• 2020-02-25 07:36:34
  • ព័ត៌មាន

ព្រឹត្តិការណ៍​សម្រាប់​អ្នក​ស្រឡាញ់ Modeling គ្រោង​ធ្វើ​ចុង​សប្ដាហ៍​នេះ ហើយ​ឲ្យ​ចូល​រួម​ដោយ​សេរី​ទៀត

  • 2020-02-25 07:36:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ដ៏​ធំ​មួយ ដែល​ត្រៀម​នឹង​បើក​ជូន​ប្រិយមិត្ត​អ្នក​ស្រឡាញ់​វិស័យ Modeling ចូល​រួម​ដោយ​ឥត​គិត​ថ្លៃ​ផង​នោះ គ្រោង​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ​ហើយ។ នេះ​បើ​តាម​ស្ថាបនិក​គម្រោង​ម្នាក់​បាន​បង្ហើប។

ព្រឹត្តិការណ៍​នេះ​ត្រូវ​គេ​ដាក់​ឈ្មោះ​ថា "Industry Night” ដែល​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ហាង "Fizz Bar” ស្ថិត​នៅ​តំបន់​ទួល​ទំពូង​នា​ថ្ងៃ​ទី ២៩ កុម្ភៈ ២០២០ ពី​ម៉ោង ៦:០០-១០:០០យប់។ នេះ​មិន​មែន​ជា​ការ​ប្រកួត​ប្រជែង ហើយ​ក៏​មិន​មែន​ជា​ការ​ដើរ​ម៉ូដ​ដែរ ប៉ុន្តែ Phatry Derek Pan ស្ថាបនិក​ក្រុម​ម៉ូដែល Perfect 10 និង​ជា​ម្ចាស់​គម្រោង​ខាង​លើ នេះ​ជា​កន្លែង​ជួប​ជុំ​របស់​បុគ្គល​ល្បី​ៗ​មក​ពី​ផ្នែក​ជា​ច្រើន ដើម្បី​បង្កើត​ទំនាក់ទំនង ឈាន​ទៅ​ពង្រឹង និង​ពង្រីក​អាជីវកម្ម​ពួក​គេ។

តាម​ស្ថាបនិក​ដដែល តារា​ម៉ូដែល​ជាតិ និង​អន្តរជាតិ រួម​​ជាមួយ​ប្រិយមិត្ត​ដែល​ស្រឡាញ់​ចូល​វិស័យ​បង្ហាញ​ម៉ូដ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ព្រម​ទាំង​អ្នក​ដែល​បម្រើ​ឲ្យ​វិស័យ​ផ្សេង​ទៀត​ដូច​ជា​ភាពយន្ត និង​ទូរទស្សន៍​ជា​ច្រើន​នឹង​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ខាង​លើ​ព្រម​គ្នា។ មិន​ត្រឹម​ផ្ដល់​ជូន​ការ​ចូល​រួម​ដោយ​ឥត​គិត​ថ្លៃ Phatry បញ្ជាក់​ថា ភ្ញៀវ​កិត្តិយស​ទាំង​អស់​ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី នឹង​ត្រូវ​ផ្ដល់​ជូន​នូវ​ភេសជ្ជៈ​ដោយ​ឥត​គិត​ថ្លៃ​ថែម​ទៀត។

នេះ​គឺ​ជា​លើក​ទី​១​ដែល Perfect 10 ក្រុម​ម៉ូដែល​ប្រមូល​ផ្ដុំ​ដោយ​តារា​ម៉ូដែល​វ័យ​ក្មេង ស្អាត និង​ព្រម​ដោយ​ទេពកោសល្យ​បាន​រៀប​ចំ​ព្រឹត្តិការណ៍​ខាង​លើ​ឡើង ហើយ​តារា​ម៉ូដែល​ទាំង​អស់​របស់​ក្រុម​នេះ នឹង​បង្ហាញ​វត្តមាន​ព្រម​គ្នា​ក្នុង​កម្មវិធី។ លោក Phatry បញ្ជាក់​ថា ត្បិត​នេះ​ជា​លើក​ទី​១ ប៉ុន្តែ​ព្រឹត្តិការណ៍ "Industry Night” គ្រោង​នឹង​មាន​ជា​បន្ត​បន្ទាប់​នា​ពេល​ខាង​មុខ។

"យើង​មាន​​បំណង​ថា​នឹង​រៀប​ចំ​ឲ្យ​បាន​រៀងរាល់ ២​ខែ​ម្ដង ពាក់​ព័ន្ធ​នឹង​វិស័យ​ដើរ​ម៉ូដ ភាពយន្ត និង​ទូរទស្សន៍​នេះ នា​ពេល​អនាគត ប៉ុន្តែ​ខុស​ពី​ព្រឹត្តិការណ៍​លើក​នេះ កម្មវិធី​លើក​ក្រោយ​អាច​ជា​ការ​ប្រកួត​ដើរ​ម៉ូដ បន្ថែម​ពី​លើ​គ្រាន់​ជា​វេទិកា​ដើម្បី​ជួប​ជុំ​រឹត​ចំណង​ទាក់​​ទង​គ្នា!"។ Phatry ថ្លែង។

ដូច្នេះ កុំ​ភ្លេច "Industry Night” នា​ព្រលប់​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​នៅ Fizz Bar ជាប់​ហាង​កាហ្វេ Starbuck ទួល​ទំពូង៕

អត្ថបទ៖ ទារិកា

មតិយោបល់