• 2020-01-22 03:45:46
  • ព័ត៌មាន

ស្រាយ​ចម្ងល់ ស្រី​ស្អាត សំណាង អេលីណា ហាក់​ស្ងប់ស្ងាត់​ការ​សម្ដែង​ក្រោយ​ជាប់​បវរកញ្ញា​កម្ពុជា ២០១៩

  • 2020-01-22 03:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត សំណាង អេលីណា ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា ហាក់​មិន​មាន​សកម្មភាព​លើ​ការ​សម្ដែង​ទាល់​តែ​សោះ បើ​ធៀប​នឹង​រៀម​ច្បង​ដូច​ជា​កញ្ញា រឿន ណាត ជា​ដើម ក្រោយ​ពី​នាង​បាន​ជាប់​ជយលាភី​លេខ​១​បវរកញ្ញា​ចក្រវាល​កម្ពុជា​កាល​ពី​ឆ្នាំ ២០១៩ មក។

ជុំវិញ​បញ្ហា​ខាង​លើ ស្រី​ស្អាត​វ័យ ១៩​ឆ្នាំ បាន​ទទួល​ស្គាល់​ថា នាង​ពិត​ជា​មិន​មាន​មុខ​ក្នុង​ការ​សម្ដែង​មែន ពិសេស​ការ​សម្ដែង​ភាពយន្ត។ អេលីណា បញ្ជាក់​ថា តាម​ពិត​អាជីព​សម្ដែង​ភាពយន្ត ក៏​ជា​អ្វី​ដែល​នាង​ស្រឡាញ់​ពេញ​ចិត្ត​ដូច​គ្នា នឹង​អាជីព​ផ្សេង​ទៀត ដូច​ជា​ដើរ​ម៉ូដ​ជា​ដើម ប៉ុន្តែ​ការ​ដែល​នាង​មិន​មាន​មុខ​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ណា​មួយ ក៏​មិន​មែន​មាន​ន័យ​ថា មិន​មាន​ផលិតករ​ណា​ចាប់​អារម្មណ៍​នោះ​ដែរ។

សំណាង អេលីណា លើក​ឡើង​ថា “និយាយ​ថា​រឿង​គេ​ទាក់​ទង គឺ​មាន​ច្រើន​បង គឺ​ច្រើន​មែន​ទែន ប៉ុន្តែ​នាង​ខ្ញុំ​អត់​ព្រម​ទទួល!"។ ចំពោះ​ហេតុផល ស្រី​ស្អាត​កើត​នៅ​រាជធានី​ភ្នំពេញ​រូប​នេះ ប្រាប់​ថា នៅ​ពេល​នេះ គឺ​នាង​លៃ​ពេល​មិន​ទាន់​បាន​សម្រាប់​ទទួល​យក​ការ​អញ្ជើញ​ទាំង​នោះ ដោយ​សារ​​តែ​នាង​នៅ​ជាប់​រវល់​នឹង​ការ​សិក្សា​នៅ​ឡើយ។

អេលីណា បាន និង​កំពុង​សិក្សា​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ ឆ្នាំ​ទី​២​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ដោយ​នៅ​សល់​២​ឆ្នាំ​ទៀត​ទើប​បញ្ចប់​ការ​សិក្សា។ ក្នុង​រយៈ​ពេល​នេះ នាង​បញ្ជាក់​ថា នាង​មិន​អាច​ចោល​ការ​សិក្សា ទៅ​ស្រវា​សិល្បៈ​តែ​មួយ​មុខ​ឡើយ ពិសេស​គឺ​ការ​សម្ដែង​ភាពយន្ត​នេះ​តែ​ម្ដង។ បវរកញ្ញា​ចក្រវាល​កម្ពុជា​រូប​នេះ បញ្ជាក់​ថា ថត​ភាពយន្ត គឺ​ត្រូវ​ការ​ពេល​វេលា​ច្រើន ដូច្នេះ​ចៀស​មិន​ផុត​ពី​ប៉ះពាល់​ដល់​ការ​សិក្សា​ឡើយ ទើប​នាង​កន្លង​មក​មិន​ព្រម​ទទួល​ការ​ថត​នានា។

យ៉ាង​ណា ដ្បិត​ថា មិន​ទទួល​ការ​សម្ដែង​ភាពយន្ត ប៉ុន្តែ​ការងារ​សិល្បៈ​ផ្សេង​ទៀត ដែល​មិន​ចំណាយ​ពេល​យូរ គឺ​ថត​សំអាង​ការ ​ស្ប៉ត​ពាណិជ្ជកម្ម​នានា និង​ធ្វើ​ជា​តារា​តំណាង​ផលិតផល (Brand Ambassador) គឺ​នាង​ទទួល​ជា​ធម្មតា ព្រោះ​ទាំង​នេះ មិន​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដូច​សម្ដែង​ភាពយន្ត​ឡើយ ហើយ​ថា​កន្លង​មក គឺ​នាង​ទទួល​បាន​ការងារ​នេះ​ជា​ហូរ​ហែ​ដែរ។

ស្រី​ស្អាត បញ្ជាក់​ថា ទាំង​នេះ ក៏​ជា​ហេតុផល​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​កាលវិភាគ​របស់​នាង​សម្រាប់​ទទួល​យក​ការ​សម្ដែង​ភាពយន្ត ត្រូវ​ចង្អៀត​គ្មាន​ចន្លោះ​តែ​ម្ដង។ អេលីណា បន្ថែម​ថា នៅ​ពេល​នេះ នាង​សុំ​ពេល​ផ្ដោត​លើ​ការ​សិក្សា​របស់​នាង​សិន ចាំ​រហូត​ដល់ ២​ឆ្នាំ​ទៀត បញ្ចប់​ការ​សិក្សា ទើប​នាង​ទំនង​អាច​លៃ​ពេល​បាន​សម្រាប់​ការ​សម្ដែង​ភាពយន្ត ព្រោះ​ថា នេះ​ក៏​អ្វី​ដែល​នាង​ពេញ​ចិត្ត​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់