• 2019-12-17 01:55:00
  • ព័ត៌មាន

មិន​ដឹង​មាន​សង្សារ​តាំង​ពី​អង្កាល់ ស្រាប់​តែ ស្រីនិច្ច ព្រលយ​ចង់​រៀបការ​ឆ្នាំ​ក្រោយ​ទៅ​ហើយ

  • 2019-12-17 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ស្រី​ក្នុង​រឿង "ស្រទន់​មន្តស្នេហ៍" កញ្ញា ស៊ឹម ស្រីនិច្ច ថ្មី​ៗ​នេះ បាន​ព្រលយ​ឲ្យ​អ្នក​គាំទ្រ​នាង​ដឹង​ថា នាង​ទំនង​ជា​គ្រោង​ចូល​រោងការ​នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ។ ដំណឹង​នេះបាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​​សារ​តែ​កន្លង​មក គេ​មិន​ធ្លាប់​លេច​លឺ​ថា​នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​បុរស​ណា​ម្នាក់​ឡើយ។

ស្រីនិច្ច បាន​ព្រលយ​ពី​បញ្ហា​នេះ ក្រោយ​ពី​បាន​ឃើញ​អ្នក​ដទៃ​គ្រោង​នឹង​រៀប​ចំ​ជីវិត​គូ​នៅ​ឆ្នាំ ២០២០ បន្តបន្ទាប់។ ដូច្នេះ​ហើយ នាង​ថា នាង​ក៏​ទំនង​ជា​បញ្ចប់​ភាព​នៅ​លីវ​របស់​នាង​នៅ​ក្នុង​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​ដែរ។ តារា​ស្រី​វ័យ​ក្មេង​រូប​នេះ​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​នាង​ផ្ទាល់​​ថា "Next years គេ​ជូនពរ​អោយ​ជីវិត​គេ​ជួប​គូ​ល្អ​ៗ​ក្នុង​ឆាក​ជីវិត តែ​សម្រាប់​ខ្ញុំ Next years យក​ប្តី​តែ​ម្តង​ខ្ចិល​លាក់​ទៀត​ណាស់​ខ្លាច​បាប"។

សរសេរ​មិន​ខ្លី​មិន​វែង​នេះ បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត ក៏​ដូច​ជា​អ្នក​គាំទ្រ​ជា​ច្រើន​ចាប់​អារម្មណ៍ ប៉ុន្តែ​អ្នក​ខ្លះ​ក្នុង​ចំណោម​នោះ ក៏​មិន​ជឿ​ទាំង​ស្រុង​ដែរ ព្រោះ​យល់​ថា ស្រីនិច្ច គ្រាន់​សរសេរ​លេង​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​យល់​ថា តួឯក​ស្រី​ក្នុង​រឿង​និយាយ​ពី​ជីវិត​របស់​ឯកឧត្តម ទៀ បាញ់ រូប​នេះ មិន​លេង​នោះ​ទេ ពិសេស​គេ​ចាប់​អារម្មណ៍​ត្រង់​ពាក្យ​ថា "ខ្ជិល​លាក់​ទៀត​ណាស់​ខ្លាច​បាប"។

ជុំវិញ​បញ្ហា​នេះ សាមី​ខ្លួន​បាន​ឆ្លើយ​ប្រាប់ Sabay ថា នាង​មិន​បាន​លេង​សើច​ទេ ពោល​គឺ​អ្វី​ដែល​នាង​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​នាង គឺ​ជា​ការ​ពិត។ នាង​ឆ្លើយ​តប​នឹង​សហការី Sabay ថា "ចាស​បង...ពិត​មែន"។ ស្រីនិច្ច បាន​បង្ហើប​ទៀត​ថា នាង​បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​បុរស​ម្នាក់​ហើយ ដូច្នេះ​ហើយ ទើប​នាង​ហ៊ាន​សរសេរ​សារ​ដូច​ប្រិយមិត្ត​បាន​ឃើញ។

បែប​នេះ​ក្ដី តារា​ស្រី សុំ​សិទ្ធិ​មិន​អធិប្បាយ​បន្ថែម ឬ​ក៏​លម្អិត​ពី​គូស្នេហ៍​របស់​នាង ដោយ​សារ​តែ​នាង​មិន​ទាន់​ចង់​បើក​បង្ហាញ​អត្តសញ្ញាណ​គូស្នេហ៍​ថា គេ​ឈ្មោះ​អ្វី អាយុ​ប៉ុន្មាន ជា​សិល្បករ​ឬ​ក៏​សាមញ្ញ​ជន​នោះ​ទេ។ ក្រៅ​ពី​នេះ សូម្បី​តែ​ថា ពួក​នាង​បាន​សេព​គ្នា​តាំង​ពី​ពេល​ណា ដោយ​របៀប​ណា ក៏​នាង​សុំ​មិន​អធិប្បាយ​នា​ពេល​នេះ​ដែរ។

កញ្ញា ស៊ឹម ស្រីនិច្ច គឺ​ជាតារា​ស្រី​កំពុង​ពេញ​និយម​មួយ​រូប ក្រោយ​ពី​នាង​ទើប​បាន​ប្រឡូក​សិល្បៈ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ នាង​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​បន្ទាប់​ពី​បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍ "ស្រទន់​មន្តស្នេហ៍"។ បន្ត​បន្ទាប់​មក​ទៀត​នាង ក៏​ចាប់​បាន​តំណែង​តួឯក​ក្នុង​រឿង​ជា​ច្រើន​ទៀត ក្នុង​នោះ​ត្រូវ​បាន​លោក ខាំ ភូរិ ជ្រើស​រើស​ឲ្យ​សម្ដែង​ជា​តួឯក​ស្រី​ក្នុង​រឿង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​និយាយ​ពី​ប្រវត្តិ​ពិត​របស់សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ជា​ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​នា​ពេល​បច្ចុប្បន្នថែម​ទៀត​ផង៕​

រូបភាព៖ ហ្វេសប៊ុក ស្រីនិច

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់