• 2020-03-12 07:42:21
  • ជីវិតតារា

សុភមង្គល​ណាស់ តារា​ល្បី​ៗ​យើង​ច្រើន​ដួង កំពុង​​វក់វី​នឹង​ការ​មើលថែ​កូន​តូច​របស់​ពួក​គេ!

  • 2020-03-12 07:42:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ-សិល្ប​ការិនី​ខ្មែរ​៥​ដួង ទទួល​បាន​កំណប់​ទ្រព្យ​មិន​អាច​កាត់​ថ្លៃ​បាន​នៅ​ចុង​ឆ្នាំ​២០១៩ និង​ដើម​ឆ្នាំ​២០២០ នោះ​គឺ​កូន​តូច​គួរ​ឲ្យ​ស្រឡាញ់​របស់​ពួកគេ​ដែល​តារា​ខ្លះត្រេកអរ ហើយ​លាន់​មាត់​ថា កូន គឺជា​គ្រាប់​ពេជ្រ​ទេព្ដា​ប្រទាន និង​ខ្លះលាន់មាត់​ថា ​កូន​ទេព្ដា​ចាប់​ជាតិ។

តោះ...ទៅស្គាល់ទាំងអស់គ្នា​ថា​​តារា​ណា​ខ្លះ​កំពុង​មាន​កូន​តូចមើលថែ ហើយ​ស្ថានភាព​របស់​តារា និង​កូន​ៗ​របស់​ពួកគេ​យ៉ាង​ណា​ដែរ?

១. "តារា​ចម្រៀង​ជួ​មុខ​របស់​ផលិតកម្ម​រស្មី ហង្ស​មាស អ្នកនាង ឱក សុគន្ធ​កញ្ញា" សម្រាល​បាន​កូន​ប្រុស​ម្នាក់​ឈ្មោះ អ៊ឹង បញ្ញា​បុត្រ ហៅ ឆាលី។ កញ្ញា បាន​រៀបការ​ជាមួយ​ប្អូន​ប្រុស​ថៅកែ​ផលិតកម្ម​រស្មី ហង្ស មាស គឺ លោក អ៊ឹង សុខលី កាល​ពី​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩។

បច្ចុប្បន្ន ឱក សុគន្ធ​កញ្ញា និង​ស្វាមី បាន​ផ្លាស់​វេន​គ្នា​ថែទាំ និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​"ឆា​លី" ដែល​ជា​កូន​ប្រុស​ដំបូង​របស់​ពួកគេ​ទើប​មាន​អាយុ​ជាង​៣​ខែ ដោយ​ម្នាក់​នៅ​មើល​ថែកូន និង​ម្នាក់​ចេញ​ទៅ​ធ្វើការ។

២. "តារា​សម្ដែង និង​ដើរ​ម៉ូដ អ្នកនាង នៅ សុនីតា" ក៏​សម្រាល​បាន​កូន​ប្រុស​ដំបូង​ដែល​មាន​ឈ្មោះ​ថា ទិត្យ សង្ក្រាន្ដគាថាណារិទ្ធ ដែល​គិត​មក​ដល់​ពេល​នេះ គេ​មាន​អាយុ​៩​ខែ​ហើយ។ តារា​រូប​ស្រស់​សោភា នៅ សុនីតា បាន​ចាប់​ដៃ​គ្នា​ក្នុង​នាម​ជា​ប្ដី-ប្រពន្ធ​ជាមួយ​អគ្គនាយក​រង​ទូរទស្សន៍​បាយ័ន លោក ទិត្យ ថាវរិទ្ធិ តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៨។

បច្ចុប្បន្ន នៅ សុនីតា បាន​បង្ហាញ​ពី​ការ​មើលថែ និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូន​ប្រុស ដោយ​បំពេ​ឲ្យ​គេង​លើ​ទ្រូង លាប​ម្សៅ និង​ស្លៀកពាក់​ប្លែកៗ​ឲ្យ​កូន។

៣. "តារា​សម្ដែង​ស្រី ឌុច លីដា" បន្ទាប់​ពី​ស្ងប់​ស្ងាត់​មួយ​រយៈ​ធំ ថ្មី​​ៗ​នេះ ស្រាប់​តែ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី ក្រោយ​ពី​លេច​ដំណឹង​ថា នាង​មាន​កូន​ប្រុស​ម្នាក់​វ័យ​ទើប​បាន​ជាង ២ខែ ហើយ​ត្រូវ​សារព័ត៌មាន​ចុះ​ព្រោង​ព្រាត។ ឌុច លីដា មិន​ទាន់​បាន​ចេញ​បក​ស្រាយ​ពី​ករណី​នេះ​នៅ​ឡើយ តែ​នាង​នៅ​តែ​បង្ហាញ​ពី​កូន​តូច​នោះ​ជា​ចំហ​រាល់​ថ្ងៃ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នាង។

លីដា បាន​បង្ហាញ​ពី​ការ​បីបាច់​មើល​ថែ​ថ្នាក់ថ្នម​ក្នុង​នាម​ជា​ម្ដាយ​ម្នាក់ ក្រៅ​ពី​នេះ នាង​ព្រម​ទាំង​ហៅ​ទារក​ដែល​មាន​ឈ្មោះ កិត្យា​មរណី ថា "កូនៗ" ថែម​ទៀត​ផង។ តារា​ស្រី បាន​បញ្ជាក់​នៅ​ក្នុង​វីដេអូ​លើ​ទំព័រ​ហ្វេសប៊ុក​ថា មាន​មិត្ត​ភ័ក្ដិ និង​អ្នក​គាំទ្រ​នាង​ច្រើន​ណាស់ បាន​សួរ​នាង​ពី​រឿង​នេះ ប៉ុន្តែ​នាង​ថា "សុំ​លាក់​ទុក​ឲ្យ​ឆ្ងល់"។ យ៉ាង​ណា គេ​ជឿ​ថា ទារក​រូប​នោះ គឺ​ជា​កូន​របស់​នាង​ពិត​មែន។

ជាក់​ស្ដែង​មិត្ត​រួម​អាជីព​ម្នាក់​បាន​លើក​ឡើង​ថា កូន​នោះ​មាន​មុខ​មាត់​ដូច ឌុច លីដា ថែម​ទៀត​ផង ប៉ុន្តែ​រូប​គេ​មិន​បាន​ដឹង​ថា ឪពុក​ទារក​នោះ​ជា​នរណា គ្រាន់​តែ​គេ​ដឹង​ថា លីដា ធ្លាប់​មាន​សង្សារ​បណ្ដើរ​គ្នា​ទៅ​ប្រទេស​ថៃ​ជា​រឿយៗ។ បែប​នេះ​ក្ដី រូប​គេក៏​​មិន​ហា៊ន​អះអាង​ដែរ​ថា បុរស​នោះ​ជា​ឪពុក​កូន​តូច​នេះ ឬ​យ៉ាង​ណា​។

៤. "តារា​សម្ដែង​ស្រី សារ៉ាយ សក្ខណា" សម្រាល​បាន​កូន​ម្នាក់​ទៀត​កាល​ពី​២​ថ្ងៃ​មុន​នេះ នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក។ សរុប​ទៅ សក្ខណា មាន​កូន​ពីរ​នាក់​ហើយ​ដោយ​កូន​ស្រី​ច្បង​ឈ្មោះ Mataysia Keo ក្រោយ​ដែល​មាន​ន័យ​ថា កាដូ​ទេព្ដា​ប្រទាន។

រីឯ​កូន​ប្រុស​ដែល​ទើប​តែ​សម្រាល​នេះ គឺ​មាន​ឈ្មោះ Princetheng Prem Keo ។ សារ៉ាយ សក្ខណា បាន​រៀបការ​ជាមួយ​មេធាវី​អណិកជន​អាមេរិក គឺ​លោក កែវ មន្ដ្រី កាល​ពី​ចុង​ឆ្នាំ​២០១៣។ បច្ចុប្បន្ន​តារា​សម្ដែង​ស្រី​ថ្គាមខ្លា​រូប​នេះ បាន​លែង​ដៃ​ពី​អាជីព​សិល្បៈ ហើយ​កំពុង​រស់នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ដើម្បី​មើល​ថែកូនៗ និង​ស្វាមី៕

៥. "ភរិយា​របស់​តារា​ចម្រៀង​ល្បីឈ្មោះ​ម្នាក់​ប្រចាំ​នៅ​ផលិតកម្ម​រស្មី ហង្ស​មាស គឺ​លោក នី រតនា" សម្រាល​បាន​កូន​ប្រុស​ម្នាក់​កាល​ពី​ថ្ងៃ​ទី៦ ខែ​មីនា។ នី រតនា ចាត់​ទុក​កូន​ប្រុស​លោក​ថា​ជា​លាភ​ដើម​ឆ្នាំ​២០២០។ លាភ​ដើម​ឆ្នាំ​២០២០ របស់ នី រតនា មាន​ឈ្មោះ​ថា នីវណ្ណ មែលឡានី ហៅ​មែល(MEL) ដែល​កូន​នេះ​កើត​មក​មាន​សុខភាព​ល្អ និង​មុខ​គួរ​ឲ្យក្នាញ់។

លោក នី រតនា បាន​រៀបការ​ជាមួយ​កូន​ស្រី​អ្នកជំនួញ​ដ៏ធំម្នាក់ គឺ​អ្នកនាង ហេង សុវណ្ណភក្ដិណា កាល​ពី​ថ្ងៃទី១៨ ខែ​មករា ឆ្នាំ​២០១៩៕

អត្ថបទ៖ ជិន សុភ័ក្រ្ត​ និងទារិកា

មតិយោបល់