• 2020-02-12 03:36:11
  • ព័ត៌មាន

ចំណាយពេលមកដឹងប្រវត្តិពិតត្រួសៗរបស់តួអង្គសំខាន់ៗក្នុងរឿង «Parasite»

  • 2020-02-12 03:36:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្នាតធំ​ដ៏​ល្បី​ប្រចាំ​ដើម​ឆ្នាំ ២០២០ មាន​ចំណងជើង​ថា «Parasite» កំពុង​តែ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ជញ្ជក់​មាត់​សរសើរ​ឥត​ដាច់​ថា​ជា​កុន​ដ៏​មាន​គុណភាព​ហើយ​ពិត​ជា​ស័ក្តិសម​ទទួល​បាន​ពាន​ច្រើន​ពី​អូស្ការពិតៗ។

តួ​សម្ដែង​ទៀត​សោត​ក៏​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្ពស់​ហួសថ្លែង​ ជាពិសេស​ក៏​កំពុង​ទាក់អារម្មណ៍​មហាជន​ជា​ច្រើន​នាំគ្នា​តាមដាន​ និង​ចង់​ដឹង​ព័ត៌មាន​ត្រួសៗពី​ពួកគេ។ ដូចនេះ​សូម​មក​ស្គាល់​តួសម្ដែង​សំខាន់ៗក្នុង​រឿង​ «Parasite» ដូច​ខាងក្រោម៖

១. តារាសម្ដែង​ Song Kang Ho សម្ដែង​ជា​តួឪពុក​របស់​គ្រួសារ​​ Kim

កើត​នៅ​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៦៧ បច្ចុប្បន្ន​មាន​អាយុ​ ៥៣ឆ្នាំ។ លោកចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈតាំងពី​ឆ្នាំ ១៩៩០ ហើយ​បាន​រៀបការ​នៅ​ឆ្នាំ ១៩៩៥ និង​មាន​កូន​២នាក់ កូន​ប្រុស​ឈ្មោះ​ Song Jun Pyoung កើត​ឆ្នាំ ១៩៩៦ ជា​កីឡាករបាល់ទាត់ ឯកូន​ស្រី​វិញ​មាន​ឈ្មោះ​ថា​ Song Ju Yeon។

២. តារាសម្ដែង​ Choi Woo Shik សម្ដែង​តួ​ កូន​ប្រុស​ច្បង​គ្រួសារ Kim

កើត​ថ្ងៃ​ទី ២៦ ខែមីនា ឆ្នាំ ១៩៩០ បច្ចុប្បន្ន​មាន​អាយុ ២៩ឆ្នាំ ឈាន​ចូល​៣០។ លោក​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ ២០១១។ ក្នុង​គ្រួសារ​លោក​មាន​បងប្អូន​ប្រុស​២នាក់ ហើយ​លោក​ជា​កូន​ពៅ។ ឈ្មោះ​អង់គ្លេសរបស់​លោក​គឺ Edward ប៉ុន្តែ​ក្រោយ​មក​លោក​ក៏បំលែង​ទៅជាឈ្មោះហៅ​ក្រៅផ្សេង​ទៀត​គឺ Eddie។

៣. តារាសម្ដែង​ Park So Dam សម្ដែង​តួ​កូន​ស្រីគ្រួសារ Kim

នាង​កើត​ថ្ងៃ​ទី ០៨ ខែកញ្ញា ឆ្នាំ ១៩៩១ បច្ចុប្បន្ន​អាយុ ២៨ឆ្នាំ​។ So Dam ចូល​សិល្បៈ​នៅ​ឆ្នាំ ២០១៣។ សម្រាប់​អាជីពជាតារាសម្ដែង​ នាង​មាន​ស្នាដៃ​រឿង​កុន​ខ្នាតធំ​ច្រើន​ជាង​ រឿងភាគ​។ បើគិត​ត្រឹម​ខែមករា​ឆ្នាំ ២០២០នេះ​ នាងមាន​ Film ដល់​ទៅ ២៧រឿង​ ស្របពេល​រឿង​ភាគ ឬ​ Drama មាន​ត្រឹម​ ៥រឿងប៉ុណ្ណោះ។

​​ ៤. តារាសម្ដែង​ Jang Hye Jin សម្ដែង​តួ​ ម្ដាយ​របស់​គ្រួសារ Kim

អ្នកស្រី​កើត​នៅ​ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ១៩៧៤ បច្ចុប្បន្ន​អាយុ ៤៤ឆ្នាំ។ ក៏​មិន​ខុស​ពី​ So Dam ដែរ មានន័យ​ថា​សម្រាប់ តារា​ជើង​ចាស់​រូបនេះ​ត្រូវ​ប៉ាន់​ខាង​ផាពយន្ត​ខ្នាត​ធំ​ច្រើន​ជាង​ភាពយន្តភាគ​ដាច់។ ក្រៅពីរឿង​ «Parasite» អ្នក​ស្រី​ក៏​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ពេល​ដើរ​តួ​ក្នុង​រឿង​ «Crash Landing On You» ផងដែរ។

៥. តារាសម្ដែង​ Lee Sun Kyun សម្ដែង​ជា​តួឪពុក​គ្រួសារ Park

លើក​កើត​នៅ​ថ្ងៃ​ទី ០២ ខែមីនា ឆ្នាំ ១៩៧៥ បច្ចុប្បន្ន​មាន​អាយុ ៤៤ឆ្នាំ។ លោក​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ ២០០១ ហើយ​ឈាន​ដល់​ឆ្នាំ ២០០៩ Sun Kyun ក៏​បាន​រៀប​ការ​ប្រពន្ធ គឺ​តារាសម្ដែង​ Jeon Hye Jin ហើយ​មាន​កូន​ ២នាក់​ជា​ចំណងដៃ។ តារា​ប្រុស​រូប​នេះ​មាន​មុខ​ល្បី​ច្រើន​រឿង​ណាស់​ ទាំង​សម្ដែង​ជា​តួ​រង​ និង​តួឯក។ ជា​ឧទាហរណ៍​ជាក់ស្ដែងលោក​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ពេល​សម្ដែង​រឿង​ "Coffee Prince” កាល​ពីឆ្នាំ ២០០៧ ក៏ដូចជា​រឿង​ "Pasta”, “Golden Time” និង​ "My Mister” ជាដើម។

៦. តារាសម្ដែង​ Cho Yeo Jeong សម្ដែង​ជា​តួម្ដាយ​គ្រួសារ Park

កើត​នៅ​ថ្ងៃ​ទី ១០ ខែកុម្ភៈ ឆ្នាំ ១៩៨១ បច្ចុប្បន្ន​មាន​អាយុ ៣៩ឆ្នាំ។ ចូល​សិល្បៈ​ដំបូង​នាង​គឺ​ជា​តារា​ម៉ូដែល​គ្របមុខ​របស់​ទស្សនាវដ្ដី​ CeCi ពេល​មានអាយុ ១៦ ឆ្នាំ កាល​ពីឆ្នាំ ១៩៩៧ ហើយ​ដល់​ឆ្នាំ ១៩៩៩ ទើប​នាង​ចាប់​យក​អាជីពជាតារាសម្ដែង​តែម្ដង។

៧. តារាសម្ដែង​ Jung Ji So សម្ដែង​ជា​តួកូនស្រីគ្រួសារ Park

នាង​កើត​នៅ​ថ្ងៃ​ទី ១៧ ខែកញ្ញា ឆ្នាំ ១៩៩៩ បច្ចុប្បន្ន​អាយុ ២០ឆ្នាំ។ តារា​វ័័យជំទង់​រូប​នេះ​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ ២០១២។

៨. តារាសម្ដែង​ Jung Hyeon Jun សម្ដែង​ជា​តួកូនប្រុសគ្រួសារ Park

កុមារា​ម្នាក់​នេះ​កើតនៅ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១១ បច្ចុប្បន្នអាយុ ៨ឆ្នាំជាក្មេង​តូច​ដែរ​ពូកែ​សម្ដែង​ ហើយ​ក៏ជា​តួ​ដែល​អ្នក​ទស្សនារឿង​ «Parasite» ចាប់អារម្មណ៍​ខ្លាំង​ដែរ។ មក​ទល់​ពេល​នេះ​រឿង​ភាគ​គេ​ថត​បាន​ជិត​ ១០​រឿង​ហើយ​ ស្របពេល​ភាពយន្ត​ខ្នាត​ធំ រឿង​ «Parasite» គឺជា​ស្នាដៃដំបូង​បង្អស់​សម្រាប់​អាជីព​តារាសម្ដែង​របស់​គេ។

៩. តារាសម្ដែង​ Lee Jung Eun សម្ដែង​ជា​តួអ្នក​បំរើរបស់​គ្រួសារ Park

អ្នកស្រី​ Lee កើត​នៅ​ថ្ងៃ​ទី ២៣ ខែមករា ឆ្នាំ ១៩៧០​ បច្ចុប្បន្ន​មាន​អាយុ ៥០ឆ្នាំ និង​ចូល​សិល្បៈ​កាល​ពីឆ្នាំ ១៩៩១។ ចូល​សិល្បៈ​រយៈពេល​យូរ​យ៉ាង​នេះ​ ដូចនេះ​បើ​និយាយ​ពីរឿង​ដែល​អ្នក​ស្រី​បាន​សម្ដែង​វិញ​ក៏​មិន​តិច​ដែរ គឺ​ដល់​ទៅ​ជិត៧០រឿង​ឯណោះ នេះ​បើ​គីត​ត្រឹម​ខែមករា​ឆ្នាំ ២០២០​នេះ។

១០. តារាសម្ដែង​ Park Myung Hoon សម្ដែង​ជា​តួ​ប្ដី​របស់អ្នក​បំរើគ្រួសារ Park

កើត​នៅ​ថ្ងៃ​ទី ២៨ ខែឧសភា ឆ្នាំ ១៩៧៥ បច្ចុប្បន្ន​អាយុ ៤៤ឆ្នាំ។ តារា​ប្រុស​រូបនេះ ចូល​សិល្បៈ​ក៏​មិន​តិច​ឆ្នាំ​ដែរ រឿង​ក៏​សម្ដែង​បាន​ច្រើន​ ឯពាន​ក៏​បាន​ទទួល​ជា​ហូរហែ ប៉ុន្តែ​សង្កេត​ឃើញ​ថា​ស្នាដៃ​ដែល​លោក​ជោគជ័យ​ខ្លាំង​ជាងគេ​នោះ​ គឺ​រឿង​ «Parasite» នេះឯង៕

អត្ថបទ៖ យី សុធារី

មតិយោបល់