• 2020-03-04 02:33:36
  • ព័ត៌មាន

ថ្មី​ទៀត! សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្ម​ខ្លាំង​ៗ ចំពោះ​បុរស​បរទេស​ប្រមាថ​របាំព្រះរាជទ្រព្យរបស់​កម្ពុជា

  • 2020-03-04 02:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​តេជោ ហ៊ុន សែន ចាត់ទុក​ការ​សម្ដែង​របាំ​ព្រះរាជទ្រព្យ​នៅ​ក្រៅ​ប្រទេស​មួយ​កាល​ពី​ពេល​ថ្មី​​​ ថាជា​ការ​បន្ទាបបន្ថោក​វប្បធម៌​ខ្មែរ ហើយ​ស្នើ​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ក្រសួង​មហាផ្ទៃ​ចាត់​វិធានការ​បន្ទាន់​លើ​អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ។

នេះ​ជា​ប្រតិកម្ម​ថ្មី​ទៀត​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា លើ​ករណី​ ជន​បរទេស​ជនជាតិ​ម៉ាឡេស៊ី ចូល​សញ្ជាតិ​សិង្ហបុរី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របាំ​ព្រះរាជទ្រព្យ​របស់​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល មាន​ការ​ខឹង​សម្បារ​កាល​ពី​ម្សិលមិញ។

នៅ​ក្នុង​ឱកាស នៃ​ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​លើក​ទី២២ នា​ទីក្រុង​កោះ​ពេជ្រ​កាល​ពី​យប់​មិញ។ សម្ដេច​បានថ្លែង​ថា ការ​សម្ដែង​នេះ​មិនមែន​ជា​ការ​សុំ​សេចក្ដី​សុខ ឬ​លើក​កម្ពស់​របាំ​សិល្បៈ​ខ្មែរ​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​បន្ទាបបន្ថោក​វប្បធម៌​ខ្មែរ ដោយ​បុគ្គល​ម្នាក់​ដែល​ជា​ជនជាតិ​ម៉ាឡេស៊ី ចូល​សញ្ជាតិ​សិង្ហបុរី។

បន្ថែម​ពី​លើ​នេះ បុរស​បរទេស​ថែម​ទាំង​បាន​ធ្វើ​ការ​ប្រមាថ​ មើលងាយ ធ្វើ​ឲ្យ​អាប់ឱន​ដល់​ព្រះរាជវង្សានុវង្ស​ខ្មែរ​ថែម​ទៀត។ ដូច្នេះ​ហើយ ក្រសួង​វប្បធម៌ ត្រូវ​តែ​យាងសែស្រឡាយ​ព្រះរាជវង្ស​មួយ​ព្រះអង្គ​នោះ​មក​ណែនាំ ហើយ​ក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ត្រូវ​បិទ​ទិដ្ឋាការ​ចំពោះ​បុគ្គល​ម្នាក់​ដែល​សម្ដេច​ចាត់​ទុក​ថា​ជា​គ្រូ​ហុងស៊ុយ​ ឬគ្រូអូមអាម លែង​ឲ្យ​ចូល​ប្រទេសកម្ពុជាទៀត។

សម្ដេច​តេជោ៖ “តាម​រយៈ​នោះ(វីដេអូ) ខ្ញុំ​ឃើញ​ថា​វា​ជា​ការ​វាយ​ប្រហាយ៉ាង​ដំណំ​ទៅ​លើ​របប​រាជានិយម​អាស្រ័យធម្មនុញ្ញ និង​ព្រះ​រាជ​វង្ស​ខ្មែរ។ ក្នុង​ហ្នឹង...អ្នក​រាំ​របាំ​ព្រះរាជទ្រព្យ​យើង​រាំ​នៅ​ពី​មុខបុគ្គល​ម្នាក់​នោះ ហើយ​ពេល​បុគ្គល​ម្នាក់​នោះ​ក្រោក​ឡើង​ដើម្បី​បួង​សួង​បែរ​ជា​ឲ្យ​របាំ​យើង​រាំអង្គុយ​នៅ​ពី​ក្រោយ​ទៅ​វិញ តើ​វា​សមហេតុ​សមផល​ទេ​ដែល​បន្ទាបបន្ថោក​វប្បធម៌​ខ្មែរ​បែបនេះ"។

ក្រោយ​សម្ដេច​មាន​ប្រសាសន៍​ប្រមាណ​១​ម៉ោង ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ដាក់​បុរស​ម៉ាឡេស៊ី ចូល​សញ្ជាតិ​សិង្ហបុរីទៅ​ក្នុង​បញ្ជី​ខ្មៅដោយ​ហាម​ឃាត់ការ​ចូល​មក​ទឹកដី​កម្ពុជា​ហើយ​តាំង​ពិ​រសៀល​ម្សិលមិញ។ ទោះ​ជា​យ៉ាង​ណា​សម្ដេច​បញ្ជាក់​ថា បើ​បុគ្គល​ដែល​មាន​សញ្ជាតិ​សិង្ហបុរី​ម្នាក់​នេះ​ដឹង​ខុស ហើយ​សុំ​ទោស​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ព្រះរាជវង្សានុវង្ស​ខ្មែរ។ អាច​នឹង​ផ្ដល់​ទិដ្ឋាការ​ឲ្យ​បុគ្គល​ម្នាក់​នេះ​ឡើង​វិញ​៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់