• 2020-01-16 04:28:04
  • ព័ត៌មាន

កំប្លែង​រាប់​ឆ្នាំ នេះ​ជា​លើក​ទី​១​ហើយ នាយ​គ្រឿន និយាយ​រឿង​រ៉ាវ​ឈុត​ស្នេហា

  • 2020-01-16 04:28:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​គ្នា​នឹង​តួ​អង្គ​វាយ​ទាត់​ធាក់​របស់​ចិន ដែល​មិន​សូវ​បាន​សម្ដែង​ឈុត​ស្នេហា​ផ្អែម​ល្ហែម នាយ​គ្រឿន ប្រាប់​ថា នាយ​ក៏​មិន​សូវ​បាន​សម្ដែង​ឈុត​ល្អូកល្អិន​បែប​នោះ​ដែរ ក្រៅ​តែ​ពី​ឈុត​កំប្លែង ឬ​ឡប់​ៗ​ជា​ដើម ដែល​ប្រិយមិត្ត​បាន​ឃើញ​ស្ទើរ​គ្រប់​រឿង។

ត្បិត​ថា ជា​តារា​កំប្លែង នាយ គ្រឿន ប្រាប់​ថា ឈុត​ស្នេហា​ក៏​នាយ​ចូល​ចិត្ត​ដែរ ប៉ុន្តែ​កន្លង​មក​ការ​សម្ដែង​ភាគ​ច្រើន​សុទ្ធ​ជា​តួ​អង្គ​កំប្លែង​ដោយ​សារ​តែ​សក្ដានុពល​របស់​នាយ គឺ "កំប្លែង"។"យី...អ្នក​ណា​មិន​ចូល​ចិត្ត​បង(សើច)!”។ យ៉ាង​ណា តាម​បទ​ពិសោធន៍​កន្លង​មក ក៏​មិន​ថា លោក​មិន​ដែល​ជួប​ឈុត​ឆាក​ស្នេហា​សោះ​ដែរ គឺ​ធ្លាប់​ដែរ ដូច​ជា​ឈុត​ស្នេហា​សម្ដែង​ជាមួយ​កញ្ញា គៀត សុវណ្ណា​ឡាង ក្នុង​រឿង "ជួប​ស៊យ" ជា​ដើម។

នាយ គ្រឿន លើក​ឡើង​ថា៖ "ជួប​ដែរ...មិន​អត់​សោះ​ទេ ប៉ុន្តែ​ក៏​មិន​បាន​ស៊ី​ជម្រៅ​អី​ដែរ ព្រោះ​យើង​អ្នក​កំប្លែង ភាគ​ច្រើន ឲ្យ​ថើប​ជិត​ដល់​គ្នា​អី​ហ្នឹង គេ​កាត់​ប៉ាត់...អត់​អា​ដែល"។ នេះ​ជា​រឿង​ក្នុង​អតីតកាល​ឆ្នាំ​ចាស់ ប៉ុន្តែ​មក​ដល់​ឆ្នាំ​ថ្មី​នេះ នាយ​គ្រឿន ទើប​នឹង​បាន​បើក​ឆាក​ឈុត​ស្នេហា​ល្អូកល្អិន​ជាមួយ​នឹង​តារា​ស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់ គឺ​កញ្ញា ឈិន សៀវម៉ី វេលា​ដែល​ពួក​គេ​បាន​ជួប​គ្នា​សម្ដែង​ក្នុង​រឿង "កំពូល​អ្នក​ស៊ើប​អង្កេត​បែក​ស្លុយ" ដែល​បាន​បើក​សម្ពោធ​នា​ថ្ងៃ​ម្សិលមិញ។

នៅ​ក្នុង​រឿង​នេះ នាយ​គ្រឿន សម្ដែង​ជា​តួឯក​ប្រុស និង​ជា​អ្នក​ស៊ើប​អង្កេត ប៉ុន្តែ​កំប្លែង​ដែល​ជា​អត្តសញ្ញាណ​របស់​លោក​នៅ​តែ​មាន​ដដែល ពោល​គឺ​ជា​អ្នក​ស៊ើប​អង្កេត​បែប​កំប្លែង​នេះ​ឯង។ ត្បិត​ថា​នៅ​តែ​ជា​តួអង្គ​កំប្លែង នាយ គ្រឿន ប្រាប់​ថា រឿង​នេះ​លោក​មាន​ឈុត​ល្អូកល្អិន​ជាមួយ​តួ​ស្រី ឈិន សៀវម៉ី ដ៏​ស្រស់​ស្អាត ច្រើន​ជាង​រឿង​ក្នុង​អតីត​កាល។ គ្រឿន ប្រាប់​ថា "មាន​បង...ឱប​ថើប​ៗ​រហូត(សើច)!”។

តារា​កំប្លែង​ប្រាប់​ទៀត​ថា តួ​អង្គ​ស្រី គឺ​ស្រស់​ស្អាត​ខ្លាំង សាច់​ស ដូច្នេះ​លោក​ក៏​ជួប​ឧបសគ្គ​ខ្លះ​ដែរ​នៅ​ត្រង់​ចំណុច​នេះ ពោល​គឺ​ការ​សម្ដែង​ហាក់​នៅ​មាន​ឧបសគ្គ​ខ្លះ។ "តួ​ស្រី​គេ​ស្អាត​សាច់​ស​អីចឹង​ណា​បង...ដល់​មក​ឯង​ឯណេះ​មុខ​អីចឹង​ហ្នឹង...សម្ដែង​ទៅ​វា​ដូច​ពិបាក​ចូល​គ្នា(សើច) បើ​គេ​ប្រុស​ស្អាត​អី​ទៅ តួ​ស្រី​គេ​អាច​សម្ដែង​ឆាប់​ស៊ី​គ្នា...ហើយ​អា​រឿង​មួយ​ទៀត ដែល​ពិបាក​ដែរ យើង​សម្ដែង​មាន​ការ​ប្រុង​ប្រយ័ត្ន...ព្រោះ​ថា យើង​គិត​ថា ជា​ការ​សម្ដែង តែ​ខ្លាច​ខាង​គេ​ថា​យើង​ចង់​បន្លំ​អីចឹង​ណា​បង!”។

នាយ គ្រឿន អះអាង​ថា សម្ដែង​កំប្លែង គឺ​មាន​ការ​លំបាក​ច្រើន ព្រោះ​ក្រៅ​ពី​កាយ​វិការ​ត្រូវ​រក​ពាក្យ​ពេចន៍​មក​និយាយ​ឲ្យ​គេ​សើច។ ដោយ​ឡែក ឈុត​ស្នេហា ក៏​ពិបាក​មិន​ចាញ់​គ្នា​ដែរ...ត្រង់​ការ​សម្ដែង​ឲ្យ​ចូល​តួ ឲ្យ​វា​ស្និទ្ធ គឺ​នាយ​ហាក់​មិន​ទាន់​ល្អ​គ្រប់​គ្រាន់ ព្រោះ​តែ​ខ្លាច​តួ​ស្រី​យល់​ផ្សេង​មក​លើ​នាយ។ ដោយ​សារ​តែ​បែប​នេះ​ហើយ ជា​ហេតុ​ការ​សម្ដែង​ឈុត​ស្នេហា​ហាក់​មិន​ទាន់​ដល់​កម្រិត​កំពូល​នៅ​ឡើយ។

នេះ​គឺ​ឈុត​ស្នេហា​ដំបូង និង​ជា​ភាពយន្ត​ដំបូង​សមិទ្ធផល​របស់​នាយ​គ្រឿន​នា​ដើម​ឆ្នាំ ២០២០ នេះ។ រឿង "កំពូល​អ្នក​ស៊ើប​អង្កេត​បែក​ស្លុយ" ផលិត​ដោយ​ផលិតកម្ម Vcine Picture ។ លោក លី វ៉េត ចាងហ្វាង​ផលិតកម្ម​បញ្ជាក់​ថា នេះ​ជា​រឿង​ទី​២​របស់​ផលិតកម្ម បន្ទាប់​ពី​រឿង "ទេសចរណ៍​ឋាន​នរក" ហើយ​ថា បន្ទាប់​ពី​នេះ​ទៅ ផលិតកម្ម​លោក​ក៏​នៅ​មាន​រៀង​បន្ត​បន្ទាប់​ទៀត ដែល​មាន​រសជាតិ​ថ្មី​ពី​រឿង​២​ខាង​លើ។

ក្រោយ​ពី​បើក​សម្ពោធ​ម្សិលមិញ រឿង "កំពូល​អ្នក​ស៊ើប​អង្កេត​បែក​ស្លុយ" នឹង​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ហើយ នៅ​គ្រប់​រោងភាពយន្ត​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ។

អត្ថបទ៖ ទារិកា

មតិយោបល់