• 2020-03-20 07:15:00
  • ព័ត៌មាន

ប្រពៃ​ណាស់ តារា​ចម្រៀង មាស សុខសោភា ចេញ​មុខ​លើក​ទឹក​ចិត្ត​បង​ប្អូន​ខ្មែរ​ឥស្លាមដោយ​ចំហ

  • 2020-03-20 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ផលិតកម្ម​ថោន មាស សុខសោភា នៅ​ថ្ងៃ​នេះ បាន​ចេញ​មុខ​យ៉ាង​ចំហ​ជួយ​លើក​ទឹក​ចិត្ត​បង​ប្អូន​ខ្មែរ​អ៊ីស្លាម បន្ទាប់​ពី​ថ្មី​ៗ​នេះ មាន​ការ​ជជែក​ច្រើន​ពី​បញ្ហា​បង​ប្អូន​ខាង​លើ​បាន​ថ្លោះធ្លោយ​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី Covid-19។

បង​ប្អូន​ខ្មែរ​អ៊ីស្លាម​ ៦នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​អំពី Covid-19 កាល​ពី​ដើម​សប្ដាហ៍​នេះ ក្រោយ​ពួក​គេ​បាន​ទៅ​ជួប​ជុំ​ក្នុង​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី។ បញ្ហា​នេះ មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ដោយ​បង្កប់​នូវ​ការ​រើស​អើង ដោយ​ក្នុង​នោះ​មាន​ទាំង​ការ​ប្រមាថ​ដល់​ជំងឺ​ថែម​ទៀត រហូត​ដល់​បង​ប្អូន​ខ្មែរ​ឥស្លាម​ម្នាក់​ក្នុង​ចំណោម​នោះ បាន​ចេញ​វីដេអូ​ប្រតិកម្ម​ចំពោះ​អ្វី​ដែល​កើត​មាន​ចំពោះ​ពួក​ខ្លួន​ថែម​ទៀត។

ប៉ុន្តែ​ប៉ុន្តែ​មហាជន​មួយ​ចំនួន ក៏​បាន​បង្ហាញ​ពី​ការ​អាណិត​អាសូរ និង​លើក​ឡើង​ថា ខ្មែរ​ឥស្លាម ក៏​ជា​ខ្មែរ​ដែរ។ ជុំ​វិញ​បញ្ហា​ខាង​លើ មាស សុខសោភា នៅ​ថ្ងៃ​នេះ គេ​ឃើញ​ទៅ​ដល់​សហគមន៍​បង​ប្អូន​ខ្មែរ​ឥស្លាម​មួយ ហើយ​បាន​ថត​រូប​បង្ហោះ​លើ IG នាង​ជា​ច្រើន។ សោភា លើក​ឡើង​ក្នុង​ន័យ​ថា នៅ​ក្រោម​មេឃ​តែ​មួយ​ជាមួយ​គ្នា គ្រប់​គ្នា​គួរ​តែ​ទទួល​បាន​ការ​ផ្ដល់​កម្លាំង​ចិត្ត​ក្នុង​កាលៈទេសៈ​​ដ៏​លំបាក​បែប​នេះ មិន​មែន​ជា​ការ​រើស​អើង​នោះ​ទេ។ ដូច្នេះ​ហើយ នាង​ពិត​ជា​មាន​ការ​សោក​ស្ដាយ​ចំពោះ​រឿង​ដែល​កើត​ឡើង​ចំពោះ​បង​ប្អូន​ខ្មែរ​ឥស្លាម​ទាំង​ប៉ុន្មាន​រូប​នោះ។

"នាង​ខ្ញុំ​ពិត​ជា​សោក​ស្តាយ​នៅ​ពេល​ដែល​បាន​ឃើញ​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​បង​ប្អូន​ខ្មែរ​ឥស្លាម​ដែល​កំពុង​រងគ្រោះ​ដោយ​សារ covid-19 ហើយ​នាង​ខ្ញុំ​ជឿជាក់​ថា អ្វី​ដែល​ពួកគាត់​ត្រូវ​ការ​នៅ​ពេល​នេះ គឺ​កម្លាំង​ចិត្ត​មិន​មែន​ជា​ការ​ស្តី​បន្ទោស ឬ​ការ​រើសអើង​នោះ​ទេ"។ សោភា ថ្លែង។

ដូច្នេះ​ហើយ មាស សុខសោភា បន្ត​ថា នាង​សូម​ចូល​រួម​ជា​កម្លាំង​ចិត្ត​ដល់​បងប្អូន​ដែល​រងគ្រោះ​ទាំង​អស់ ជា​ពិសេស​បង​ប្អូន ខ្មែរ​ឥស្លាម និង​ស្នើ​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​ចូល​រួម​ទប់​ស្កាត់​ជំងឺ​ដ៏​សាហាវ​មួយ​នេះ។ "សូម​បងប្អូន​សហការ​ជាមួយ​គ្រូពេទ្យ​ជំនាញ និង​អាជ្ញាធរ​ដើម្បី​បញ្ចប់​ការ​រីក​រាលដាល​នេះ។ ដោយ​ក្តី​ស្រលាញ់​ពី​នាង​ខ្ញុំ មាស សុខ​សោភា"៕

រូបភាព៖ IG សោភា

អត្ថបទ៖ ទារិកា

មតិយោបល់