- 2020-03-24 06:35:25
- ព័ត៌មាន
នាយកដ្ឋានភាពយន្ត ចេញវិធានការក្ដៅ កោះហៅម្ចាស់បទ "ចាក់សាំង" មកជួបក្រោយរងការរិះគន់ខ្លាំង
- 2020-03-24 06:35:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយកដ្ឋានភាពយន្ត ចេញវិធានការក្ដៅ កោះហៅម្ចាស់បទ "ចាក់សាំង" មកជួបក្រោយរងការរិះគន់ខ្លាំង
ចន្លោះមិនឃើញ
នាយកដ្ឋានភាពយន្តថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹងអំពីករណីបទចម្រៀងរ៉េបមួយបទមានចំណងជើងថា "ចាក់សាំង" ដោយស្នើឲ្យម្ចាស់បទចូលខ្លួនជាបន្ទាន់ដើម្បី ទទួលយកចំណាត់ការមួយចំនួន។
សេចក្ដីជូនដំណឹងបានចេញតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីបទចម្រៀងខាងលើ បានចេញផ្សាយនៅលើប្រព័ន្ធយូធូប និងនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ប្រិយមិត្តជាច្រើនបានធ្វើការរិះគន់បទចម្រៀងមួយបទនេះ លើខ្លឹមសារដែលហាក់មានភាពមិនសមរម្យ លើសពីកម្រិតដែលទទួលយកបាន។ អ្នកនាង សារីណា គឺជាម្នាក់ក្នុងចំណោមនោះ បានធ្វើការរិះគន់បទចម្រៀងរ៉េបនេះ។
ភរិយាលោក ស៊ុក សុភា បានលើកឡើងថា បទ "ចាក់សាំង" តាំងពីដើមដល់ចប់ គឺមានភាពអាសអាភាសហួសហេតុ។ "ជ្រុលពេកហើយពួកអាក្អូនៗ ផ្ដល់មុខអោយសង្គមបានត្រឹមតែបុណ្ណឹងទេឬ?”។ ក្រៅពីនេះ អ្នកនាង សារីណា បន្តថាពាក្យពេចន៍ដែលប្រើក្នុងបទចម្រៀង គឺមិនមានសុជីវធម៌ដែលក្នុងនោះ អ្នកលើកបន្ថែមថា សូម្បីតែយុវជនដែលធំធាត់នៅបរទេស ក៏មិនដល់ថ្នាក់ប្រើពាក្យពេចន៍ពិបាកស្ដាប់បែបហ្នឹងដែរ។
នាយកដ្ឋានភាពយន្ត ក៏បានចាត់ទុកថា បទចម្រៀងមានចំណងជើងថា "ចាក់សាំង" ដែលផ្សព្វផ្សាយតាមប្រព័ន្ធ YOUTUBE នោះ មានរូបភាព និងខ្លឹមសារ គ្រោតគ្រាត ប្រាសចាកប្រពៃណីទំនៀមទម្លាប់ ជាពិសេសតម្លៃ និងសេចក្តីថ្លៃថ្នូររបស់វប្បធម៌ជាតិដែរ និងថាបទចម្រៀងនេះ ក៏ផលិតឡើងដោយមានការការអនុញ្ញាតពីនាយកដ្ឋានដែលជាសមត្ថកិច្ចជំនាញទៀត។
ដូច្នេះហើយ "នាយកដ្ឋាន កំពុងស្រាវជ្រាវរកអ្នកផលិតបទចម្រៀងនេះដើម្បីមកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ តែបើសាមីជន ពុំចេញមកទទួលខុសត្រូវនោះទេ នាយកដ្ឋាននឹងមានវិធានការណ៍តាមផ្លូវច្បាប់។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ តាមរយៈសារអេឡិចត្រូនិកឆ្លើយឆ្លងនៅព្រឹកនេះ បានឲ្យដឹងថា នាយកដ្ឋានរបស់លោក ពិតជាបានចេញសេចក្ដីជូនដំណឹងកោះហៅម្ចាស់បទ "ចាក់សាំង" នោះមែន។
ការណ៍នោះ លោកថា គឺដើម្បីអប់រំណែនាំ។ "ជាទូទៅយើងនៅតែរក្សាគោលការណ៍ទន់ភ្លន់ គឺអប់រំណែនាំ ព្រោះពេលខ្លះ គាត់ក៏មានស្នាដៃជួយធ្វើស្នាដៃដែលមានការអប់រំល្អដែរ មិនមែនបែបហ្នឹងតែរហូតនោះទេ អីចឹងហើយជាគោលការណ៍ គឺយើងហៅគាត់មកជួបដើម្បីអប់រំណែនាំ និងឲ្យបញ្ឈប់ការធ្វើស្នាដៃដែលប៉ះពាល់ជាតិសាសន៍ខ្លួនឯងអីចឹងទៀត"។ លោក ប៉ុក បូរក្ស ថ្លែង។
យ៉ាងណា មកទល់នឹងព្រឹកថ្ងៃទី ២៤ មីនា ២០២០ នេះ មិនទាន់មានតំណាងភាគីខាងផលិតបទចម្រៀងណាម្នាក់បង្ហាញខ្លួននៅឡើយ។ ប៉ុន្តែបទចម្រៀងខាងលើ ត្រូវបានលុបចេញពីប្រព័ន្ធយូធូបផ្លូវការរបស់ក្រុមផលិតនោះហើយ។ បញ្ហានេះ ប្រធាននាយកដ្ឋានភាពយន្តដដែល បញ្ជាក់ថា មិនចូលខ្លួនមក ព្រមទាំងនៅតែបន្តយកស្នាដៃខាងលើទៅប្រើនៅទីកន្លែងផ្សេងទៀត ម្ចាស់ផលិតអាចនឹងត្រូវប្រឈមជាមួយផ្លូវច្បាប់ដោយចៀសមិនរួច៕