• 2020-02-21 02:11:04
  • ភាពយន្ត

លោក ដូណាល់ ត្រាំ ស្ដីឲ្យកម្មវិធីអូស្កាធ្ងន់ៗ ដែលឲ្យពានធំទៅភាពយន្តកូរ៉េ "Parasite”

  • 2020-02-21 02:11:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត "Parasite” បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​កាល​ពី​ដើម​ខែ ដោយ​បាន​ក្លាយ​ជា​ភាពយន្ត​ភាសា​បរទេស​ដំបូង​គេ អាច​ឈ្នះ​ពាន​ "Best Picture” ពី​កម្មវិធី​ពាន​រង្វាន់​ Academy Awards (គ្រប់​គ្នា​ស្គាល់​ថា​ជា​កម្មវិធី​ពាន​រង្វាន់​អូស្កា) របស់​សហរដ្ឋអាមេរិក។ ក្រៅ​ពី​ពាន​រង្វាន់​ធំ​នេះ ភាពយន្ត​ "Parasite” ក៏​ឈ្នះ​ពាន​ Best International Feature Film, Best Directing និង​ Best Original Screenplay ផង​ដែរ។

ខណៈ​ដែល​ពិភពលោក​ធ្វើ​ការ​សាទរ​ និង​កោត​សរសើរ​ភាពយន្ត និង​អ្នក​ដឹក​នាំ​ភាពយន្ត Bong Joon Ho ​ស្រាប់​តែ​បុគ្គល​ល្បី​ម្នាក់​បង្ហាញ​គំនិត​ខុស​ពី​នេះ។

អំឡុង​ការ​ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​តំបន់​ Colorado Springs រដ្ឋ​ Colorado លោក​ ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បាន​យក​ពេល​​និយាយ​អំពី​ភាពយន្ត​ "Parasite” ដោយ​ចាប់​ផ្ដើម​ជា​មួយ​ការ​ហៅ​ឈ្មោះ​កម្មវិធី Academy Awards ចំៗ ថា​កម្មវិធី​នេះ​មិន​ល្អ។

លោក​ ដូណាល់ ត្រាំ បាន​ថ្លែង​ដូច​​ត​ទៅ​នេះ ៖ "និយាយ​អ៊ីចឹង​ អ្នក​ទាំង​អស់​គ្នា​មាន​បាន​ទស្សនា​ឬ​អត់ ថា​កម្មវិធី Academy Awards ឆ្នាំ​នេះ​អន់​យ៉ាង​ណា? ហើយ​អ្នក​ឈ្នះ គឺ​ជា​ភាពយន្ត​មួយ​របស់​កូរ៉េ​ខាង​ត្បូង តើ​វា​ជា​ស្អី​ឲ្យ​ប្រាកដ? យើង​មាន​បញ្ហា​គ្រប់​គ្រាន់​ហើយ​ជា​មួយ​កូរ៉េ​ខាង​ត្បូង​ជា​មួយ​​ការ​ជួញ​ដូរ ហើយ​បន្ថែម​ពី​នេះ ពួក​គេ (​Academy Awards) បាន​ឲ្យ​ពាន​រង្វាន់​ភាពយន្ត​ល្អ​ដាច់​គេ​ប្រចាំ​ឆ្នាំ​ទៅ​ពួក​គេ (កូរ៉េ​ខាង​ត្បូង)? តើ​វា​ល្អ​មែន? ខ្ញុំ​មិន​ដឹង​ទេ។”

បន្ថែម​ពី​នេះ​លោក ដូណាល់ ត្រាំ ក៏​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដល់​​ផ្នែក​មួយ​ចំនួន​ទៀត​នៃ​កម្មវិធី​អូស្កា រួម​មាន​​បង្ហាញ​​ការ​មិន​ពេញ​ចិត្ត​ចំពោះ​តារា​សម្ដែង Brad Pitt ផង​ដែរ។ គួរ​ដឹង​ថា​ពេល​ឡើង​ទទួល​ពាន​រង្វាន់ Brad Pitt បាន​រិះគន់​ដល់​សភា​អាមេរិក ទាក់ទង​នឹង​ការ​សួរ​ចម្លើយ​លោក ដូណាល់ ត្រាំ៕​​​​​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ សុខហេង

មតិយោបល់