• 2019-12-25 03:32:34
  • ភាពយន្ត

រឿង "កុំ​ងាក​ក្រោយ" ដាក់​បញ្ចាំង​ក្នុង​នាម​ជា​ភាពយន្ត​ខ្មែរ​ចុង​ក្រោយ​គេ​សម្រាប់​ឆ្នាំ ២០១៩

  • 2019-12-25 03:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ចង្កោម​អ្នក​គាំទ្រ ក្រោយ​ពី​បាន​បញ្ចេញ​វីដេអូ Trailer កាល​ពី​សប្ដាហ៍ ម្សិលមិញ​នេះ​រឿង​ទី​២​របស់​ផលិតកម្ម Galaxy “កុំ​ងាក​ក្រោយ" បាន​បើក​សម្ពោធ​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​ហើយ។

ពិធី​នេះ បាន​ប្រារព្ធ​ធ្វើ​នៅ Eden Garden ដោយ​មាន​ចំនួន​អ្នក​គាំទ្រ​ចូល​រួម​យ៉ាង​ច្រើន។លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ជា​អធិបតី បាន​គូស​បញ្ជាក់​ឲ្យ​ដឹង​ថា ពី​ការ​រីក​ចម្រើន​នៃ​ភាព​យន្ត​ខ្មែរ​នា​ដំណាក់​កាល​ចុង​ក្រោយ​នេះ។ លោក​លើក​ឡើង​ថា តាម​រយៈ​មហោស្រព​ភាពយន្ត​លើក​ទី​៦ ដែល​បាន​ធ្វើ​ឡើង​ប្រកប​ដោយ​ជោគជ័យ លោក បូរក្ស អះអាង​ថា ភាពយន្ត​ខ្មែរ បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ទាំង​បរិមាណ ពិសេស​គុណភាព ដោយ​ក្នុង​នោះ មាន​ភាពយន្ត​ខ្លះ បាន​ឈាន​ដល់​ទីផ្សារ​អន្តរជាតិ​ថែម​ទៀត។

ដូច្នេះ​ហើយ នាម​ជា​អាណាព្យាបាល​ក្នុង​ឧស្សាហកម្ម​ភាពយន្ត លោក​សូម​ស្វាគមន៍​ចំពោះ​លទ្ធផល​ថ្មី​ៗ​នៃ​ផលិតផល​ភាពយន្ត​ក្នុង​ស្រុក។ ជាក់​ស្ដែង​ការ​មក​ដល់​នៃ​ភាពយន្ត​រឿង "កុំ​ងាក​ក្រោយ" របស់​ផលិតកម្ម Galaxy ដែល​ជា​ខ្សែ​ភាពយន្ត​ខ្មែរ​ចុង​ក្រោយ​បំផុត​សម្រាប់​ឆ្នាំ ២០១៩ ដែល​ត្រូវ​បាន​សម្ពោធ​ដាក់​បញ្ចាំង លោក​ជឿ​ថា នឹង​បន្ថែម​ពណ៌​សម្បុរ​ដល់​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក ឲ្យ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ថែម​ទៀត។

នៅ​ក្នុង​ការ​សន្ទនា​ដោយ​ឡែក​មួយ ត្បិត​តែ​មិន​ទាន់​បាន​ទស្សនា​សាច់​រឿង​ពេញ ប៉ុន្តែ​លោក ប៉ុក បូរក្ស មាន​សុទិដ្ឋិ​និយម​ចំពោះ​ផលិតផល​ភាពយន្ត​មួយ​នេះ ដោយ​យោង​លើ​ហេតុផល​ក្រេឌីត​ល្អ​របស់​អ្នក​និពន្ធ និង​ដឹកនាំ​រឿង។ លោក​ថា រ៉ូណាន មាន​ទឹក​ដៃ​ល្អ បើ​ផ្អែក​ទៅ​លើ​សមិទ្ធផល​មួយ​ចំនួន​របស់​លោក ក្នុង​អតីតកាល។

ងាក​មក​អ្នកដឹកនាំ​រឿង​ផ្ទាល់ គឺ​លោក រ៉ូណាន ចាន់ណា បាន​ឲ្យ​ដឹង​ថា លោក​ខ្លួន​ឯង​ក៏​មាន​សុទិដ្ឋិនិយម​ដូច​គ្នា​ចំពោះ​រឿង​នេះ។ លោក​ថា ក្រោយ​ពី​ខំ​សម្រិតសម្រាំង លទ្ធផល​ល្អ​បាន​បង្ហាញ​ឲ្យ​ឃើញ​ខ្លះ ក្រោយ​ពី​ផលិតកម្ម​បាន​បញ្ចេញ​វីដេអូ Trailer កាល​ពី​សប្ដាហ៍​មុន មាន​សន្ទស្សន៍​ការ​គាំទ្រ​ច្រើន។ លោក​សង្កត់​ធ្ងន់​ថា សាច់​រឿង "កុំ​ងាក​ក្រោយ" មាន​ភាព​ប្រទាក់​ក្រឡា​ល្អ មាន​គ្រប់​រសជាតិ។ ដូច្នេះ​ហើយ លោក​មាន​ក្ដី​សង្ឃឹម​ថា នឹង​អាច​ត្រូវ​ចិត្ត​ទស្សនិកជន។

រឿង "កុំ​ងាក​ក្រោយ" គឺ​ជា​វណ្ណកម្ម​ទី​២​របស់​ផលិតកម្ម Galaxy របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា បន្ទាប់​ពី​រឿង "កំពូល​ល្ងង់​នៅ​អាស៊ី"។ តាម​លោក យឹម តាស្រង់ នាយក​គ្រប់គ្រង​ផលិតកម្ម​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា នេះ​គ្រាន់​ជា​សមិទ្ធផល​ចុង​ក្រោយ សម្រាប់​ឆ្នាំ ២០១៩​នេះ ប៉ុន្តែ​មិន​មែន​ជា​ការ​ផលិត​ចុង​ក្រោយ​បំផុត របស់ Galaxy ពោល​គឺ លោក​នៅ​មាន​គម្រោង​ភាពយន្ត​ជា​ច្រើន​ទៀត​នៅ​ក្នុង​ដៃ ដោយ​គ្រោង​នឹង​បង្ហាញ​ជូន​បន្ត​បន្ទាប់​នា​ឆ្នាំ ២០២០ ខាង​មុខ។ ប៉ុន្តែ អ្នក​គ្រប់​គ្រង​រូប​នេះ មិន​បាន​និយាយ​លម្អិត​ឡើយ​ពី​គម្រោង​ខាង​លើ​នេះ ប៉ុន្តែ​ថា នៅ​ឆ្នាំ​ថ្មី​នេះ នឹង​មាន​រឿង​ថ្មី​ៗ​ច្រើន។

ក្រោយ​ពី​សម្ពោធ​យប់​មិញ​នេះ "កុំ​ងាក​ក្រោយ" នឹង​ដាក់​បញ្ចាំង​ជូន​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី ២៦ ធ្នូ ២០១៩ នៅ​គ្រប់រោង​ភាពយន្ត​ល្បី​ៗ​ទាំង​នៅ​រាជធានី និង​តាម​បណ្ដា​ខេត្ត​ធំ​ៗ។ តួ​សម្ដែង​ក្នុង​រឿង​នេះ​មាន លោក ជា លាងឈែ ទី្រ ដារ៉ាវុធ កញ្ញា ឆាយ នីតា លោក ពីម័យ និង​តារា​ប្រុស​ស្រី វ័យ​ក្មេង​ជា​ច្រើន​រូប​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់