• 2020-03-14 03:43:11
  • ព័ត៌មាន

មហោស្រព​ភាពយន្ដ​អន្ដរជាតិ​កម្ពុជា​ប្រកាស​បើក​ហើយ

  • 2020-03-14 03:43:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រព​ភាពយន្ដ​អន្ដរជាតិ​កម្ពុជា​លើក​ទី​១០​ដែល​ប្រារព្ធ​ឡើង​រយៈ​ពេល​១០​ថ្ងៃ​ជាប់​ៗ​គ្នា គឺ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​២២ ខែ​មីនា បាន​ប្រកាស​បើក​ហើយ​កាល​ពី​យប់​មិញ នា​សាល​មហោស្រព​ចតុមុខ ក្រោម​អធិបតីភាព​របស់​មន្ដ្រី​ជាន់​ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។

រដ្ឋ​លេខា​ធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ឯក​ឧត្ដម ហាប់ ទូច មាន​ប្រសាសន៍​ថា មហោស្រព​ភាពយន្ដ​អន្ដរជាតិ គឺ​ជា​ព្រឹត្ដិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ និង​គាំទ្រ​ដល់​ឧស្សាហកម្ម​ភាពយន្ដ​កម្ពុជា ហើយ​ក៏​ជា​ឱកាស​សម្រាប់​អ្នក​មាន​អាជីព​ក្នុង​វិស័យ​ភាពយន្ដ​ធ្វើការ​ជួប​ជុំ​គ្នា ចែក​រំលែក​ចំណេះ​ដឹង និង​បទ​ពិសោធន៍​ពីគ្នា​ទៅ​វិញ​ទៅ​មក​សំដៅ​ជំរុញ​កម្ពុជា​ឲ្យ​ក្លាយ​ជា​ដែន​ដី នៃ​ការ​ថត​ភាពយន្ដ​ជាតិ និង​បរទេស។

ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ បាន​ចាត់​ទុក​ឧស្សាហកម្ម​ភាពយន្ដ គឺ​ជា​ផ្នែក​អាទិភាព​មួយ​នៃ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​វិស័យ​វប្បធម៌​ក្នុង​ការ​រួម​ចំណែក​អភិរក្ស​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម និង​លើក​ស្ទួយ​កិត្យានុភាព​ជាតិ ខណៈ​ដែល​វិស័យ​ភាពយន្ដ​កម្ពុជា​មាន​ការ​រីក​ចម្រើន​គួរ​សម។ ពោល​គឺ មហោស្រព​ភាពយន្ដ​អន្ដរជាតិ​កម្ពុជា​លើក​នេះ​មាន​ភាពយន្ដ​រហូត​ដល់​១៥៧​ចំណង​ជើង មក​ពី​៤៤ប្រទេស។

ការ​សម្ដែង​ល្ខោន​ខោល​ខ្មែរ

រី​ឯ​មហោស្រព​ភាពយន្ដ​កាល​ពី​ឆ្នាំ​២០១៩ មាន​តែ​១៤០​ចំណង​ជើង និង​មក​ពី ​៣៧​ប្រទេស ប៉ុណ្ណោះ។ មហោស្រព​ភាពយន្ដ​អន្ដរជាតិ​លើក​ទី​១០ នឹង​មាន​ចាក់​បញ្ចាំង​នូវ​ខ្សែ​ភាពយន្ដ​ខ្នាត​ធំ​នៅ​តាម​រោងភាពយន្ដ​មួយ​ចំនួន ហើយ​ផ្ដល់​ឱកាស​ឲ្យ​ចូលរួម​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ។ភាពយន្ដ​ដែល​នឹង​ត្រូវ​ចាក់បញ្ចាំង​មាន​ចំនួន​១៥៧​ចំណង​ជើង មក​ពី៤៤ប្រទេស​នេះ ក្នុង​នោះ​មាន​ភាពយន្ដ កម្ពុជា​ចំនួន​១៥%​ដែរ។ ភាពយន្ដ​ទាំង​នេះ​បង្ហាញ​ពី​ទស្សវិស័យ​ប្លែក​ៗ​គ្នា ជា​ពិសេស​ពាក់ព័ន្ធ​នឹង​បរិស្ថាន និង​យេនឌ័រ​ជា​ដើម។

សូម​រំលឹកថា ពិធី​បើក​មហោស្រព​ភាពយន្ដ​កម្ពុជា​លើក​ទី​១០ ឆ្នាំ​២០២០ មាន​ផលិតករ​ភាពយន្ដ​ជាតិ-អន្ដរជាតិ សិល្បករ-សិល្បការិនី តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រាប់រយ​នាក់​ចូល​រួម៕

អត្ថបទ៖ ជិន សុភ័ក្ត្រ

មតិយោបល់