• 2020-03-16 00:11:00
  • ព័ត៌មាន

អ្នក​ធ្វើ​វីដេអូ​ម្ហូប​ល្បីលើ Youtube ប្រមូល​រង្វាន់​សរុប ២ម៉ឺន​ដុល្លារ​រួច​បាត់​ហើយ

  • 2020-03-16 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ប្រជែង​ Influencer ប្រចាំ​ឆ្នាំ​ក្នុង​កម្មវិធី CAMBODIAN NET IDOL រដូវកាលទី 2 បាន​បញ្ចប់ ដោយ​ក្នុង​នោះ​យុវតី​ស្រស់​ស្អាត​ម្ចាស់ Channel : Eat With Bee ដែល​ធ្វើ​វីដេអូ​ម្ហូប​អាហារ​ល្បី​លើ Youtube បាន​ឈ្នះ​ជយលាភី​លេខ​១ ទទួល​ទឹកប្រាក់​រង្វាន់​ចំនួន​ សរុប 20.000 ដុល្លារ​អាមេរិក​ឯណោះ។

ជយលាភី​នេះ ក្រោយ​កញ្ញា ប៉ូ សុជាតា ឬ EAT WITH BEE បាន​យក​ឈ្នះ​លើ​បេក្ខជន​២​រូប​ទៀត គឺ D.R និង Manith ដោយ​កញ្ញា​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​ទាំ​អស់ ក្លាយ​ជា​ជយលាភី​លេខ​១​ប្រចាំ​រដូវ​កាល​ទី​២​របស់​កម្មវិធី​ដែល​បាន​រៀប​ចំ​ដោយ​ក្រុមហ៊ុន Cake Experiential។

ប៉ូ សុជាតា បាន​ឲ្យ​ដឹង​ថា កញ្ញា រីករាយ​ខ្លាំង​ណាស់ ព្រោះ​មិន​សង្ឃឹម​ថា នាង​អាច​ធ្វើ​បាន​ឡើយ ដូច្នេះ​ហើយ​នាង​ក៏​មិន​មាន​បំណង​ចូល​រួម​ការ​ប្រកួត​នេះ​ដែរ​ពី​ដំបូង ប៉ុន្តែ​មិត្តភ័ក្ដ​នាង​ម្នាក់​ជំរុញ​ទើប​នាង​សម្រេច​ដាក់​ពាក្យ​ប្រកួត ហើយ​ទី​បំផុត​នាង​សម្រេច​បាន​លទ្ធផល​យ៉ាង​អស្ចារ្យ។ យ៉ាងណា កញ្ញា បាន​បញ្ជាក់​ថា នៅ​ក្នុង​ការ​ប្រកួត​ដែល​សរុប​មាន​ដល់​ទៅ ៩វគ្គ គឺ​នាង​មាន​រឿង​បាក់​ទឹក​ចិត្ត​មួយ​ចំនួន ហើយ​កញ្ញា​ស្ទើរ​តែ​នឹង​បោះបង់​ចោល​ទៅ​ហើយ។

ប៉ុន្តែ​អំឡុង​នាង​បាក់​ទឹក​ចិត្ត​ស្រាប់​តែ​មាន​អ្នក​គាំទ្រ​ម្នាក់​ឆាត​មក​លើក​ទឹក​ចិត្ត និង​សរសើរ​ថា​នាង​ធ្វើ​បាន​ល្អ ទើប​នាង​ចាប់​ផ្ដើម​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ "ពេល​ហ្នឹង​ខ្ញុំ​រំភើប​ខ្លាំង​ណាស់ ហើយ​ក៏​តាំង​ចិត្ត​ថា ខ្ញុំ​មិន​អាច​បោះបង់​ចោល​ទេ ខ្ញុំ​ត្រូវ​តែ​តស៊ូ​ដើម្បី Fan របស់​ខ្ញុំ!"។

សុជាតា ទទួល​បាន​ទឹក​ប្រាក់​សុទ្ធ កុង​ត្រា និង រង្វាន់​ជា​ច្រើន។ យុវតី អាយុ២១​ឆ្នាំ ដែល​ប្រាប់​ថា នាងចាប់​ផ្ដើម​​ធ្វើ​វីដេអូ​ម្ហូប​អាហារ​ដំបូង ដោយ​សារ​តែ​នាង​ចូល​ចិត្ត​ញុំា​នោះ បាន​ឲ្យ​ដឹង លទ្ធផល​នៅ​ថ្ងៃ​នេះ ធ្វើ​ឲ្យ​នាង​កាន់​តែ​មាន​ទឹក​ចិត្ត ហើយ​នាង នឹង​យក​ប្រាក់​ខ្លះពី​ការ​ឈ្នះ​នេះ ទៅ​ទិញ​កាមេរ៉ា​ថ្មី និង​សម្ភារៈ​មួយ​ចំនួន​ទៀត ដើម្បី​បន្ត​កិច្ចការ​នាង។

សុជាតា គ្រោង​នឹង​ចាប់​ផ្ដើម​ធ្វើ​វីដេអូ​ប្រភេទ​ថ្មី​ទៀត​អំពី​ការ​អប់រំ ព្រោះ​នាង​មើល​ឃើញ​ថា បច្ចុប្បន្ន​វីដេអូ​ប្រភេទ​នេះ នៅ​ក្នុង​ស្រុក​មិន​សូវ​មាន​អ្នក​ធ្វើ។ ដូច្នេះ​ហើយ នាង​នឹង​ធ្វើ​ដើម្បី​ផ្ដល់​ការ​អប់រំ ពិសេស​គឺ​ផ្ដោត​លើ​ការ​អប់រំ​ពាក់​ព័ន្ធ​នឹង​សុវត្ថិភាព​បន្លែ និង​ចំណី​អាហារ។ ក្រៅ​ពី EAT WITH BEE បេក្ខជន​២​រូប​ទៀត គឺ D.R និង Manith ទទួល​បាន​ជយលាភី​លេខ​២ និង​លេខ​៣​រៀង​ខ្លួន។

នេះ​គឺ​ជា​ឆ្នាំ​ទី​២​សម្រាប់​កម្មវិធី Cambodian Net Idol ដែល​ឆ្នាំ​នេះ រៀប​ចំ​ដោយ​ក្រុមហ៊ុន Cake Experiential និង​សហការ​ឧបត្ថម្ភធំ​ដោយ​ក្រុមហ៊ុន Yes018 ។កម្មវិធី​នេះ បាន​នាំ​យក​បេក្ខភាព Influencer ក្នុង​ស្រុក​ជា​ច្រើន​ឲ្យ​មក​ជួប​ជុំ​គ្នា​បង្ហាញ​ពី​ទេពកោសល្យ និង​ទាក់​ទាញ​អ្នក​ទស្សនា​បាន​រាប់​លាន​នាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ Yes018 ជារៀងរាល់សប្តាហ៍។

ក្នុង​នាម​ជា​អ្នក​រៀប​ចំ​កម្មវិធី លោក Andy Ong នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Cake Experiential បាន​ឲ្យ​ដឹង​ថា លោក​មោទកភាព​ណាស់​ចំពោះ​ការ​បង្កើត​កម្មវិធី​នេះ​ឡើង ជា​កន្លែង​ដែល​យុវវ័យ​បាន​បញ្ចេញ​ពី​ទេពកោសល្យ​របស់​ពួក​គេ។ លោក​សង្ខឹម​ថា ពួក​គេ​នឹង​បន្ត​គោល​បំណង​របស់ CNI ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​ជា​វិជ្ជមាន​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់។

ងាក​លោក Jeck Tan មកពី Yes018 ក៏​បាន​បន្ថែម​ថា លោក​ក៏រីករាយ​ដូច​គ្នា ក្នុង​នាម​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​នៃ​កម្មវិធី។ លោកថា លទ្ធផល​នៃ​កម្មវិធី​នេះ​ បាន​បង្ហាញ​ជា​វិជ្ជមាន​ពី​សញ្ញា​នៃ​ការ​គាំទ្រ Net Idol និង​ការ​បង្កើត​មាតិកា​សម្រាប់​ការ​ជំរុញ​គម្រោង​ផែន​ការ​អាជីវកម្ម​របស់​ក្រុម​នានា​នា​ពេល​អនាគត។ ពិសេស​តាម​រយៈ​បាន​ចូល​រួម​លើក​កម្ពស់​ក្នុង​ការ​យល់​ដឹង​អំពី​អ្វី​ទៅ​ជា​ប្រព័ន្ធ 5G និង​វិធី​ដែល​ប្រព័ន្ធ​នេះ​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់៕

អត្ថបទ៖ ទារិកា

មតិយោបល់