• 2019-12-27 08:08:09
  • ព័ត៌មាន

មាន​ចំណុច​ខ្លះ​ដែល តន់ ច័ន្ទ​សីម៉ា អាច​ឡើង​ខ្លាំង​នៅ​ឆ្នាំ ២០២០

  • 2019-12-27 08:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង តន់ ច័ន្ទ​សីម៉ា បាន​សាង​កេរ្តិ៍​ឈ្មោះ​ឡើង​មួយ​កម្រិត​នៅ​ចុង​ឆ្នាំ​២០១៩ នេះ​ដោយ​សារ​បទ​ចម្រៀង​នាង​ភាគ​ច្រើន ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ជា​ទុន​ដែល​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​នាង​ស្ទុះ​ឡើង។ ប៉ុន្តែ​គេ​មើល​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ ២០២០ នាង​អាច​នឹង​ឡើង​កាន់​តែ​ឡើង​ខ្លាំង​ទៀត​ដោយ​យោង​លើ​ហេតុផល​មួយ​ចំនួន។

តន់ ច័ន្ទសីម៉ា ទើប​បាន​ចុះ​កុងត្រា​រយៈ​ពេល ៥​ឆ្នាំ​ជាមួយ​ផលិតកម្ម Galaxy កាល​ពី​ប៉ុន្មាន​ខែ​មុន។ ដូច្នេះ​ហើយ ទើប​នាំ​ឲ្យ​មាន​ការ​ព្យាករណ៍​ពី​ការ​វិវត្ត​របស់​នាង​បន្ថែម​ទៀត​នៅ​ឆ្នាំ​ខាង​មុខ។ និយាយ​ដល់​ចំណុច​នេះ ចំណុច​វិជ្ជមាន​មួយ​របស់​តារា​ចម្រៀង​រូបរាង​ល្អិត ដែល​ប្រិយមិត្ត​អាច​កត់​សម្គាល់​បាន​នោះ គឺ​សមត្ថភាព​ផ្ទាល់​ខ្លួន​ដែល​ជា​ខ​ដំបូង។

១.ត្បិត​ថា​មាឌ​តូច ប៉ុន្តែ សីម៉ា មាន​សមត្ថភាព​ខ្ពស់ ពោល​គឺ​សំឡេង​មុត​ល្អ មាន​ទឹក​ដម មាន​កម្លាំង និង​មាន​ភាព​តម្អូញតម្អែរ​ខ្លាំង​ក្នុង​បទ​ប្រភេទ​ឈឺ​ចាប់​ក្នុង​រឿង​ស្នេហា នោះ​ជា​មូលហេតុ​ដែល​នាង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​បទ "មនុស្ស​ដូច​ខ្ញុំ" កាល​នាង​នៅ​ជា​តារា​ចម្រៀង​ឯករាជ្យ។ ក្រៅ​ពី​នេះ សំឡេង​នាង​នៅ​អាច​ច្រៀង​បាន​បទ​ចម្រៀង​ប្រភេទ​ច្រើន​ទៀត។

ក្រោយ​មក​ទៀត គុណភាព​សំឡេង​នេះ​ដដែល សីម៉ា នៅ​ចាក់​ដល់​បេះដូង​អ្នក​ស្ដាប់​បន្ត​ទៀត ជាមួយ​បទ "យល់​ច្រឡំ​ថា​គេ​ស្រឡាញ់​យើង" ចេញ​ក្រោម​ផលិតកម្ម Galaxy Navatra និង​បទ​មួយ​ចំនួន​ទៀត។

២.ការ​វិវត្តន៍​ខ្លួន​មក​ជា​តារា​ចម្រៀង​អាជីព​របស់​ផលិតកម្ម៖ ការ​ផ្លាស់​ខ្លួន​ពី​តារា​ចម្រៀង​ឯករាជ្យ មក​ជា​តារា​ចម្រៀង​ផលិតកម្ម នឹង​ធ្វើ​ឲ្យ​នាង​កាន់​តែ​សក្ដានុពល​ថែម​ទៀត​ដោយ​យោង​លើ​ហេតុផល​មួយ​ចំនួន​ដូច​ជា៖ ធានា​ដល់​ការ​ចេញ​បទ​ចម្រៀង​ច្រើន និង​ទៀងទាត់​ជាង​មុន​សម្រាប់​អ្នក​គាំទ្រ។ ចំណុច​ផ្សេង​ទៀត នាម​ជា​តារា​ចម្រៀង​មាន​ទ្រនំ​ច្បាស់​លាស់ ជា​ស្វ័យ​ប្រវត្តិ នាង​នឹង​ទទួល​បាន​ការ​ឲ្យ​តម្លៃ​ជាង​មុន(ឡើង​ក្រេឌីត) ហើយ​នោះ​ក៏​ធានា​ដល់​ការឡើង​តម្លៃ​ខ្លួន​ខ្ពស់​ថែម​ទៀត។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត គេ​ជឿ​ថា នាង​នឹងកាន់​តែ​មាន​ទីផ្សារជាង​មុន​សម្រាប់ Affair ផ្សេង​ៗ។ ដូច្នេះ នាង​ចេញ​កាន់​តែ​ច្រើន ល្បី​កាន់​តែ​ខ្លាំង។

៣.គឺ​ការ​គាំទ្រ​ពី​ផលិតកម្ម៖ នេះ​ជា​ចំណុច​សំខាន់ ព្រោះ​ថា មាន​សមត្ថភាព​ខ្ពស់​ហើយ ក្លាយ​ជា​តារា​ចម្រៀង​ផលិតកម្ម​ហើយ ប៉ុន្តែ​បើ​ផលិតកម្ម​មិន​ផ្ដល់​ឱកាស មិន​យឹតយោង​តាម​សកម្មភាព​ផ្សេង​ៗ ហើយ​ផ្អឹប​ចោល​នោះ មិន​យូរ​ឡើយ មិន​ត្រឹម​តែ​ប្រជាប្រិយ​មិន​ងើប​ឡើង​នោះ ប៉ុន្តែ​នឹង​កាន់​តែ​លិចលង់​ថែម​ទៀត។ យ៉ាង​ណា​ចំណុច​អវិជ្ជមាន​ទាំង​នេះ ទំនង​មិន​ជាប់​ខ្លួន​តារា​ចម្រៀង​វ័យ ២៣​ឆ្នាំ​រូប​នេះ​ទេ ព្រោះ​ស្ថានភាព​នាង​នៅ Galaxy ផ្ទុយ​ទាំង​ស្រុង​ពី​រឿង​ទាំង​នេះ។

តាម​ដំណឹង​ដែល​ទទួល​បាន គឺ​ថា​ផលិតកម្ម​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ចុងផ្ដើម សីម៉ា ខ្លាំង​ណាស់។ ដូច្នេះ​ហើយ ទើប​គ្រាន់​តែ​ចាប់​ផ្ដើម សីម៉ា បាន​ផ្ទុះ​ខ្លាំង​ជាមួយ​បទ​ចម្រៀង ៣បទ​របស់​ផលិតកម្ម​មាន​បទ "បើ​មិន​ស្មោះ​ស្រឡាញ់​គ្នា​រក​ងាប់​អី" “យល់​ច្រឡំ​ថា​គេ​ស្រឡាញ់​យើង" និង​ជា​ពិសេស​បទ "គេ​នោះ​ជា​ស្រី​កាប់​ដាវ" ស្នាដៃ​និពន្ធ​ដោយ​ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់ ទទួល​បាន​ការ​ខ្លាំង​សម្បើម​ណាស់។

សីម៉ា ខ្លួន​ឯង ក៏​បាន​អះអាង​ដូច​គ្នា​ថា នាង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់​ពី​ផលិតកម្ម។ ដូច្នេះ​ហើយ ក្រៅ​ពី​បទ​ខាង​លើ តារា​ចម្រៀង​មក​ពី​ក្រុង​ដូនកែវ ខេត្ត​តាកែវ ប្រាប់​ថា ផលិតកម្ម​បាន​ត្រៀម​បទ​ថ្មី​សម្រាប់​នាង​ប្រមាណ​ជិត ១០​បទ​ទៀត​ហើយ​សម្រាប់​ឆ្នាំ​ថ្មី។ បទ​ទាំង​នោះ សីម៉ា ប្រាប់​ថា មាន​ទាំង​បទ​ចម្រៀង​សម័យ​បែប​យុវវ័យ និង​បទ​សម្រាប់​រាំ​លេង​សប្បាយ​ៗ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ឆ្នាំ ២០២០ នោះ​ថែម​ទៀត។

ចំណុច​នេះ​ទាំង​នេះ តន់ ច័ន្ទសីម៉ា ខ្លួន​ឯង​ក៏​អះអាង​ថា សប្បាយ​ចិត្ត​ដូច​គ្នា ប៉ុន្តែ​រឿង​ឆ្នាំ​ថ្មី​ខាង​មុខ នាង​វិវត្ត​បាន​ប៉ុណ្ណា រង់​ចាំ​មើល​ទាំង​អស់​គ្នា​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់