • 2019-12-10 02:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូតកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សហការ​ជាមួយ​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ សភា​ពាណិជ្ជកម្ម កូរ៉េ​នៅ ប្រទេស កម្ពុជា​បាន​ប្រារព្ធ​នូវ​កម្មវិធី​មហោស្រព​ខ្សែ​ភាពយន្ដ​កូរ៉េ​នៅ​កម្ពុជា​លើក​ទី​១៣ ប្រចាំឆ្នាំ២០១៩ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​១០០ នៃខ្សែ​ភាពយន្ត​កូរ៉េ រយៈ​ពេល ០៣ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​សុក្រ ទី​០៦ រហូត​ដល់​ថ្ងៃ​អាទិត្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៩។

ក្នុង​ពិធី​បើក​កម្មវិធី​មហោស្រព​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​សាល​មហោស្រព​ចតុមុខ កាល​ពី​ចុង​សប្ដាហ៍​មុន ក្រោម​វត្តមាន​ឯកឧត្តម ផាក ហ៊ឹងក្យង់ ឯកអគ្គរដ្​ឋទូតសាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម ផាក ហ៊ឹងក្យង់ បាន​លើក​ឡើង​ថា ភាពយន្ត​កូរ៉េ គឺ​ជា​ផ្នែក​សំខាន់​មួយ​របស់​ប្រទេស​កូរ៉េ ដូច​ជា ខេ ផប, ខេ ត្រាម៉ា និង​ខ្សែ​ភាពយន្ត​របស់​កូរ៉េ។ ដូច្នេះ​ហើយ​ឯកឧត្តម សង្ឃឹម​ថា​តាម​រយៈ​មហោស្រព​លើក​នេះ នឹង​ពង្រឹង​ចំណង​ទាក់​ទង​ប្រទេស​ទាំង​ពីរ​កាន់​តែ​រឹង​មាំ និង​ស៊ី​ជម្រៅ។

លោក​ជំទាវ ភឿង សកុណា បាន​ថ្លែង​ថា មហោស្រព​ភាពយន្ត​កូរ៉េ ក្រសួង​វប្បធម៌​តែងតែ​រៀប​ចំ​ជា​រៀងរាល់​ឆ្នាំ ដោយ​សហការ​ជាមួយ​ស្ថាន​ទូតកូរ៉េ។ក្នុង​នាម​ក្រសួង​សូម​ចាត់​ទុក​ថា​ព្រឹតិ្តការណ៍​នេះ ពិត​ជា​មាន​សារប្រយោជន៍​ណាស់ សម្រាប់​ចែក​រំលែក​ចំណេះ​ដឹង​រវាង​គ្នា​ទៅ​វិញ​ទៅ​មក រវាង​អ្នក​ផលិត ការចែក​រំលែក​បទ​ពិសោធន៍​លើ​ទីផ្សារ​វិស័យ​ភាពយន្ត​ក្នុង​តំបន់​អាស៊ី និង​តួ​សម្តែង។ ឆ្នាំ​នេះ​ក៏​ពិសេស​ផង​ដែរ ដែល​ថា ជា​ខួប​ទី​១០០ឆ្នាំ នៃ​ឧស្សាហ​កម្មវិស័យ​ភាពយន្ត​របស់​ប្រទេសកូរ៉េ។

ជាមួយ​នឹង​ការ​បើក​មហោស្រព​លើក​នេះ គឺរឿង "ច្រកចេញ" ដែល​ជា​ខ្សែ​ភាពយន្ដ​ទទួល​បាន​ជោគជ័យ​បំផុត ដោយ​ក្នុង​នៅ​ប្រទេស​កូរ៉េ នា​រដូវ​ក្ដៅ ឆ្នាំ​២០១៩​នេះ មាន​អ្នក​ចូល​រួម​ទស្សនា​រហូត​ដល់​ជិត​១០លាន​នាក់​នោះ ត្រូវ​បាន​យក​មក​ចាក់​បញ្ចាំង​ជូន​ក្នុង​ពិធី​បើក​កម្មវិធី​មហោស្រព​ភាពយន្ត​លើក​នេះ។ រឿង "ច្រកចេញ" គឺ​ជា​ភាពយន្ដ​បែប កំប្លែង វាយ​ប្រហារ ដែល​រៀបរាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ ដើម្បី​រស់រាន​មាន​ជីវិត​របស់​តួអង្គ​ទាំង​ពីរ​គឺ យ៉ុងណាម(ចូ ចងសក់) និង អ៊ីជូ(អ៊ីមយ៉ូនអា) ពី​ហេតុការណ៍ភេរវកម្ម​ឧស្ម័ន​ពុល។

ជាមួយ​គ្នា អ្នក​ដឹក​នាំ​រឿង​នៃ​ខ្សែភាពយន្ត​ខាង​លើ លោក លី សាំងគឹន ក៏​បាន​អញ្ជើញ​មក​កាន់​ប្រទេស​កម្ពុជា និង​ចូល​រួម​ជាមួយ​វេទិកា​មហោស្រព​ភាពយន្ត​កូរ៉េ​នេះ​ដែរ។ព្រឹត្តិការណ៍​លើក​នេះ មាន​ការ​ចូល​រួម​ឧបត្ថម្ភ​ដោយ ធនាគារ​ស៊ិនហាន ធនាគារ​ឯកទេស​ឌីជីប៊ី Hansoll Textile ធនាគារ​គូកមីន​កម្ពុជា យ៉ុនវូ ខេមបូឌា ធនាគារភ្នំពេញពាណិជ្ជ និង ក្រុមហ៊ុន​អាកាសចរណ៍ ASIANA AIRLINE៕

អត្ថបទ៖ ទារិកា

មតិយោបល់