• 2020-01-29 09:38:45
  • ចម្រៀង

បទ ឡេង ប៊ុន​ណាត ដ៏​ពីរោះ​មួយ​បទ​កម្រ​លឺ ត្រូវ​ថៅកែ​វ័យ​ក្មេងមួយ​រូប យក​មក​ច្រៀង​ឡើង​វិញ ពីរោះ​រំជួល​ចិត្ត

  • 2020-01-29 09:38:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឡេង ប៊ុន​ណាត ហាក់​បាត់​មុខ​ឈឹង​ពី​សិល្បៈ​ដោយ​មិន​ដឹង​ថា​បច្ចុប្បន្ន​លោក​នៅ​ឯណា។ ប៉ុន្តែ​កេរ្តិ៍​របស់​លោក​ត្រូវ​បាន​គេ​រំលឹក​ឡើង​វិញ ក្រោយ​ពី​ថ្មី​ៗ​នេះ មាន​ថៅកែ​ដីឡូតិ៍​មួយ​រូប​បាន​យក​បទ​ចម្រៀង​មួយ​បទ​ដ៏​ពីរោះ​របស់​លោក​យក​មក​ច្រៀង​ឡើង​វិញ ហើយ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។

បទ​ចម្រៀង​មួយ​បទ​នេះ ថៅកែ​ដីឡូតិ៍​វ័យ​ក្មេង ដែល​គេ​ស្គាល់​ថា​ឈ្មោះ "សីហា" បាន​អះអាង​ថា ជា​បទ​ចម្រៀង​ដ៏​ពីរោះ​មួយ​របស់​លោក ឡេង ប៊ុនណាត ដែល​កម្រ​មាន​អ្នក​ស្គាល់ និង​ធ្លាប់​បាន​ស្ដាប់។ ដោយ​សារ​ជា​អ្នក​ចូល​ចិត្ត​ស្ដាប់​រាល់​បទ​របស់​តារា​ចម្រៀង​ជើង​ចាស់​ខាង​លើ លោក សីហា ប្រាប់​ថា លោក​ក៏​សម្រេច​យក​មក​ច្រៀង​ឡើង​វិញ ក្រោយ​ពី​លោក​ធ្លាប់​បាន​ច្រៀង​លេង​ជា​រឿយ​ៗ​ពី​អតីតកាល។

ចម្រៀង​មួយ​បទ​នេះ មាន​ចំណង​ជើង​ថា "មេឃ​ក្រឡាប់​លើ" ដែល​ទំនុក​ភ្លេង និង​ទំនុក​ច្រៀង ត្អូញត្អែរ​ពី​ការ​ឈឺ​ចាប់​របស់​បុរស​ជា​ប្ដី​មួយ​រូប ដែល​ត្រូវ​ភរិយា​លួច​ផិត​ក្បត់ ហើយ​ប្ដី​កម្សត់​បាន​តាម​ទាន់​ម្ដង​ជា​ពីរ​ដង។ ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​បាន ក្រៅ​ពី​ទ្រាំ​ឈឺ​ចាប់ គ្រាំគ្រា​ទ្រូង អួល​ណែន​និយាយ​មិន​ចេញ រស់​នៅ​ពិបាក​ជាង​ស្លាប់​ទៅ​ទៀត។ លោក សីហា ប្រាប់​ថា មូលហេតុ​ផ្សេង​ទៀត ដែល​លោក​សម្រេច​លើក​យក​បទ​ខាង​លើ​មក​ច្រៀង​ឡើង​វិញ គឺ​ចង់​ឧទ្ទិស​ទៅ​មនុស្ស​រាប់​អាន​គ្នា​មួយ​រូប។

ថៅកែ​វ័យ​ក្មេង បញ្ជាក់​ថា សាច់​រឿង​ឈឺ​ចាប់​ដែល​មាន​ក្នុង​បទ​ចម្រៀង​របស់​លោក ឡេង ប៊ុន​ណាត គឺ​ដូច​ស្ទើរ​១០០%​ទៅ​នឹង​សាច់​រឿង​របស់​មនុស្ស​រាប់​អាន​គ្នា​ម្នាក់​របស់​លោក នោះ​គឺ​លោក​គ្រូ​បង្រៀន​កម្សត់​ម្នាក់ ដែល​ត្រូវ​ភរិយា​​លួច​ផិត​ក្បត់​ មាន​សហាយ ហើយ​លោក(ស្វាមី)​បាន​តាម​ទាន់​ម្ដង​ជា​ពីរ​ដង តែ​មិន​បាន​ធ្វើ​អ្វី​ដល់​ភរិយា​រូប​នោះ រួម​ទាំង​សហាយ​នោះ​ទេ គឺ​បាន​ត្រឹម​ណែនាំ ឲ្យ​ឈប់​ធ្វើ​បែប​នេះ​ទៀត ព្រោះ​អាណិត​កូន​តូច​ៗ​ទាំង​ពីរ។

ប៉ុន្តែ​មិន​ត្រឹម មិន​កែ ភរិយា​រូប​នោះ នៅ​បាន​រួម​គំនិត​ជាមួយ​សហាយ ហៅ​លោក​មក​សម្លាប់​ក្នុង​បំណង​ដណ្ដើម​យក​កេរ​ថែម​ទៀត។ លោក សីហា ថា មិត្ត​លោក​ស្លាប់​ទៅ​ទាំង​ឈឺ​ចាប់ និង​អាឡោះអាល័យ។ "កាល​គាត់​នៅ​រស់ រាល់​ពេល​ទៅ​ហូប​អី​ជុំ​គ្នា គាត់​តែង​តែ​សំណូម​ពរ​ឲ្យ​ខ្ញុំ​ច្រៀង​បទ​នេះ ឲ្យ​គាត់​ស្ដាប់...តែ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ថា​មាន​រឿង​អី...រហូត​ដល់​ថ្ងៃ​គាត់​មាន​រឿង ទើប​ដឹង​ថា គាត់​បាន​ជួប​រឿង ដូច​ក្នុង​បទ​ចម្រៀង​នេះ គឺ​ដូច​ស្ទើរ​១០០% ហើយ​ក៏​ចាប់​ផ្ដើម​ស្រណោះ​គាត់ ព្រោះ​គាត់​ស្លូត​ណាស់ ហើយ​ស្រឡាញ់​ប្រពន្ធ ពិសេស​កូន​ទាំង​ពីរ​របស់​គាត់​ណាស់!”។

លោក​ថៅកែ វ័យ​ក្មេង បញ្ជាក់​ថា លោក​ច្រៀង​បទ​នេះ​ជា​ថ្មី ដោយ​សូម​ឧទ្ទិស​ទៅ​ដល់​វិញ្ញាណក្ខន្ធ​មិត្ត​អភ័ព្វ​រូប​នេះ និង​ជួយ​បួង​សួង​កុំ​ជាតិ​ក្រោយ​អភ័ព្វ​ដូច​ជាតិ​នេះ​ទៀត៕

ស្ដាប់​បទ "មេឃ​ក្រឡាប់​លើ" Cover ដោយ​ថៅកែ​វ័យ​ក្មេង៖

បទ​ដើម​របស់​លោក ឡេង ប៊ុនណាត៖

អត្ថបទ៖ ទារិកា

មតិយោបល់