• 2020-03-27 03:43:13
  • ព័ត៌មាន

មើល​ប្រវត្តិ​ចូល​សិល្បៈ​របស់​ប្រុស​សង្ហា តេង វាសនា ប្លែក​ខុស​គេ​សឹង​ថា​ហួស​ចិត្ត​តែ​ម្ដង

  • 2020-03-27 03:43:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​នឹង​គេ​មាន​ប្រវត្តិ​ចូល​សិល្បៈ​រៀង​ៗ​ខ្លួន​ដូច​ជា តាម​រយៈ​ការ​ប្រឡង​ប្រជែង​សមត្ថភាព​ក្នុង​កម្មវិធី​សិល្បៈ​ណា​មួយ​ជា​ដើម ប៉ុន្តែ​តារា​ប្រុស តេង វាសនា មាន​ប្រវត្តិ​ចូល​សិល្បៈ​ខុស​ពី​គេ​សឹង​ថា​អស់​សំណើច​តែ​ម្ដង។

លោក វាសនា ថ្លែង​ថា “ខ្ញុំ​ចូល​សិល្បៈ ដោយ​សារ​ជិះ​ឡាន​ក្រុង!"។ លោក តេង វាសនា មាន​អាយុ ៣០​ឆ្នាំ​ជា​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​កំពត។ វិល​ទៅ​ដំណើរ​ដើម​ទង​នៃ​ការ​ចូល​សិល្បៈ​ លោក​បាន​ឲ្យ​ដឹង​ថា លោក​បាន​ចូល​សិល្បៈ​ដំបូង​នៅ​ចុង​ឆ្នាំ ២០១៣ ដែល​កាល​នោះ គឺ​ជា​រឿង​ចៃដន្យ​បំផុត។ វាសនា ប្រាប់​ថា ដំបូង​ឡើយ​លោក​បាន​មក​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ ហើយ​នៅ​រាល់​ថ្ងៃ​ឈប់​សម្រាក​លោក​តែង​ជិះ​ឡាន​ក្រុង​ទៅ​ស្រុក​កំណើត។

លុះ​ថ្ងៃ​មួយ នៅ​ក្នុង​ដំណើរ​ជិះ​ឡាន​ក្រុង​ជាមួយ​មិត្តភ័ក្ដិ​ត្រឡប់​មក​រាជធានី​វិញ លោក​បាន​ជួប​លោក​គ្រូ​ផ្នែក​បង្ហាត់​សិល្បៈ​ម្នាក់​ដែល​មិន​ដែល​ស្គាល់​គ្នា​សោះ​ពី​មុន​មក។ ទំនង​ជា​ឃើញ​លោក វាសនា មាន​រូបរាង​ស្រស់​សង្ហា គ្រូ​បង្ហាត់​ជំនាញ​សិល្បៈ​រូប​នេះ បាន​សួរ​លោក​ថា​ចង់​ចូល​សិល្បៈ​ឬ​អត់។ "ដល់​គាត់​សួរ​អីចឹង...ខ្ញុំ​ក៏​គិត​ថា យើង​មក​ពី​ខេត្ត​មក​រៀន​នៅ​ភ្នំពេញ​អីចឹង បើ​មាន​ការងារ​អី​ធ្វើ​បន្ថែម​អាច​បាន​លុយ​រៀន​ក៏​ល្អ​ដែរ អីចឹង​ខ្ញុំ​ក៏​ឆ្លើយ​ជាមួយ​គាត់​ថា​ព្រម"។

ក្រោយ​ពី​សម្រេច​ចិត្ត ថ្ងៃ​ក្រោយ​លោក​បាន​ទៅ​ជួប​ជាមួយ​គ្រូ​សិល្បៈ​រូប​នោះ ហើយ​ដំបូង​ឡើយ លោក​បាន​ចូល​រៀន​ដើរ​បង្ហាញ​ម៉ូដ​តាម​ការ​បង្ហាត់​បង្ហាញ​របស់​លោក​គ្រូ​សិល្បៈ​ដដែល។ ហាត់​ដើរ​ម៉ូដ​បាន​ប្រមាណ ៣-៤ ខែ លោក​ក៏​បាន​ទៅ​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​មួយ ប៉ុន្តែ​មិន​ទទួល​បាន​ជយលាភី​អ្វី​ទេ។ ក្រោយ​មក លោក​ក៏​បាន​ទៅ​ចូល​រួម​ប្រឡង​ដើរ​ម៉ូដ​ម្ដង​ទៀត ដែល​រៀប​ចំ​ដោយ​គ្រឹះស្ថាន​អប់រំ​មួយ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣។

ក្រោយ​ពី​បាន​ចូល​រួម​ប្រកួត​ប្រជែង​២​ឡើង​នោះ​មក លោក​ក៏​បាន​ស្គាល់​មនុស្ស​ក្នុង​សិល្បៈ​ខ្លះ ហើយ​ពី​ចាប់​ផ្ដើម​មាន​ការងារ​រត់​មក​រក។ វាសនា​ប្រាប់​ថា ថ្ងៃ​មួយ​មាន​ក្រុមហ៊ុន​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម​បាន​ធ្វើ​ការ​ទំនាក់​ទំនង​មក ក៏​បាន​ចូលរួម​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ដំបូង​បំផុត​របស់ Infinity Insurance ហើយ​ក្រោយ​មក​ទៀត​ក៏​មាន​ស្ប៉ត​របស់​ក្រុមហ៊ុន មិត្តហ្វូន និង​ស្ប៉ត​មួយ​ចំនួន​ទៀត​ជា​បន្ត​បន្ទាប់។

បន្ត​មក​ទៀត លោក​ក៏​បាន​មាន​ឱកាស​ហក់​មក​ធ្វើ​ជា​តារា​សម្ដែង​ថែម​ទៀត ដែល​រឿង​ទី​មួយ​ដែល​លោក​បាន​សម្ដែង គឺ​រឿង "ទំហំ​ក្ដី​ស្រឡាញ់" ព្រម​ទាំង​ទទួល​បាន​ឱកាស​ដូច​គ្នា​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ជា​ច្រើន​ទៀត ដែល​សរុប​ទៅ​មាន​ជាង ១០​រឿង​មក​ហើយ។ បច្ចុប្បន្ន​លោក តេង វាសនា ក៏​កំពុង​ជាប់​សម្ដែង​ជា​តួរង​ក្នុង​ខ្សែ​ភាពយន្ត​ដ៏​ធំ​របស់​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ដែរ គឺ​រឿង "ម្ចាស់​ក្រោល​ដំរី"។

លោក តេង វាសនា សម្ដែង​ក្នុង​រឿង "ម្ចាស់​ក្រោល​ដំរី"(រូបភាព៖ហ្វេសប៊ុក តេង វាសនា)

រឿង​នេះ បាន និង​កំពុង​ដំណើរ​ការ​ផលិត និង​កំពុង​សម្រុក​ថត​យ៉ាង​សកម្ម​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​មួយ​ចំនួន​នា​ភាគ​ឥសាន្ត​នៃ​ប្រទេស គឺ​ខេត្ត​មណ្ឌល​គីរី និង​រតនៈគីរី​ជា​ដើម ហើយ​ត្រៀម​នឹង​ដាក់​បញ្ចាំង​នៅ​ពេល​ខាង​មុខ​នេះ​ហើយ៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់