• 2020-01-08 03:15:42
  • ព័ត៌មាន

ឆ្នាំ​ថ្មី២០២០ តារា​ប្រុស នាង វ៉ាងសាន់ និង ឈួន ពន្លឺ ទម្លាក់​លុយ​ម្នាក់ ២ម៉ឺន​ដុល្លារ​អាមេរិក

  • 2020-01-08 03:15:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ផ្ដើម​គម្រោង​ក្នុង​ឆ្នាំ​ថ្មី តារា​ប្រុស​២​ដួង គឺ​លោក នាង វ៉ាង​សាន់ ពិធីករ​ទូរទស្សន៍​ហង្សមាស និង​លោក ឈួន ពន្លឺ តារា​សម្ដែង បាន​ទម្លាក់​លុយ​ម្នាក់​២ម៉ឺន​ដុល្លារ​អាមេរិក វិនិយោគ​រួម​គ្នា​ក្នុង​ជំនួញ​ថ្មី​ស្រឡាង​មួយ​របស់​ពួក​គេ។

តារា​ប្រុស​ទាំង​ពីរ បាន​សម្រេច​រួម​គ្នា​វិនិយោគ​បើក​ភោជនីយដ្ឋាន​មួយ​កន្លែង ដែល​ទើប​បើក​សម្ពោធ​ម្សិលមិញ​នៅ​ទី​តាំង​ជិត​ស្តុប​ទួល​ទំពូង។ ជំនួញ គឺ​កើត​ឡើង​ពី​មិត្តភាព ដែល​ក្នុង​នោះ ពួក​គេ​បាន​អះអាង​ថា ពួក​គេ​ទាំង​ពីរ​អ្នក​ជា​មិត្ត​ល្អ​នឹង​គ្នា ហើយ​មាន​គំនិត​ចង់​រក​ស៊ី​ដូច​គ្នា ក៏​សម្រេច​រួម​គ្នា​វិនិយោគ​តែ​ម្ដង។ តាម​ការ​ឲ្យ​ដឹង តាម​ពិត​ទៅ ភោជនីយដ្ឋាន​ដែល​មាន​ឈ្មោះ​ថា “Sunlight Restaurang” នេះ​បាន​បើ​ដំណើរ​ការ​មួយ​រយៈ​ហើយ។

ក្នុង​រយៈ​ពេល​នោះ ជំនួញ​ពួក​គេ​ដំណើរ​ល្អ រហូត​ចំណេញ​ប្រាក់​ខ្លះ ទើប​ចាប់​ផ្ដើម​ពង្រីក​បន្ថែម​ទៅ​ជាន់​លើ ហើយ​ក៏​ចាប់​ផ្ដើម​ពី​សម្ពោធ​ធំ​ដុំ​ផ្លូវ​ការ​តែ​ម្ដង ដោយ​បាន​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​ប្រមាណ ៤០​តុ​ឯណោះ។ លោក ឈួន ពន្លឺ ប្រាប់​ថា សម្រាប់​លោក​ផ្ទាល់ គឺ​ស្រឡាញ់​ចូល​ចិត្ត​ការ​ធ្វើ​ជំនួញ​ផ្នែក​ភោជនីយដ្ឋាន​នេះ ស្រប​ពេល​មិត្ត​ភ័ក្ដិ​ក៏​យល់​ស្រប ទើប​អ្វី​ៗ​ក៏​អាច​លេច​ជា​រូបរាង​ឡើង។

លោក នាង វ៉ាងសាន់

ហេតុផល​សំខាន់​មួយ​ទៀត ដែល​តារា​ប្រុស រើស​យក​ជំនួញ​ដែល​ភាគ​ច្រើន ត្រូវ​បើក​ដោយ​សិល្បការិនី​នោះ ដោយ​សារ​តែ​លោក​មាន​ជំនាញ​ខាង​ម្ហូប​មក​ពី​ក្រៅ​ប្រទេស​ស្រាប់​ផង។ ពន្លឺ ប្រាប់​ថា លោក​ធ្លាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​សិង្ហបុរី អំឡុង​ឆ្នាំ ២០១០-២០១១ ធ្វើ​ជា​អ្នក​រត់​តុ។ ជំនាញ​ពិសេស​របស់​លោក​មួយ​ទៀត កាល​នៅ​លើ​ទឹក​ដី​នាគ​អាស៊ី​នោះ គឺ​ជំនាញ "ភ្លក្ស" អាហារ។

ផ្សំ​គ្នា​ទៀត​ដែរ តារា​សម្ដែង ឲ្យ​ដឹង​បន្ថែម​ថា លោក​ខ្លួន​ឯង​ក៏​ជា​អ្នក​ចូល​ចិត្ត​ការងារ​ចុងភៅ​នេះ​ទៀត ទើប​លោក​សម្រេច​វិនិយោគ​រួម​គ្នា​ជាមួយ​មិត្ត​ភ័ក្តិ​វិនិយោគ​លើ​ភោជនីយដ្ឋាន​ខាង​លើ ដែល​លោក​យល់​ថា សាក​សម​បំផុត​សម្រាប់​លោក។

លោក ឈួន ពន្លឺ

លោក នាង វ៉ាងសាន់ និង ឈួន ពន្លឺ មិន​ទាន់​បាន​ដាក់​គោលដៅ ត្រូវ​ពង្រីក​សាខា​ភោជនីយដ្ឋាន​របស់​ខ្លួន​ទៅ​កន្លែង​ផ្សេង​ទៀត​ទេ។ លោក​ថា អ្វី​ដែល​ត្រូវ​ធ្វើ​ចំពោះ​មុខ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​សាខា​ធំ​ទី​១​នេះ ដំណើរ​ការ​ល្អ​ជា​មុន​សិន៕

អត្ថបទ៖ ទារិកា

មតិយោបល់