- 2020-02-20 03:27:18
- ភាពយន្ត
រឿង "ដើម្បីកូន" មិនទាន់ឈប់បញ្ចាំងផង ហ៊ុយ យ៉ាឡេង បង្ហើប ៥រឿងទៀតនៅក្នុងដៃទៅហើយ!
- 2020-02-20 03:27:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង "ដើម្បីកូន" មិនទាន់ឈប់បញ្ចាំងផង ហ៊ុយ យ៉ាឡេង បង្ហើប ៥រឿងទៀតនៅក្នុងដៃទៅហើយ!
ចន្លោះមិនឃើញ
ម្ចាស់ខ្សែភាពយន្ដរឿង " ដើម្បីកូន" លោក ហុ៊យ យ៉ាឡេង ថាលោកនឹងផលិតភាពយន្ដយ៉ាងហោចឲ្យបាន៥រឿងទៀតនៅចន្លោះ២០២០ ដល់ឆ្នាំ២០២៥ ពោលគឺមុនពេលដែលលោកប្រកាសថានឹងថតរឿង"ព្រះបាទជ័យវរ្ម័នទី៧" នៅឆ្នាំ២០២៥។
លោក ហ៊ុយ យ៉ាឡេង៖ "រហូតដល់ពេលហ្នឹង...អន់ណាស់ក៏បាន៥រឿងដែរ។ ខ្ញុំមានសង្ខេបរឿងទាំងអស់ហើយ នៅតែយើងសម្រេចថាផលិតរឿងណាពួកយើងប្រជុំគ្នា ហើយអង្គុយសរសេរតែ១ខែ ឬ២ខែទេ ហើយយើងអាចចេញផលិតបាន"។
ចម្ងល់របស់ប្រិយមិត្ដថាតើលោក ហ៊ុយ យ៉ាឡេង មានលទ្ធភាព និងពេលវេលាគ្រប់គ្រាន់ក្នុងការបញ្ចេញនូវស្នាដៃថ្មីទាំងអស់នេះទេ? ចំពោះចម្លើយ លោកបញ្ជាក់យ៉ាងច្បាស់តាមរយៈ Sabay ថា លោកមានផែនការច្បាស់លាស់ពីមួយដំណាក់កាលទៅមួយដំណាក់កាល ហើយលោកក៏មានគំនិតធ្វើរឿងជាច្រើននៅក្នុងខួរក្បាលដែរ តែលោកមិនច្បាស់ថា ចាប់ពីពេលនេះដល់លោកអស់ជីវិតទៀត បានបញ្ចេញវាអស់ ឬអត់នោះទេ៕
ហ៊ុយ យ៉ាឡេង៖ "យើងមានរបៀបរកប្រភពជំនួយ ឬសប្បុរសជន ដើម្បីទំនុកបម្រុងក្នុងការផលិតរឿងនីមួយៗ។ ដូចជាម្សិលមិញខ្ញុំបានជួបជាមួយអ្នកជំនួញបរទេសម្នាក់និយាយពីរឿងនេះ តែគេមិនទាន់អាចឆ្លើយតបជាផ្លូវការភ្លាមៗ។ ដូច្នេះរឿងថ្មីទាំង៥ ក៏យើងគិត ហើយរឿងព្រះបាទជ័យវរ្ម័នទី៧ដែលចំណាយទឹកប្រាក់រហូតដល់៧លានដុល្លារនោះក៏យើងរឹតតែគិតទៀត"។
លោក ហ៊ុយ យ៉ាឡេង ត្រូវបានគេចាត់ទុកថា ជាអ្នកនិពន្ធវ័យក្មេងតែមានបទពិសោធន៍ក្នុងការនិពន្ធ និងដឹកនាំរឿងចាស់វស្សា។ ពោល គឺក្នុងរយៈពេល២០ឆ្នាំក្នុងអាជីពតែងនិពន្ធរបស់លោក បានបញ្ចេញរឿងជាច្រើន ក្នុងក៏មានរឿង"ដើម្បីកូន" ដែលបាន និងកំពុងទទួលបានការគាំទ្រយ៉ាងរច្រើន។
លោកយល់ថា រឿងទាំង៥ ដែលត្រូវផលិតនេះ នឹងទទួលបានការគាំទ្រច្រើនមិនចាញ់រឿងមុនៗឡើយ បន្ទាប់ពីថតចប់ ដាក់បញ្ចាំងនៅតាមរោងភាពយន្ដ ព្រោះលោកនឹងរំលេចរឿងបែបវិទ្យាសាស្ដ្រ និងឆ្លុះបញ្ចាំងពីជីវិតពិតក្នុងសង្គមសព្វថ្ងៃ៕