• 2020-01-03 08:34:04
  • ព័ត៌មាន

តារា K-Pop ទាំងនេះជាប់ងារពូកែថែបេះដូងឲ្យនៅទំនេរស្អាត ខណៈគូមិនទាន់ដល់

  • 2020-01-03 08:34:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ជា​រឿង​ពិបាក​បន្តិច​ក្នុង​ការ​ជឿ​ថា​ តារា​ល្បីៗ​មិន​ដែល​ធ្លាប់​ប៉ះ​ពាល់​សម្ព័ន្ធភាព​ស្នេហាពីមុន ប៉ុន្តែ​ការពិត​នៅ​តែ​ជា​ការ​ពិត​ ហើយ​រឹត​តែ​ភ្ញាក់​ផ្អើល​ នៅពេល​ដឹង​រឿង​ពិត​ថា​តារាកូរ៉េទាំង​នេះ​មាន​បេះដូង​ទំនេរ​ មិន​ទាន់​មាន​អ្នកណា​ក្លាយ​ជា​ម្ចាស់​នៅឡើយ។

ដោយសារ​តែ​សមត្ថភាព​ សម្រស់​ និង​ភាព​លេចធ្លោ ក៏ដូចជា​អត្តចរិត​គួរ​ឲ្យ​ស្រឡាញ់​ទៀត​ ច្បាស់​ណាស់ ពួកគេ​ទាំង​នេះ​សុទ្ធ​តែ​មាន​គេលង់​ស្នេហ៍​ ប៉ុន្តែ​មែន​ទែន​ទៅ​តារា​ទាំង​នេះ​មិន​ទាន់ស្គាល់ស្នេហ៍ពិតម្ដងណាឡើយ តាំងពីមុន​មក​ដល់​បច្ចុប្បន្ន។ ស្របពេល​ព័ត៌មាន​ទាក់ទង​ស្នេហា​ផ្ទុះ​ឡើង​ជាបន្តបន្ទាប់ អ៊ីចឹង​យើង​ងាក​មក​ស្គាល់​អ្នក​ដែល​ពូកែ​ថែបេះដូង​ឲ្យ​នៅ​ទំនេរ​ទាំង​នេះ​ទាំងអស់គ្នា៖

១. V (ក្រុម BTS)

ក្នុង​បទសម្ភាស​មួយ​ជាមួយ​ BTS សមាជិក​គ្រប់គ្នា​ត្រូវ​បាន​គេ​សួរ​ថា​ តើ​មាន​អ្នក​ណា​មិនធ្លាប់​មាន​ស្នេហាពីមុន​ទេ? V និយាយ​យ៉ាង​លឿន​ថា​ តាំងពី​ដើម​មក​ លោក​មិន​ដែល​ទាក់ទង​នារី​ណា​ម្នាក់​ឡើយ ប៉ុន្តែ​លោក​ក៏បាន​បញ្ជាក់​ដែរ​ថា​ លោក​ធ្លាប់​មាន​មិត្តស្រី​ម្ដង​ពីមុន តែ​ពេល​នោះ​ក៏ព្រោះ​តែ​លោក​អន់​ចិត្ត​បំផុត​ ពេល​ត្រូវ​គេ​បដិសេធ ហើយ​ទំនាក់ទំនងនោះ​ក៏​ត្រូវ​បញ្ចប់​រយៈពេល​មិនដល់​ ២០​ថ្ងៃ​ផង។

២. Minhyun (ក្រុម NU'EST)

លោក​ទទួល​ស្គាល់​ថា​ លោក​ធ្លាប់​មាន​មិត្តស្រី​កាល​ពី​នៅ​អនុវិទ្យាល័យ​ ប៉ុន្តែ​ទំនាក់​ទំនង​នោះ​ គឺ​មាន​ត្រឹម​តែ​តាមរយៈ​ការ​ផ្ញើ​សារ​ប៉ុណ្ណោះ រហូត​ធ្វើ​ឲ្យ​អ្នក​ដែល​កំពុង​ស្ដាប់​លោក​និយាយ​ពេល​នោះ​ លាន់​មាត់​ថា​ ទំនាក់ទំនង​បែប​នេះ​មិន​ហៅ​ថា​ជា​ការ​ទាក់ទង​ស្នេហា​ទេ ដូច្នេះ​ហើយ​ទើប​គ្រប់​គ្នា​យល់​ស្រប​ថា​ Minhyun ពិត​ជា​នៅ​ Single ពិតៗ​តាំង​ពី​កើត​មក។

៣. Gongchan (ក្រុម​ B1A4)

អំឡុង​ពេល​ចូលរួម​ក្នុង​កម្មវិធី​មួយ​ សមាជិក​ B1A4 ទាំង​អស់​បាន​ទម្លាយ​ពី​វ័យ​ដែល​ពួកគេបាន​ទទួល​ស្នាមថើប​គ្រា​ដំបូង ប៉ុន្តែ​លើក​លែង​ Gongchan ម្នាក់​គត់ដែល​មិន​មាន​នឹងគេ។ លោក​បាន​ទទួល​ស្គាល់​ថា​លោក​ធ្លាប់​តែ​ឃើញ​គេ​ថើប​គ្នា​ក្នុង​រឿង​កុន​ប៉ុណ្ណោះ​ ជីវិត​ពិត​លោក​មិន​ទាន់​ទទួល​ម្ដង​ឡើយ។

៤. Chungha

ក្នុង​បទ​សម្ភាស​មួយ​ Chungha បាន​និយាយ​ថា នាង​មិន​ដែល​មាន​មិត្តប្រុស​ឡើយ ហើយ​អ្នក​ដែល​នាង​ធ្លាប់​ស្និទ្ធ​ជាមួយ​គឺ​បុរសម្នាក់​ដែល​នាង​ធ្លាប់​ផ្ញើ​សារ​លេង​ជាមួយរយៈពេល​ត្រឹម​១ខែប៉ុណ្ណោះ ប៉ុន្តែ​គ្មាន​អ្វី​លើស​ពី​នេះ​ឡើយ។

៥. Hanbin

ឯ​ Hanbin វិញ​ក៏​ធ្លាប់​ណែនាំ​ឲ្យ​គេ​គ្រប់​គ្នា​បាន​ដឹង​ម្ដង​ដែរ​ ថា​លោក​ជាអ្នក​ដែល​រក្សា​ភាព​នៅ​លីវ​​ Single រយៈពេល​ ២០​ឆ្នាំ​ហើយ។ ទោះ​ជា​យ៉ាង​ណា​ លោក​បាន​ទម្លាយ​ឲ្យដឹង​ថា​ លោក​ពិត​ជា​មិន​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា ឬ​ធ្លាប់​ថើប​គ្នា​ជាមួយ​អ្នកណា​ម្នាក់​ឡើយ​តាំង​ពី​ដើម​មក។

៦. Kei (ក្រុម​ Lovelyz)

នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ Kei បាន​បញ្ជាក់​ថា​នាង​ក៏​ជា​អ្នក​ដែល​មិន​ធ្លាប់​មាន​ប្រវត្តិ​មាន​ស្នេហា​នឹង​គេ​ដែរ ហើយ​ក៏​មិន​ដែល​មាន​អ្នក​ណា​សារភាព​សុំស្នេហ៍​ដែរ។ នាង​ថា​នាង​មាន​អ្វី​ត្រូវ​ធ្វើ​ច្រើន​ទៀត​ សម្រាប់​យុវភាព​របស់​នាង​ ហើយ​ក៏​មិន​ចង់​បញ្ចប់​ផ្លូវ​ខ្លួន​ឯង​លើ​វិថី​សិល្បៈ​ ដោយសារ​តែ​រឿង​ស្នេហា​អីដែរ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់