• 2020-01-04 08:19:30
  • ព័ត៌មាន

មិន​ទាន់​ចប់​ទេ រឿង ព្រីង ច័ន្ទ​បុត្រ ភាគី​ខាង​ស្រី​ចេញ​មុខ​ម្ដង​វិញ​ហើយ

  • 2020-01-04 08:19:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាស់​ពាក្យ​សំដី​រវាង​អតីត​តារា​សម្ដែង ព្រីង ច័ន្ទ​បុត្រ និង​នារី​រស់​នៅ​ប្រទេស​បារាំង​ម្នាក់​រឿង​លុយ​កាក់​នោះ កាល​ពី​សប្ដាហ៍​មុន ខាង​ប្រុស​បាន​ចេញ​បក​ស្រាយ ប៉ុន្តែ​មក​ដល់​ពេល​នេះ ខាង​ស្រី​បាន​ចេញ​មុខ​ម្ដង ដោយ​នាង​បាន​ច្រាន​ចោល​អ្វី​ដែល​លោក បុត្រ និយាយ​មិន​មែន​ជា​ការ​ពិត។

នៅ​មុន​នេះ ប្រមាណ​១​សប្ដាហ៍​កន្លង​ផុត​ទៅ​មាន​ករណី ទំនាស់​ថ្មី​រវាង​អតីត​តារា​សម្ដែង ព្រីង ច័ន្ទ​បុត្រ ដោយ​សារ​នារី​ជា​អាណិកជន​ខ្មែរ​រស់​នៅ​ប្រទេស​បារាំង​ម្នាក់ បាន​បញ្ចេញ​សារ​បន្តបន្ទាប់​ថា តារា​ប្រុស​រូប​នេះ ជំពាក់​លុយ​នាង ហើយ​បាន​ព្យាយាម​គេច​វេះ​មិន​សង ថែម​ទាំង​គំរាម​នាង​ទៀត។ ភ្លាម​ៗ ពោល​គឺ​១​ថ្ងៃ​បន្ទាប់​លោក ព្រីង ច័ន្ទ​បុត្រ បាន​ចេញ​មុខ​ឆ្លើយ​តប​ចំពោះ​ករណី​ខាង​លើ។

អតីត​តួ​ប្រុស​ក្នុង​បទ​ស្នេហា​៤​ដួង​របស់​ខ្មែរ បាន​ចាប់​ផ្ដើម​ពី​រៀបរាប់​ពី​សម្ព័ន្ធ​ភាព និង​នារី​ខ្មែរ​រស់​នៅ​បារាំង​ឈ្មោះ Roselyne Dalva ថា ពួក​គេ​គឺ​ជា​អតីត​គូស្នេហ៍​ដែល​ធ្លាប់​ល្អូកល្អិន​នឹង​គ្នា ធ្លាប់​ដើរ​កម្សាន្ត​កសាង​អនុវស្សាវរីយ៍​ជា​ច្រើន​រាប់​មិន​អស់ គ្រប់​ខេត្ត​ក្រុង​របស់​កម្ពុជា រាល់​ពេល​ខាង​ស្រី​ចុះ​មក​ស្រុក​ខ្មែរ​ម្ដងៗ។

ប៉ុន្តែ​ក្រោយ​វេលា​ផ្អែម​ល្ហែម​កន្លង​ផុត​ទៅ អ្នក​ទាំង​ពីរ​ក៏​ចាប់​ផ្ដើម​ឆ្ងាយ​ៗ​បន្តិច​ម្ដងៗ ដោយ​មិន​សូវ​ទាក់​ទង​គ្នា ដែល​បញ្ញា​នេះ លោក បុត្រ ខ្លួន​ឯង​ក៏​មិន​ដឹង​មក​ពី​មូលហេតុ​អ្វី​ពិត​ប្រាកដ​ដែរ។ ប៉ុន្តែ​លោក​បាន​ដាក់​ការ​សង្ស័យ​ថា ទំនង​ដោយ​សារ​លោក​ឧស្សាហ៍​ធ្វើ​ឲ្យ​នាង​ខឹង​ពេល​លោក ស្រវឹង​ម្ដង​ៗ។ លុះ​ក្រោយ​ពី​ដាច់​ការ​ទាក់​ទង​គ្នា​រយៈ​ពេល​យូរ នារី​ជា​គូស្នេហ៍​បាន​ទាក់​ទង​មក​លោក ហើយ​ចាប់​ផ្ដើម​ទារ​លុយ​តែ​ម្ដង។

ចំពោះ​ការ​ទារ​លុយ​នោះ លោក ព្រីង ច័ន្ទ​បុត្រ បាន​ប្រាប់​ថា លោក​មិន​ដែល​បាន​ខ្ចី​លុយ​នារី​ជា​គូ​ស្នេហ៍​ទេ ប៉ុន្តែ​លោក​ទទួល​ថា រាល់​ពេល​នារី​ជា​គូស្នេហ៍​ចុះ​មក​ស្រុក​ខ្មែរ​ម្ដង​ៗ គឺ​ការ​ចំណាយ​ផ្សេង​ៗ​លើ​ការ​ដើរ​កម្សាន្ត គឺ​ខាង​ស្រី​ជា​អ្នក​ចំណាយ​ទាំង​អស់​មែន។ ត្បិត​ថា មិន​ដឹង​ថា​ខ្លួន​ជំពាក់​អតីត​សង្សារ​ពិត​មែន ប៉ុន្តែ​លោក​បាន​សន្យា​ថា​សង​វិញ ចំពោះ​លុយ​ចំណាយ​លើ​ការ​ស៊ី​ចាយ​ជាមួយ​គ្នា ព្រោះ​តែ​ធុញ​ទ្រាន់​នឹង​ការ​ទារ​ដដែល​ៗ​ពេក ក្នុង​នោះ​លោក​ថា នឹង​សង​ក្រោយ​លក់​ដី​ឪពុក​នៅ​​បាវិត​ដាច់។

ក្រោយ​មក​ទៀត ដោយ​សារ​តែ​ភាគី​ខាង​ស្រី នៅ​តែ​ទារ​ដដែល​ៗ​ពេក លោក បុត្រ ប្រាប់​ថា លោក​ក៏​បាន​ផ្ដាច់​ទំនាក់ទំនង​ហ្វេសប៊ុក​ជាមួយ​នាង​តែ​ម្ដង។ បញ្ហា​នេះ​លោក​បញ្ជាក់​ថា មិន​មែន​គេច​ទេ ប៉ុន្តែ​មក​ពី​ធុញ​នឹង​ការ​ទារ​លុយ​ខ្លាំង​ពេក...ព្រោះ​ជាក់​ស្ដែង​លោក​មិន​បាន​ខ្ចី​ផង ប៉ុន្តែ​លុយ​ស៊ីចាយ​ដើរ​លេង​ជាមួយ​គ្នា​ប៉ុណ្ណោះ។

យ៉ាង​នេះ​ក្ដី កញ្ញា Roselyne Dalva បញ្ជាក់​មិន​មែន​ដូច្នេះ​ទេ។ នារី​អាណិកជន​ខ្មែរ​រូប​នេះ​ថា នាង​ធ្លាប់​ជា​សង្សារ​របស់​លោក ព្រីង ច័ន្ទ​បុត្រ ពិត​មែន តែ​នោះ​ជា​រឿង​អតីតកាល​ទៅ​ហើយ ហើយ​បញ្ហា​ចុង​ក្រោយ​នេះ គឺ​រឿង​លុយ​កាក់​របស់​នាង។ Roselyne Dalva បន្ត​ថា រាល់​ការ​ចំណាយ​ដើរ​លេង​ជាមួយ​គ្នា គឺ​នាង​ចំណាយ​ទាំង​អស់ ក្រៅ​ពី​នេះ នៅ​មាន​ទុក​លុយ​សម្រាប់​លោក បុត្រ ផ្សេង​ទៀត។

ប៉ុន្តែ​ចំពោះ​ទឹក​ប្រាក់​ដែល​នាង ទារ​ឲ្យ​សង​វិញ​នោះ មិន​មែន​ចំនួន​លុយ​ខាង​លើ​នោះ​ទេ គឺ​លុយ​ដែល​នាង​ទុក​ឲ្យ​លោក ព្រីង ច័ន្ទ​បុត្រ ដើរ​រក​មើល​ទិញ​ដី ទិញ​ផ្ទះ​ឲ្យ​នាង ដែល​លុយ​នោះ​មាន​ចំនួន​ជាង ១ម៉ឺន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​មិន​ទិញ​បាន​ដី​ផ្ទះ​ហើយ Roselyne អះអាង​ថា អតីត​គូ​ស្នេហ៍ បាន​ចាយ​លុយ​អស់​ថែម​ទៀត។

“ខ្ញុំ​អត់​ទារ​លុយ​ស៊ី​ចាយ​ជាមួយ​គ្នា​ទេ​បង គឺ​លុយ​ដែល​ខ្ញុំ​ទុក​ឲ្យ​គាត់​រក​ទិញ​ដី​ទិញ​ផ្ទះ​ឲ្យ ហើយ​ត្រូវ​គាត់​យក​ចាយ​អស់ ហើយ​នៅ​ក្នុង​ឆាត ក៏​គាត់​មាន​និយាយ​ថា នឹង​សង​ខ្ញុំ​វិញ​ដែរ"។ Roselyne Dalva ថ្លែង។

យ៉ាង​ណា​ក៏​ដោយ លោក ព្រីង ច័ន្ទ​បុត្រ នៅ​តែ​អះអាង​ថា លោក​មិន​បាន​ទទួល​លុយ​ពី​នារី​អតីត​សង្សារ ដូច​ការ​លើក​ឡើង ក្រៅ​តែ​ពី​លុយ​ចំណាយ​លើ​ការ​ដើរ​លេង​ជាមួយ​គ្នា​នោះ​ទេ។ ប៉ុន្តែ​លោក​ថា បើ​ភាគ​ខាង​ស្រី​ថា​មាន លោក​ស្នើ​ឲ្យ​បញ្ចេញ​ភស្តុតាង ដូច​ជា​កិច្ច​សន្យា ឬ​លិខិត​ពាក់​ព័ន្ធ​ផ្សេង​ៗ។ យ៉ាង​ណា ស្ត្រី​អាណិកជន​ខ្មែរ​នៅ​បារាំង​ដដែល ប្រាប់​ថា នាង​គ្មាន​នោះ​ទេ។

"រឿង​គាត់​ទារ​រក​សំបុត្រ ធម្មតា​បង ជា​សង្សារ​នឹង​គ្នា ស្រឡាញ់​គ្នា ទុក​ចិត្ត​គ្នា អីចឹង​ការ​ប្រគល់​លុយ​ដែល​មាន​ក្រដាស​ស្នាម​អី គឺអត់​មាន​ទេ...!”។ Roselyne Dalva បញ្ជាក់​ថា នាង​មិន​ចង់​វែង​ឆ្ងាយ​អ្វី​ទេ ប៉ុន្តែ​គ្រាន់​តែចង់​ចេញ​មុខ​បំភ្លឺ​ដើម្បី​ការពារ​ខ្លួន​ខ្លះ និង​ចង់​ឲ្យ​អតីត​គូស្នេហ៍ និយាយ​អ្វី​ជា​ការ​ពិត ព្រោះ​នាង​ថា អ្វី​ដែល​លោក ព្រីង ច័ន្ទ​បុត្រ​បាន​បក​ស្រាយ គឺ​មិន​មែន​ជា​ការ​ពិត​ទេ៕

អត្ថបទ៖ ទារិកា

មតិយោបល់