• 2019-12-18 02:42:13
  • ព័ត៌មាន

គ្រាន់​តែ Pre-Wedding ដល់​ទៅ​៤​ប្រទេស ឥឡូវ​មង្គល​ការ ណាត បូរី ល្បី​ថា នឹង​កក្រើក​ក្រុង​បាវិត​ហើយ!

  • 2019-12-18 02:42:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​បង្ហាញ​មុខ​មាត់​អនាគត​ភរិយា​ដែល​មាន​សម្រស់​ស្រស់​ស្អាត​មួយ​រូប​នៅ​ក្រុង​បាវិត តារា​សម្ដែង​លោក ណាត បូរី នាំ​គូ​ស្នេហ៍​ដណ្ដឹង​ដើរ​ថត Pre-Wedding ដល់​ទៅ​៤​ប្រទេស មុន​ពេល​លេច​ដំណឹង​មង្គល​ការ​ដ៏​ធំ​នៅ​ក្រុង​បាវិត​នា​ចុង​សប្ដាហ៍​នេះ។

តាម​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ក្រុម​សិល្បករ​ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​លោក ណាត់ បូរី បាន​ឲ្យ​ដឹង​ថា តារា​ប្រុស​រូប​នេះ គ្រោង​ត្រៀម​តុ​ដល់​ទៅ ១៤០​តុ​ឯណោះ សម្រាប់​ទទួល​ភ្ញៀវ​កិត្តិយស​ពិសា​ភោជនីយ​អាហារ​ក្នុង​ថ្ងៃ​មង្គល​របស់​លោក។ នេះ​គឺ​ជា​តួលេខ​ខ្ពស់​មិន​ធម្មតា​មួយ សម្រាប់​មង្គល​ការ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្រៅ​ក្រុង និង​នៅ​ជាយ​ដែន​ប្រទេស និង​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ណា នឹង​ចំណាយ​ដល់​ទៅ​រាប់​សិប​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

ការ​ដែល​ប្រារព្ធ​ពិធី​ទទួល​ភ្ញៀវ​ដ៏​ធំ​នេះ ត្រូវ​បាន​គេ​ដឹង​ថា ភរិយា​របស់​លោក ណាត បូរី គឺ​ជា​កូន​ក្រមុំ​របស់​គ្រួសារ​ដ៏​មាន​មុខ​មាត់​ម្នាក់​នៅ​ក្រុង​បាវិត​នោះ។ ដូច្នេះ​ហើយ ពិធី​ត្រូវ​ធ្វើ​ទៅ​តាម​ធនធាន មុខមាត់ និង​កិត្តិយស​របស់​ម្ចាស់​សាមី​កម្មវិធី។ ជុំវិញ​បញ្ហា​នេះ លោក ណាត បូរី បាន​សារភាព​ថា មង្គលការ​របស់​លោក ពិតជា​គ្រោង​ធ្វើឡើង​ដល់​ជាង​១៤០​តុ ទៅ​លើស​នេះ​មែន ដោត​សារ​តែ​គ្រួសារ​របស់​អនាគត​ភរិយា​លោក គឺ​អ្នក​មាន​មុខមាត់​នៅ​ក្រុង​បាវិត​។

យ៉ាងណា​ក៏​ដោយ ភ្ញៀវ​កិត្តិយស​ដែល​មិត្ត​រួម​អាជីព ត្រូវ​បាន​កូន​កំលោះ​បញ្ជាក់​ថា អញ្ជើញ​តែ​រង្វង់​ក្រោម​១០​តុ​ប៉ុណ្ណោះ ដោយសារតែ​ម​ង្គ​ល​ការ​នៅ​ឆ្ងាយ​ពេក​។ បន្ថែម​ពី​លើ​នេះ លោក​ក៏​មិន​មាន​គម្រោង​ធ្វើ​ពិធី​កាត់​ចំណង​ដៃ​នៅ​ភ្នំ​ពេញ​ដែរ ដោយ​សារ​តែ​លោក មិន​ចង់​អោយ​ពិបាក ឬ​រំខាន​ដល់​ភ្ញៀវ ម្យ៉ាង​ទៀត លោក និង​ភរិយា​ក៏​មាន​កិច្ចការ​រវល់​ខ្លាំង​ទៀត​ផង​។

តាម​កាល​វិភាគ លោក ណាត បូរី នឹង​ចូល​រោងការ​ជាមួយ​កូន​ក្រមុំ​អ្នក​ក្រុង​បាវិត នៅ​ថ្ងៃ​ទី​២១ ធ្នូ ក្នុង​ឆ្នាំ​២០១៩ ចុង​សប្ដាហ៍​នេះ។ ពិធី​នេះ សាមី​ខ្លួន​បាន​​អះអាង​ថា បាន​ចំណាយ​ខ្ពស់ ដោយសារតែ​ធ្វើ​ច្រើន​តុ ខណៈ​ដែល​គ្រួសារ​ទាំងសងខាង​ក៏​ព្រមព្រៀង​គ្នា​ថា នឹង​ធ្វើ​អោយ​សម​នឹង​មុខមាត់​ឳ​ពុក​ម្ដាយក្មេក ដែល​ជា​អ្នក​ជោគ​ជ័យ នៅ​ក្រុង​បាវិត លើ​ជំនួញ​ដីធ្លី​។ មិន​ត្រឹម​ប៉ុណ្ណឹង អនាគត​ភរិយា​របស់​លោក ក៏​ជា​អ្នក​នាំចូល​ផ្ដាច់មុខ​ផលិតផល​អន​ឡា​ញ ដ៏​ជោគ​ជ័យ​ម្នាក់​ផង​ដែរ។

ដោយ​សារ​តែ​ចាប់​ដៃ​គ្នា​ក្នុង​ភាព​សម្បូរសប្បាយ​ទាំង​សង​ខាង កន្លង​ទៅ​គេ​ឃើញ​លោក ណាត បូរី បាន​នាំ​អនាគត​ភរិយា​ដើរ​ថត​រូប Pre-wedding ​ដល់​ទៅ​៤​ប្រទេស​ឯ​ណោះ គឺ​នៅ​កម្ពុជា វៀតណាម សិង្ហ​បុរី និង ឥណ្ឌូណេស៊ី ក្នុង​នោះ​គ្រាន់​តែ​ចំណាយ​លើ​ការងារ​មុន​រៀបការ​នេះ អស់​មិន​តិច​ដែរ ប៉ុន្តែ​កូន​កំលោះ​រូប​នេះ សុំ​មិន​បង្ហើប​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់