• 2020-03-06 04:30:41
  • ព័ត៌មាន

ចេញ​ហើយ! លទ្ធផល​ពី​ការ​ដោះស្រាយ​ទំនាស់​លោក ព្រាប សុវត្ថិ ជាមួយ​អ្នក​ជិត​ខាង ៧០​គ្រួសារ

  • 2020-03-06 04:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ក្បែរ​ខាង​របស់​ខ្លួនដែល​តាម​ព័ត៌មានមាន​ចំនួន ៧០គ្រួសារ​ កាល​ពី​ម្សិលម្ង៉ៃ លើ​៤​ចំណុច​នោះ នៅ​ព្រឹក​នេះ លោក ព្រាប សុវត្ថិ បាន​ចូល​ខ្លួន​មក​ជួប និង​ដោះ​ស្រាយ​ជាមួយ​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ជិត​ខាង​របស់​ខ្លួន​ហើយ។

សកម្មភាព​នេះ ក្រោយ​ពី​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​គោក​ឃ្លៀង​ចំនួន ៧០​គ្រួសារ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​លោក​លើ ៤ ចំណុច​មាន៖ ១.បញ្ហា​ចត​ឡាន​គ្មាន​សណ្ដាប់​ធ្នាប់​លើ​ផ្លូវ​សាធារណៈ។ ២.ការ​ធ្វើ​រោង​ឈើ​ចូល​មក​លើ​ផ្លូវ​សាធារណៈ។ ទី​៣.បញ្ហា​ស្លឹក​ឈើ​ផ្ទះ​លោក ព្រាប សុវត្ថិ ធ្លាក់​ចូល​ផ្ទះ​អ្នក​ជិត​ខាង និង​ទី៤.បញ្ហា ការ​បំពង​សំឡេង​ឡាន​លឺ​ៗ បង្ក​ការ​រំខាន​ដល់​អ្នក​ជិត​ខាង។

បញ្ហា​នេះ លោក ព្រាប សុវត្ថិ បាន​ប្រាប់​ក្រុម​ការងារ Sabay តាម​ទូរសព្ទ​កាល​ពី​ម្សិលមិញ​ថា លោក​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ជាមួយ​អ្នក​ជិត​ខាង​របស់​លោក ហើយ​ថា​លោក​នឹង​ចូល​ខ្លួន បន្ទាប់​ពី​លោក​បញ្ចប់​បេសកកម្ម​ការងារ​នៅ​តាម​ខេត្ត​ហើយ។ ជាក់​ស្ដែង កំពូល​តារា​ចម្រៀង​ចូល​ទៅ​ដោះស្រាយ​ជាមួយ​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​នៅ​ព្រឹក​នេះ ហើយក៏​ទទួល​បាន​ផ្លែ​ផ្កា​វិជ្ជមាន ក្រោម​ការ​សម្រប​សម្រួល​របស់​អាជ្ញាធរ​ដែន​ដី​ក្នុង​ភូមិ​សាស្ត្រ​គោក​ឃ្លៀង។

តាម​ការ​រាយការណ៍​របស់​ភ្នាក់ងារ​ផ្ទាល់​ពី​ទី​កន្លែង​លោក ព្រាប សុវត្ថិ និង​អ្នក​ជិត​ខាង​បាន​ស្រុះស្រួល​គ្នា​ហើយ​លើ​៤​ចំណុច​នោះ​ហើយ ដោយ​ក្នុង​នោះ លោក ព្រាប សុវត្ថិ បាន​ព្រម​ទទួល​យក ដោយ​ព្យាយាម​កែ​សម្រួល​តាម​ការ​សំណូម​ពរ។ ប៉ុន្តែ​ចំណុច​ខ្លះ លោក​ក៏​បាន​ស្នើ​សុំ​ប្រជាពលរដ្ឋ​ជួយ​យោគយល់​លោក​ដូច​គ្នា ពិសេស​ចំណុច​ទី​៤ ដែល​ថា ភាគី​ខាង​លោក​បង្ក​ការ​រំខាន​ដោយ​សារ​សំឡេង​រថយន្ត។

លោក ព្រាប សុវត្ថិ លើក​ឡើង​ថា ភាគី​ខាង​លោក គឺ​ជា​អ្នក​សិល្បៈ ភាគ​ច្រើន​មាន​ការងារ​ដែល​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​ពេល​យប់ ជួន​ចេញ​ចូល​ផ្ទះ​ពាក់​កណ្ដាល​អាធ្រាត្រ ជួន​ជិត​ភ្លឺ​ក៏​មាន។ ដូច្នេះ​ក្នុង​ខណៈ​យប់​អាធ្រាត្រ​ស្ងាត់​សំឡេង​នានា ធ្វើ​ឲ្យ​សំឡេង​រថយន្ត​របស់​ក្រុម​គ្រួសារ​លោក​ជាង។ ចំណុច​នេះ ជា​រឿង​ពិបាក​ចៀសវាង ដូច្នេះ​ហើយ ស្នើ​សុំ​បង​ប្អូន​អ្នក​ជិត​ខាង​ជួយ​យោគយល់ ហើយ​ភាគី​លោក ក៏​ព្យាយាម​កែ​សម្រួល​ដូច​គ្នា។

តាម​ភ្នាក់ងារ​យើង តារា​ចម្រៀង​កំពូល​របស់​កម្ពុជា បាន​បញ្ចេញ​នូវ​ការ​សោកស្ដាយ និង​អន់​ចិត្ត​ខ្លះ​ដែរ ពាក់​ព័ន្ធ​នឹង​រឿង ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​ក្បែរ​ខាង មិន​បាន​យក​បញ្ហា​ដែល​កើត​មាន​មក​ស្នើ​សុំ​ភាគី​ខាង​លោក​ឲ្យ​កែ​សម្រួល​ជា​មុន បែរ​ជា​ទៅ​ប្ដឹង​ផ្ដល់​ទៅ​អាជ្ញាធរ​តែ​ម្ដង ធ្វើ​ឲ្យ​ព័ត៌មាន​ខ្ចរខ្ចាយ ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក។

ជុំវិញ​បញ្ហា​នេះ តាម​ភ្នាក់ងារ​នៅ​កន្លែង​ជួប​ប្រជុំ​ដោះស្រាយ ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ភាគី​ខាង​ប្រជាពលរដ្ឋ ក៏​បាន​ធ្វើ​ការ​សុំ​អភ័យ​ទោស​ទៅ​ភាគី​លោក ព្រាប សុវត្ថិ ដូច​គ្នា ហើយ​មក​ទល់​នឹង​ពេល​នេះ ទាំង​សងខាង​បាន​ទទួល​យក​រៀង​ខ្លួន ហើយ​ការ​ជួប​ជុំ​ដោះស្រាយ​គ្នា​ក្រោម​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​ដែនដី​​គោក​ឃ្លៀង ត្រូវ​បាន​បញ្ចប់​ហើយ៕

រាយការណ៍៖ ជិន សុភ័ក្ត្រ

អត្ថបទ៖ ទារិកា

មតិយោបល់