• 2020-03-19 03:25:53
  • ព័ត៌មាន

ឡូយ​ណាស់​តើ ស្រី​តូច​ច្រឡឹង តីតី ក្តាប់​បាន​តំណែង​តួឯក​ក្នុង​ភាពយន្ត​លើក​កម្ពស់​ប្រាក់​រៀល

  • 2020-03-19 03:25:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​បញ្ជាក់​ពី​សាមី​ខ្លួន គឺ​តារា​ស្រី​កាច​ឆ្នាស​ឆ្នើម សេង ម៉ានិត ហៅ​តីតី បានឲ្យ​ដឹង​ថា ​នាង​នឹង​លេច​វត្តមាន​ក្នុង​ការ​សម្តែង​ក្នុង​ភាពយន្ត​ខ្លី​បែប​អប់រំ​មួយ ​ផលិត​ដោយ​ជន​ជាតិ​បារាំង ដែល​មាន​គោល​បំណង​លើក​កម្ពស់ ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ខ្មែរ​ដែល​ជា​រូបិយប័ណ្ណ​ជាតិ។

រូបភាព៖ផ្ដល់​ដោយ​សាមី​ខ្លួន(ក្រេឌីត៖ L Media)

នេះ​គឺ​ជា​លើក​ទី​១​ដែល​តារា​សម្តែង​ស្រី​វ័យ ២៦ ឆ្នាំ​បាន​សម្ដែង​ក្នុង​រឿង​របស់​ផលិតករ​បរទេស។ តីតី ប្រាប់​ថា នេះ​ជា​ឱកាស​ធំ​មួយ​ដែល​ទទួល​បាន ហើយ​នាង​រំពឹង​ថា វា​នឹង​ជា​ការ​បើក​ផ្លូវ​សម្រាប់​ការងារ​សិល្បៈ​របស់​នាង។ តីតី ​ត្រូវ​បាន​ផលិតករ​ជន​ជាតិ​បារាំង លោកPaul Maux បាន​ជ្រើសរើស​នាង​ឲ្យ​ចូលរួម​សម្តែង​ក្នុង​តំណែង​ជា​តួឯក​ក្នុង​ភាពយន្ត​អប់រំ​ថ្មី​គឺ​រឿង ”ស្រលាញ់​រៀល”។ តីតី ប្រាប់​ថា នាង​ពិត​មាន​មោទកភាព​ណាស់​ដែល​សម្រេច​បាន​សមិទ្ធផល​មួយ​នេះ។

តារា​ស្រី​រាង​តូច​ច្រឡឹង ប្រាប់​ថា ភាពយន្ត​នេះ​ទើប​នឹង​បញ្ចប់​ការ​ថត​កាល​ពី​ពេល​ថ្មី​ដោយ​នាង បាន​សម្តែងជាមួយ​តារា​សម្តែង​ស្រស់​សង្ហា លោក ខាយ។ អ្វី​ដែល​ធ្វើ​ឲ្យ​នាង​ពេញ​ចិត្ត​ទៀត​នោះ ក៏​ព្រោះ​តែ​សាច់​រឿង​បាន​ចូល​រួម​ចំណែក​លើក​តម្កើង​ប្រាក់​រៀល​ខ្មែរ ហើយ​ថា រឿង​នេះ ក៏​ស្ថិត​ក្រោម​ការ​គាំទ្រ​ពី​ធនាគារជាតិ​កម្ពុជា និង​សារ​មន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ ព្រះ​ស្រី​ឥសាន​វរ្ម័ន ឫ​ហៅ​កាត់ ថា ស.ស.រ ផង​ដែរ។

តារា​សម្តែង តីតី ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ចាប់​តាំង​ពី​នាង​ចូល​រួម​សម្តែង​តាំង​ពី​វ័យ​កុមារ​ក្នុង​ឈុត​ឆាក​សុំ​លុយ​ម៉ែ​ទៅ​រៀន​ក្នុង​ភាពយន្ត​ខ្លី​មួយ ហើយ​ចុង​ក្រោយ​នេះ​នាង​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ភាពយន្ត​ភាគ និង​ភាពយន្ត​ខ្នាត​ធំ​មួយ​ចំនួន​ដូច​ជា​រឿង “ធញ្ជ័យ” “កន្ទោង​ខៀវ” រឿង ”វេទមន្ត​ស្នេហ៍” រឿង ”ឥទ្ធិពល​ស្នេហ៍​ក្នុង​ភ្លើង​បណ្តាសា” និង​រឿង​ជា​ច្រើន​ទៀត។ ក្នុង​រឿង​ទាំង​នោះ ភាគ​ច្រើន​នាង​សម្តែង​ជា​តួអង្គ​កាច​ឆ្នាស​ឆ្នើម។

តារា​ស្រី​រូប​នេះ​លើក​ឡើង​ថា នាង​នៅ​មាន​គម្រោង​សម្តែង​ក្នុង​ភាពយន្ត​មួយ​ចំនួន​បន្ត​ទៀត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ដោយ​ភាពយន្ត​ខ្លះ កំពុង​ស្ថិត​ក្នុង​ការ​ចរចា​គ្នា៕

អត្ថបទ៖ ទារិកា

មតិយោបល់